ASUS ប្រកាសចេញ Chromebox 4 ផ្លូវការ ប្រើ CPU Intel ជំនាន់ទី 10 ជាមួយតម្លៃខ្ទង់ ១ លាន ១៥ ម៉ឺនរៀល​
ដោយ​ ៖ គង់គីត | 3 ថ្ងៃមុន SHARE

 

កាលពីឆ្នាំ 2018 កន្លងទៅនេះ ASUS បានធ្វើការប្រកាសចេញ Chromebox 3 ជាផ្លូវការ ដែលពេលនោះ វាបានប្រើប្រាស់ CPU របស់ Intel ជំនាន់ទី 7 និងទី 8 ផងដែរ។ ដោយឡែក ពេលថ្មីៗនេះ ASUS ក៏ទើបតែបានប្រកាសចេញនូវកុំព្យូទ័រ Chromebox ជំនាន់ថ្មី ដែលមានឈ្មោះហៅថា Chromebox 4 ដែលមានរចនាបថរូបរាង ដូចគ្នាទៅនឹង Chromebox 3 ស៊េរីមុនដែរ ហើយវាក៏ស្ថិតក្នុងតម្លៃសមរម្យដូចមុនផងដែរ។

ជាក់ស្ដែង កុំព្យូទ័រ Chromebox 4 ដែលបានដំណើរការដោយ Chrome OS នេះ មានវិមាត្រ 5.58 x 5.85 x 1.58 inches និងវាបានភ្ជាប់មកជាមួយជម្រើស CPU របស់ Intel ចំនួន 4 ជម្រើសក្នុងនោះរួមមានដូចជា ជម្រើសម៉ូឌែលប្រើ Intel Celeron 5205U, Core i3-1011U, i5-10210U និងជម្រើស CPU Core i5-10510U ផងដែរ។ លើសពីនេះទៅទៀត Chromebox 4 បានបំពាក់ជម្រើស RAM ប្រភេទ DDR4 ទំហំ 4GB ឬ 8GB និងមានអង្គផ្ទុកទិន្នន័យទំហំ 256GB ជាប្រភេទ M.2 SATA SSD។ ក្រៅពីនេះ វាមានរន្ធ HDMI 2.0 មួយ, មានរន្ធ USB 3.2 ជំនាន់ទីមួយ 1 និងមានរន្ធ USB 3.2 Type-A ជំនាន់ទី 2 មួយទៀត ដែលអាចគាំទ្រការតភ្ជាប់ទៅ Monitor 4K បាន 3 ក្នុងពេលតែមួយ។

ក្រៅពីនេះ Chromebox 4 នៅមានលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា ប្រើប្រាស់ Wi-Fi ជំនាន់ទី 6 និងមានកង្ហាសម្រាប់ជួយកាត់បន្ថយកម្តៅ CPU ផងដែរ។ មួយវិញទៀត ដោយសារវាដំណើរការដោយ Chrome OS ដូច្នេះហើយ វាមានកម្មវិធី Google Play ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចដំឡើងកម្មវិធី Android បានផងដែរ។ ជាចុងក្រោយ Chromebox 4 ត្រូវបានដាក់លក់នៅទីផ្សារអាមេរិកខាងជើង ក្នុងតម្លៃខ្ទង់ ១ លាន ១៥ ម៉ឺនរៀល (289 ដុល្លារ)។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង