Apple បង្ហើបថា កុំព្យូទ័រ Mac បំពាក់ឈីប M1 អាចប្រើ Windows បាន ប៉ុន្ដែត្រូវការអនុញ្ញាតពី Microsoft សិន​
ដោយ​ ៖ ឡេង | 3 ថ្ងៃមុន SHARE

 

បន្ទាប់ពីបានធ្វើការប្រកាសចេញ កុំព្យូទ័រយួរដៃ MacBook Air និង MacBook Pro 13 អ៊ីញ រួមជាមួយនឹងកុំព្យូទ័រខ្នាតតូច Mac mini ដែលប្រើប្រាស់ឈីប M1 លើកដំបូងជាផ្លូវការមក គឺពួកវាទទួលបានការគាំទ្រច្រើនមែនទែន ដោយប្រទះឃើញមានតម្លៃគួរសម និងមានកម្លាំងខ្លាំងលើសជំនាន់មុន។ រហូតមកដល់ពេលថ្មីៗនេះ លោក Craig Federighi ត្រូវជាអនុប្រធានប្រចាំ Apple ផ្នែកវិស្វកម្មជាន់ខ្ពស់លើ Software បានលើកឡើងមកថា ការដំឡើងប្រព័ន្ធប្រតិបត្តិការ Windows លើពពួកកុំព្យូទ័រ Mac ដើរលើឈីបថ្មីនោះ នឹងមិនចោទជាបញ្ហាឡើយ ប៉ុន្ដែសំខាន់លើ Microsoft យល់ព្រមឬក៏អត់ទេ។

នេះជាចម្លើយរបស់លោក Craig Federighi នៅក្នុងពេលធ្វើបទសម្ភាសន៍ ជាមួយនឹងក្រុមសារព័ត៌មាន Ars Technica ហើយដូចជាបង្ហើបឲ្យដឹងមកថា គាត់ក៏ចង់ឲ្យកុំព្យូទ័រ Mac (M1) ដំណើរការលើ Windows បានផងដែរ។ បើយោងតាមការសម្ភាសន៍នោះ គាត់បាននិយាយថា បច្ចេកវិទ្យាមានរួចជាស្រេចទៅហើយ ដោយពពួកកុំព្យូទ័រ Mac ថ្មីៗទាំងអស់នោះ ក៏មានសមត្ថភាពដំណើរការបានដែរ ប៉ុន្ដែលុះត្រា Microsoft សម្រេចចិត្តផ្ដល់អាជ្ញាប័ណ្ណ Windows ទៅឲ្យអ្នកប្រើប្រាស់សិន ទើបអាចដំឡើងបានជាផ្លូវការតែម្ដង។ លើសពីនេះទៅទៀត គាត់ក៏បានចង្អុលបង្ហាញថា ដំណោះស្រាយមួយផ្សេងទៀត គឺការប្រើប្រាស់ប្រព័ន្ធពពក (Cloud) ដែលបើកដំណើរការ Windows តាមរយៈអ៊ីនធើណេត ដូចជាក្នុងពេលបច្ចុប្បន្ននេះ កម្មវិធី Rosetta 2 អាចដំណើរការកម្មវិធី Windows ប្រភេទ x86 នៅលើកុំព្យូទ័រ Mac បំពាក់ឈីប M1 ដែរ។

កាលពីសប្ដាហ៍មុន ពិន្ទុរបស់ឈីប Apple M1 នៅលើ MacBook Air 2020 តាមរយៈធ្វើតេស្ដម៉ាស៊ីនលើ Geekbench បានដាក់បង្ហាញឲ្យឃើញថា វាអាចទទួលបានខ្ពស់ជាង MacBook Pro 16 អ៊ីញ ស្ទើរតែមិនគួរឲ្យជឿឡើយ ដូច្នេះវានឹងមានសមត្ថភាពអាចរត់ Windows បានរលូនជាក់ជាមិនខាន។ ក្រុមហ៊ុន Microsoft មិនទាន់ឆ្លើយតបទៅវិញនៅឡើយទេ អំពីប្រធានបទមួយនេះ អ៊ឺចឹងកុំភ្លេចរង់ចាំតាមដានបន្ដទាំងអស់គ្នា។

ដោយ​ ៖ Ars Technica
អត្ថបទទាក់ទង