iPhone អេក្រង់បត់ចំនួន 2 ម៉ូឌែល ត្រូវបានគេរាយការណ៍មកថា ឆ្លងផុតដំណាក់កាលធ្វើតេស្តសាកល្បងដំបូងហើយ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ខណៈដែល Samsung កំពុងតែនាំមុខគេនៅលើផ្នែកទីផ្សារទូរសព្ទអេក្រង់បត់នោះ ក្រុមហ៊ុន Apple ក៏ត្រូវបានគេរំពឹងថានឹងឈានជើងចូលក្នុងទីផ្សារទូរសព្ទអេក្រង់បត់ផងដែរ។ ជាក់ស្តែង កាលពីអំឡុងត្រីមាសទី 3 ឆ្នាំ 2020 កន្លងទៅ Apple ត្រូវបានគេរាយការណ៍ថា បានកុម្ម៉ង់ទិញអេក្រង់បត់ជាច្រើនពី Samsung ដើម្បីយកទៅប្រើនៅលើទូរសព្ទអេក្រង់បត់គំរូរបស់ពួកគេ សម្រាប់ធ្វើតេស្តសាកល្បង។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ MacRumors យើងទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត រាយការណ៍ដោយភ្នាក់ងារសារព័ត៌មាន Economic Daily News បាននិយាយថា iPhone អេក្រង់បត់ចំនួន 2 ម៉ូឌែល បានឆ្លងផុតដំណាក់កាលធ្វើតេស្តសាកល្បងដំបូងហើយ។ សម្រាប់ការតេស្តសាកល្បងទៅលើគន្លាក់បត់របស់ iPhone ទាំង 2 ម៉ូឌែលនោះ គឺត្រូវបានធ្វើឡើងនៅក្នុងរោងចក្រ Foxconn ស្ថិតនៅក្នុងទីក្រុង Shenzhen របស់ប្រទេសចិន។ ដោយក្នុងចំណោម iPhone អេក្រង់បត់ទាំង 2 ម៉ូឌែលនោះ មានមួយមានគន្លាក់បត់ស្រដៀងគ្នាទៅនឹង Surface Duo របស់ Microsoft អញ្ចឹងដែរ ដោយវាប្រើប្រាស់អេក្រង់ 2 ដាច់ពីគ្នា។ ខណៈមួយម៉ូឌែលផ្សេងទៀត មានគន្លាក់បត់ស្រដៀងគ្នាទៅនឹង Galaxy Z Flip របស់ Samsung អញ្ចឹងដែរ។ 

ផ្អែកទៅតាមព័ត៌មានដែលទទួលបាន បានធ្វើឲ្យយើងដឹងថា Apple បានបត់អេក្រង់របស់ iPhone ដែលមានគន្លាក់បត់ស្រដៀងគ្នាទៅនឹង Galaxy Z Flip ចេញចូលរហូតដល់ 10 ម៉ឺនដង ឯណោះ ហើយវាមិនបានជួបប្រទះនឹងបញ្ហាអ្វីនោះទេ នៅក្នុងអំឡុងពេលធ្វើតេស្តសាកល្បង។ ជាចុងក្រោយ តាមរយៈរបាយការណ៍ដដែលនេះ ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា Apple អាចនឹងប្រកាសចេញទូរសព្ទអេក្រង់បត់របស់ខ្លួនជាផ្លូវការ នៅក្នុងចន្លោះឆ្នាំ 2022 និង 2023 ខាងមុខ។

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង