Huawei Mate X2 ត្រូវបានប្រទះឃើញក្នុងវិញ្ញាបនបត្រ TENAA ដោយអាចនឹងបង្ហាញខ្លួនឆាប់ៗខាងមុខ​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

កន្លងមកនេះ ធ្លាប់មានដំណឹងលេចធ្លាយមួយចំនួន បានបង្ហាញទាក់ទងនឹងទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មីរបស់ Huawei ដែរ ដោយក្នុងនោះ គេបានបញ្ជាក់ថា ទូរសព្ទឆ្លាតជំនាន់ថ្មីរបស់ Huawei នេះ អាចនឹងមានប្រើប្រាស់អេក្រង់ទំហំ 8.03 អ៊ីញដូចជំនាន់មុនដែរ។ ដោយឡែក នៅក្នុងពេលនេះ យើងទទួលបានព័ត៌មានមួយទៀត និយាយពីទូរសព្ទឆ្លាតខាងលើ ប៉ុន្តែលើកនេះ មិនមែនបង្ហាញពីលក្ខណៈសម្បត្តិណាមួយនោះទេ ផ្ទុយទៅវិញ គឺគេបានឃើញវា បង្ហាញខ្លួននៅក្នុងវិញ្ញាបនបត្រ TENAA នេះឯង។

ជាការពិតណាស់ ថ្មីៗនេះ នៅលើវេបសាយរបស់ភា្នក់ងារ TENAA បានបង្ហាញពីទូរសព្ទឆ្លាតម៉ូឌែលថ្មី ដែលត្រូវបានគេរំពឹងខ្ពស់ថាជា Huawei Mate X2 ហ្នឹងតែម្ដង ហើយលើសពីនេះ ឈ្មោះកូដម៉ូឌែលរបស់វាគឺ TET-AN00/TET-AN10 ដែលជាកូដម៉ូឌែលមួយ ត្រូវបានគេប្រទះឃើញ ក្នុងវិញ្ញាបនបត្រ 3C កាលពីពេលថ្មីៗនេះដែរ។ យ៉ាងណាក៏ដោយ នៅក្នុងការបង្ហាញពីភ្នាក់ងារខាងលើនោះ គឺមិនបាននិយាយទាក់ទងនឹងលក្ខណៈសម្បត្តិសំខាន់ៗណាមួយ របស់ទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មីនោះឡើយ ប៉ុន្តែវាអាចបង្ហើបថា ទូរសព្ទឆ្លាតមួយនោះ កាន់តែខិតជិតក្នុងការបង្ហាញខ្លួនមែនទែនហើយ។ គួរបញ្ជាក់ដែរថា បើតាមដំណឹងលេចធ្លាយកន្លងមក Huawei Mate X2 អាចនឹងត្រូវបាន Huawei ផ្លាស់ប្តូរទម្រង់នៃការបត់វិញ ពោលគឺគេអាចប្តូរទៅប្រើការបត់ចូលក្នុង ដូច Galaxy Fold ឬ Galaxy Z Fold 2 ដែរ ហើយបន្ថែមពីនេះ អេក្រង់ខាងក្នុងរបស់វា អាចមានទំហំ 8.03 អ៊ីញ ខណៈពេលអេក្រង់ខាងក្រៅ គឺអាចមានទំហំ 4.5 អ៊ីញផងដែរ។

Huawei Mate X2 ក៏អាចនឹងមានប្រើប្រាស់ឈីបកំពូលចុងក្រោយរបស់ Huawei ពោលគឺ Kirin 9000 ដែរ កាន់តែពិសេសនោះ គេក៏រំពឹងថា វាអាចនឹងមានប្រើប្រាស់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 66W ថែមទៀតផង។ និយាយរួមមកវិញ នៅក្នុងពេលនេះ គេបានប្រទះឃើញវត្តមានទូរសព្ទឆ្លាត Huawei Mate X2 នៅក្នុងវេបសាយរបស់ភ្នាក់ងារ TENAA ដូច្នេះធ្វើឲ្យគេរំពឹងថា ទំនងជាមិនយូរទៀតនោះទេ Huawei នឹងធ្វើការប្រកាសចេញ ទូរសព្ទឆ្លាតអេក្រង់បត់នោះជាផ្លូវការមិនខាន។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង