ក្នុងត្រីមាសទី 1 ឆ្នាំក្រោយ អាចមានទូរសព្ទឆ្លាតកំពូល 5 ម៉ូឌែល បង្ហាញខ្លួនជាមួយឈីប Snapdragon 875 និងមានកម្លាំងសាកដល់ 100W+​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

មកទល់ពេលនេះ យើងឃើញថាកាន់តែកៀកនឹងការមកដល់នៃឆ្នាំ 2021 ហើយ អ្វីដែលពិសេស នៅដើមឆ្នាំថ្មីនោះ គឺថានឹងមានទូរសព្ទឆ្លាតកំពូលៗ ជាច្រើនម៉ូឌែលបង្ហាញខ្លួនជាផ្លូវការ នេះបើតាមការកំណត់ចំណាំមើល ជារៀងរាល់ឆ្នាំកន្លងទៅ។ សម្រាប់ដើមឆ្នាំក្រោយនេះ ក៏ទំនងជាដូចរាល់ដងដែរ ព្រោះមានក្រុមហ៊ុនជាច្រើន កំពុងតែត្រៀមខ្លួន ក្នុងបង្ហាញពីផលិតផលរបស់ខ្លួន ជាក់ស្ដែងយើងក៏ធ្លាប់ទទួលបានដំណឹងលេចធ្លាយជាច្រើន ទាក់ទងនឹងផលិតផលរបស់ពួកគេដែរ ហើយថ្មីៗនេះ ក៏មានអ្នកចែករំលែកដំណឹងលេចធ្លាយ បានបង្ហាញទាក់ទងនឹងវត្តមានទូរសព្ទឆ្លាតកំពូល ដែលរំពឹងថា នឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយ។

ជាការពិតណាស់ បើតាមការបង្ហាញចេញពី អ្នកចែករំលែកដំណឹងលេចធ្លាយមួយរូប នៅតាមបណ្ដាញសង្គម Twitter ដែលយើងតែងតែស្គាល់ថា មានឈ្មោះ Digital Chat Station នោះ គាត់បាននិយាយថា នៅក្នុងត្រីមាសទី 1 ឆ្នាំ 2021 ខាងមុខនេះ ទំនងជាមានទូរសព្ទឆ្លាត 5 ម៉ូឌែល ដែលនឹងបង្ហាញជាមួយឈីប Snapdragon 875 ហើយកាន់តែពិសេស ក្នុងចំណោមម៉ូឌែលទាំងនោះ ក៏អាចនឹងមានប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម កម្លាំងជាង 100W ឡើងថែមទៀតផង។ យ៉ាងណាក៏ដោយ បុគ្គលខាងលើមិនបានបញ្ជាក់ពីឈ្មោះ របស់ម៉ូឌែលទូរសព្ទឆ្លាតនោះទេ ប៉ុន្តែបើតាមការរំពឹងទុក ក៏ដូចជាបើតាមដំណឹងលេចធ្លាយកន្លងមកនោះ គឺអាចមានដូចជា Mi 11, Redmi K40 Pro, ទូរសព្ទឆ្លាតកំពូលរបស់ realme និងទំនងជា Galaxy S21 Series ក៏ដូចជា OnePlus 9 Series ជាដើម។ ចំពោះ Mi 11, Redmi K40 Pro និងទូរសព្ទឆ្លាតរបស់ realme គឺជាម៉ូឌែលដែលស្ថិតក្នុងការរំពឹងថា អាចនឹងមានប្រើបច្ចេកវិទ្យាសាកថ្មដល់ទៅជាង 100W ខណៈពេលដែល Galaxy S21 Series និង OnePlus 9 នោះវិញ គឺទំនងជាមិនអាចនោះទេ។

គួរបញ្ជាក់ដែរថា អ្នកចែករំលែកដំណឹងលេចធ្លាយ បានបង្ហាញតែប៉ុណ្ណឹងឯង ពោលគឺគេមិនបានបញ្ជាក់អ្វីបន្ថែមទៀតនោះទេ ក្នុងពេលនេះ ដូច្នេះយើងក៏មិនទាន់ប្រាកដបាននោះដែរ ហើយសម្រាប់ម៉ូឌែលទូរសព្ទឆ្លាត ដែលយើងបានរៀបរាប់នោះ គឺគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ ពោលគឺមិនទាន់ប្រាកដទាំងស្រុងនោះទេ។ យ៉ាងណាក៏ដោយ មិនយូរទៀតទេ យើងនឹងបានដឹងពីវត្តមានទូរសព្ទឆ្លាតកំពូល ដែលនឹងបង្ហាញខ្លួន នៅដើមឆ្នាំក្រោយច្បាស់ជាងនេះ ព្រោះថាបច្ចុប្បន្ន ឆ្នាំ 2020 កាន់តែកៀកនឹងបញ្ចប់ទៅហើយ ដែលធ្វើឲ្យដំណឹងលេចធ្លាយជាច្រើន ចេះតែត្រូវបានគេបង្ហាញជាបន្តបន្ទាប់។

ដោយ​ ៖ 91Mobiles
អត្ថបទទាក់ទង