ឈីបថ្មីទំហំ 6nm របស់ MediaTek ទទួលបានពិន្ទុពី Geekbench ប្រហាក់ប្រហែលឈីប Snapdragon 865 ដែរ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ថ្ងៃមុន SHARE

 

មកទល់ពេលនេះ យើងបានឃើញឈីបទំហំ 5nm បានចរាចរណ៍លើទីផ្សាររួចហើយ ដោយក្នុងនោះគឺថា ឈីប 5nm របស់ Apple បានបង្ហាញខ្លួនមុនគេ ហើយយើងក៏បានឃើញ Samsung និង Huawei បញ្ចេញឈីប 5nm របស់គេតាមក្រោយមកដែរ ដោយក្នុងនោះ Samsung បានបញ្ចេញឈីបបង្គួរឈ្មោះថា Exynos 1080 ខណៈពេល Huawei គឺជាឈីបកំពូល Kirin 9000 នេះឯង។ ដោយឡែក សម្រាប់ MediaTek វិញ ហាក់មិនទាន់ចូលប្រកួតប្រជែងលើទីផ្សារឈីប 5nm នៅឡើយទេ ព្រោះបើតាមដំណឹងលេចធ្លាយក្នុងពេលនេះ គឺគេកំពុងតែធ្វើការទៅលើឈីបថ្មីមួយ មានទំហំ 6nm វិញ។

មិនខុសទេ បើតាមការបង្ហាញចេញពីសំណាក់ដំណឹងលេចធ្លាយ មកពីប្រភពជាច្រើនបានដឹងថា MediaTek កំពុងតែធ្វើការសិក្សាទៅលើឈីបថ្មី 2 ដែលមានឈ្មោះកូដម៉ូឌែល MT6893 និង MT6891 ប៉ុន្តែនៅក្នុងពេលនេះ ប្រភព Digital Chat Station បានដឹងពីលក្ខណៈសម្បត្តិរបស់ឈីប MT6893 តែមួយប៉ុណ្ណោះ។ ពិតណាស់ MediaTek MT6893 គឺអាចជា Version ដែលអាចមានសមត្ថភាពប្រសើរជាង MT6891 ហើយប្រភពខាងលើនោះ បានបញ្ជាក់ថា វាជាឈីបទំហំ 6nm ដែលត្រូវបានផលិតឡើងដោយ TSMC ដោយវាអាចនឹងប្រើប្រាស់ CPU ចំនួន 8 Cores ដែលមាន Core គោលជាប្រភេទ Cortex-A78 រត់ដល់ល្បឿន 3.0GHz, 3 Cores ទៀតជាប្រភេទ Cortex-A78 ដូចគ្នា ប៉ុន្តែអាចរត់ត្រឹមល្បឿន 2.6GHz និង 4 Cores ទៀតគឺជាប្រភេទ Cortex-A55 ដែលដំណើរការក្នុងល្បឿន 2.0GHz។ បន្ថែមពីនេះ បុគ្គលខាងលើក៏បានបញ្ជាក់ដែរថា ឈីប MT6893 ទំនងជាប្រើប្រាស់ GPU ប្រភេទ Mali-G77 ផងដែរ។ 

ចំណុចពិសេសនៃដំណឹងលេចធ្លាយលើកនេះ មិនមែននិយាយតែពីលក្ខណៈសម្បត្តិ ដូចបានរៀបរាប់ខាងលើប៉ុណ្ណោះទេ ប៉ុន្តែគេក៏បានឃើញពិន្ទុរបស់វាទទួលបានក្នុង Geekbench ដែរ និយាយឲ្យចំទៅ វាទទួលបានពិន្ទុប្រហាក់ប្រហែលនឹងឈីប Snapdragon 865 របស់ Qualcomm ដែលប្រើលើ OnePlus 8 ដែរ ពោលគឺសម្រាប់ផ្នែក Single-Core ឈីប MT6893 ទទួលបាន 886 ពិន្ទុស្មើគ្នានឹង Snapdragon 865 ប៉ុន្តែផ្នែក Multi-Core វាទទួលបាន 2,948 ទាបជាង Snapdragon 865 ដែលទទួលបាន 3,104 ពិន្ទុ។ យ៉ាងណាក៏ដោយ ពិន្ទុបែបនេះអាចនិយាយបានថា វាមានសមត្ថភាពប្រហាក់នឹងឈីប Snapdragon 865 នៅលើ OnePlus 8 បាន ប៉ុន្តែបើធៀបនឹងឈីប Dimensity 1000+ ដែលជាឈីបខ្ពស់បំផុតរបស់ MediaTek វិញ ឃើញថា ឈីបថ្មីទំហំ 6nm ខាងលើ បានយកឈ្នះវាគ្រប់លក្ខខណ្ឌតែម្ដង។

ដោយ​ ៖ GIzmochina
អត្ថបទទាក់ទង