ដៃបញ្ជាហ្គេម Xbox Series X/S នឹងអាចប្រើជាមួយ iOS/iPadOS នៅលើកំណែអាប់ដេតក្រោយៗ​
ដោយ​ ៖ ឡេង | 3 ថ្ងៃមុន SHARE

 

សម្រាប់អ្នកគាំទ្រម៉ាស៊ីនហ្គេម Xbox ក៏ដូចជាអ្នកប្រើប្រាស់ឧបករណ៍ iOS/iPadOS នឹងអាចតភ្ជាប់ដៃបញ្ជាហ្គេមរបស់ Xbox Series X/S នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ តាមរយៈកំណែអាប់ដេតជំនាន់ថ្មី។ នាពេលបច្ចុប្បន្ននេះ Microsoft និង Apple កំពុងតែសហការគ្នា ដើម្បីនាំយកការគាំទ្រគ្នានេះ ទៅដាក់ឲ្យប្រើប្រាស់ក្នុងពេលខាងមុខ ដោយឡែក ដៃបញ្ជាហ្គេម Xbox One ឬ Xbox Elite Series 2 នៅអាចបន្ដតភ្ជាប់បានជាធម្មតា គ្រាន់តែមានការរង់ចាំបន្ដិច សម្រាប់ដៃបញ្ជាហ្គេម Xbox Series X/S ផងដែរ។

ប្រព័ន្ធប្រតិបត្តិការ iOS 14 ពិតជាផ្ដល់ជូននូវ ការគាំទ្រលើដៃបញ្ជាហ្គេមជាខ្លាំង ដោយអ្នកប្រើប្រាស់ទាំងអស់ កាន់តែងាយស្រួលលើការលេងហ្គេម ជាមួយនឹងដៃបញ្ជារបស់ពួកគេ ហាក់បីដូចជា នៅលើម៉ាស៊ីនហ្គេមដែរ បើទោះបីជាមិនសូវមានហ្គេមច្រើន ដែលអាចគាំទ្របានយ៉ាងណាក្ដី។ ហេតុដោយសារតែ មានលេចឮដំណឹងពីពេលថ្មីៗនេះថា ដៃបញ្ជាហ្គេម DualSense របស់ PlayStation 5 នឹងទទួលបានការគាំទ្រ នៅលើជំនាន់ iOS 14.3 ក្នុងពេលខាងមុខនេះ ដូច្នេះការគាំទ្រសម្រាប់ដៃហ្គេម Xbox Series X/S ក៏អាចមកដល់ដណ្ដើរៗគ្នា។ ចំពោះហ្គេមរបស់ iOS/iPadOS ដែលអាចគាំទ្រជាមួយដៃហ្គេមបាន គឺរួមមានបញ្ចូលទាំង Oceanhorn 2, Minecraft, Asphalt 9, Xenowerk, Sky: Children of the Light និងហ្គេម GTA San Andreas ជាដើម ហើយអាចតភ្ជាប់ជាមួយដៃហ្គេម Xbox One, Xbox Elite Series 2 និងដៃហ្គេម PlayStation DualShock 4 ថែមទៀត។

ម៉ាស៊ីនហ្គេម Xbox Series X ត្រូវបានដាក់លក់ជាផ្លូវការ ក្នុងថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2020 នៅលើទីផ្សារលក់ធំៗ ប៉ុន្ដែមិនទាន់ឃើញមាន ហាងនានាក្នុងស្រុក យកមកដាក់បន្ដនៅឡើយទេ ដោយអាចត្រូវរង់ចាំកន្លះឆ្នាំទៀតក៏ថាបាន។ ប្រសិនបើម៉ាស៊ីនហ្គេម Xbox Series X/S ចូលមកដល់ស្រុកយើង តើប្រិយមិត្តដែលជាអ្នកគាំទ្រ Xbox មានគម្រោងនឹងជាវ Series X ឬ Series S យកមកលេង?

ដោយ​ ៖ The Verge
អត្ថបទទាក់ទង