vivo X60 Series ចេញជាផ្លូវការហើយ មានបច្ចេកវិទ្យាទប់លំនឹងបែប Gimbal ជំនាន់ទី 2, ប្រើឈីប Exynos 1080 និងមានកម្រិត Refresh Rate 120Hz​
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

បន្ទាប់ពីមានការបង្ហើបជាច្រើនលើកច្រើនសារកន្លងមក ពេលនេះ vivo បានប្រកាសចេញ vivo X60 Series ជាផ្លូវការហើយ ដោយជាម៉ូឌែលដែលស្នងតំណែងពី vivo X50 Series បង្ហាញខ្លួនកាលពីខ្ទង់ 6 ខែមុនហ្នឹងឯង។ នៅក្នុងខ្សែស្រឡាយនៃ vivo X60 Series គឺមានចំនួន 3 ម៉ូឌែលដោយម៉ូឌែលដំបូងគឺ vivo X60, X60 Pro និងចុងក្រោយគឺ vivo X60 Pro+ ដូចឆ្នាំមុនដែរ ប៉ុន្តែលើកនេះ X60 Pro+ មិនទាន់បង្ហាញខ្លួនទេ ពោលគឺទាល់តែអំឡុងខែមករាទើប vivo ប្រកាសចេញតាមក្រោយ។ សម្រាប់ vivo X60 និង X60 Pro យើងឃើញថា ហាក់ដូចជាមិនសូវមានការកែប្រែច្រើនប៉ុន្មានទេ ចំពោះការរចនារូបរាងរបស់វា បើប្រៀបនឹងជំនាន់មុន ជាពិសេសគឺខាងក្រោយតែម្ដង ដោយវាស្រដៀងលើកមុនច្រើន។

ដូចបានបញ្ជាក់ខាងលើអញ្ចឹង vivo X60 និង X60 Pro មិនសូវមានការរចនារូបរាងខុសពីមុនប៉ុន្មានទេ ជាក់ស្ដែងចំណុចផ្លាស់ប្តូរដែលគួរឲ្យកត់សម្គាល់នោះ គឺនៅផ្នែកខាងមុខនោះឯង និយាយឲ្យចំទៅលើកនេះ vivo បានប្រើប្រាស់លេនទំលុះអេក្រង់មួយគ្រាប់ នៅចំកណ្ដាលតួខ្លួនផ្នែកខាងលើតែម្ដង មិនមែននៅចំហៀងខាងឆ្វេងដូចមុនឡើយ។

• អេក្រង់

បើនិយាយដល់ផ្នែកអេក្រង់ vivo X60 និង X60 Pro មានបំពាក់ទំហំប៉ុនគ្នាតែម្ដង ពោលគឺមានទំហំ 6.56 អ៊ីញ ជាប្រភេទ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ (1080 x 2376 ភិចសែល) មានកម្រិតសមាមាត្រ 19.8:9 និងមានកម្រិត Refresh Rate 120Hz ដូចគ្នា ប៉ុន្តែចំណុចសំខាន់ដែលខុសគ្នានោះ គឺអេក្រង់នៅលើម៉ូឌែលធម្មតា មិនមានគែមកោងទេ ប៉ុន្តែមានកញ្ចក់កោងបែប 2.5D ខណៈម៉ូឌែល Pro គឺមានគែមអេក្រង់កោងសងខាង។ ក្រៅពីនេះ បន្ទះបង្ហាញរបស់ vivo X60 Series មានកម្រិតប៉ះបញ្ជា (Touch Sampling Rate) 240Hz, មានកម្រិតពន្លឺដល់ 1,300 nits និងអាចគាំទ្របច្ចេកវិទ្យា HDR10+ ជាមួយកម្រិតទឹកពណ៌ P3 ថែមទៀតផង។

កាមេរ៉ា

ចំពោះផ្នែកកាមេរ៉ា គឺជាចំណុចដែល vivo X60 Series ខុសគ្នាគួរសម ជាក់ស្ដែងគឺនៅលើ vivo X60 បានភ្ជាប់មកជាមួយលេនគោលទំហំ 48MP f/1.6 ជាសេនស័រ Sony IMX58 មានប្រព័ន្ធទប់លំនឹងបែប Gimbal ជំនាន់ទី 2 ដែល vivo បញ្ជាក់ថា វាធ្វើការបានប្រសើរជាង OIS ធម្មតាដល់ទៅ 3ដង, មានលេនទូលាយ (Ultra Wide) 120 ដឺក្រេទំហំ 13MP ក៏ដូចជាលេន Portrait ទំហំ 13MP។ ខណៈពេលដែលម៉ូឌែល vivo X60 Pro វិញ វាបានបំពាក់មកជាមួយកាមេរ៉ាក្រោយសរុប ចំនួន 4 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 48MP f/1.48 (Sony IMX58) មានប្រព័ន្ធទប់លំនឹងបែប Gimbal ជំនាន់ទី 2, លេនទូលាយ (Ultra Wide) ទំហំ 13MP ព្រមទាំងលេន Portrait ទំហំ 13MP ដូចម៉ូឌែលធម្មតាដែរ ប៉ុន្តែវាលើសដោយសារមានមួយគ្រាប់ទៀត ជាលេន Periscope ទំហំ 8MP ដែលមានសមត្ថភាព អាចពង្រីក Optical Zoom បាន 5 ដង និងបែប Digital Zoom បានដល់ 60 ដង។ 

នៅលើកញ្ចប់កាមេរ៉ាដែលបានសហការជាមួយ ZIESS នេះដែរ vivo បានអះអាងថា គេបានធ្វើការបង្កើនសមត្ថភាព ឲ្យកាន់តែប្រសើរជាងមុន ជាពិសេសទៅលើកាថតពេលយប់តែម្ដង ហើយអ្វីដែលពិសេសលើកនេះ គឺគេក៏បានបំពាក់មុខងារ Portrait Night Mode ក៏ដូចជាមានមុខងារថ្មីៗមួយចំនួនទៀតផងដែរ។ vivo X60 និង X60 Pro បានបំពាក់មកជាមួយកាមេរ៉ាមុខមួយគ្រាប់ដូចគ្នា ដែលមានទំហំ 32MP។ 

• កម្លាំងម៉ាស៊ីន និងថាមពលថ្ម

សម្រាប់ផ្នែកកម្លាំងម៉ាស៊ីន លើកនេះ vivo នៅតែធ្វើស្រដៀងឆ្នាំមុន ពោលគឺលើកនេះ គេបានបំពាក់ឈីបជំនាន់ថ្មីរបស់ Samsung នៅលើ vivo X60 និង X60 Pro នោះគឺ Exynos 1080 ហ្នឹងឯង។ ចំណែកឯជម្រើសរ៉េម និងអង្គផ្ទុកគេបានបង្ហាញថា នៅលើម៉ូឌែល X60 ធម្មតា មានជម្រើសរ៉េម 8GB និង 12GB ព្រមទាំងមានជម្រើសអង្គផ្ទុក 2 ប្រភេទដូចជា 128GB និង 256GB ខណៈពេលដែលម៉ូឌែល X60 Pro វិញ វាមានជម្រើសតែមួយប៉ុណ្ណោះ មិនថារ៉េម ឬអង្គផ្ទុកឡើយ ពោលគឺរ៉េម 12GB ជាមួយអង្គផ្ទុក 256GB តែម្ដង។ 

vivo X60 Pro បំពាក់ជាមួយថ្មទំហំ 4,200 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W ខណៈម៉ូឌែល vivo X60 វិញ វាមានថាមពលថ្មធំជាងបន្តិច ពោលគឺ 4,300mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W ដូចគ្នា។

• ចំណុចពិសេសផ្សេងៗ

សម្រាប់ចំណុចផ្សេងៗ ក្រៅពីការរៀបរាប់ខាងលើគឺថា vivo X60 Series ក៏បានភ្ជាប់មកជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃក្រោមអេក្រង់, គាំទ្រ 5G, WiFi 6, Bluetooth 5.1, NFC ក៏ដូចជាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ស្រោបពីលើដោយស្បែក OriginOS ដំបូងគេ ក្នុងចំណោមទូរសព្ទឆ្លាតរបស់ vivo ទាំងអស់។ vivo X60 មានជម្រើស 3 ពណ៌ដូចជា ខ្មៅ ស និងខៀវ ចំណែកម៉ូឌែល Pro មានចំនួន 2 ពណ៌គឺ ខ្មៅ និងខៀវ។

• តម្លៃ និងថ្ងៃចេញលក់

ចូលមកដល់ផ្នែកតម្លៃវិញ នៅក្នុងទីផ្សារចិន Vivo X60 Series ត្រូវបានចែកចេញទៅតាមទំហំរ៉េម និងអង្គផ្ទុកទិន្នន័យនីមួយៗ ដូចខាងក្រោម៖

vivo X60

       • សម្រាប់រ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB ត្រូវបានដាក់លក់នៅក្នុងតម្លៃខ្ទង់ ២ លាន ១៤ ម៉ឺនរៀល (535 ដុល្លារ)។

       • សម្រាប់រ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB ត្រូវបានដាក់លក់នៅក្នុងតម្លៃខ្ទង់ ២ លាន ៣២ ម៉ឺនរៀល (581 ដុល្លារ)។

       • សម្រាប់រ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB ត្រូវបានដាក់លក់នៅក្នុងតម្លៃខ្ទង់ ២ លាន ៤៤ ម៉ឺនរៀល (612 ដុល្លារ)។

ចំណែក vivo X60 Pro មានជម្រើសតែមួយគឺរ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង និងត្រូវបានដាក់លក់នៅក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ៧៥ ម៉ឺនរៀល ឬ 688 ដុល្លារ។ vivo X60 Series នឹងមានចរាចរណ៍លើទីផ្សារចិន ចាប់ពីថ្ងៃទី 8 ខែមករាទៅ ហើយសម្រាប់ទីផ្សារសកលនោះ ក្រុមហ៊ុនខាងលើ មិនទាន់បានបញ្ជាក់ទេ។

ដោយ​ ៖ vivo
អត្ថបទទាក់ទង