realme 7 5G ចេញផ្លូវការ ប្រើឈីប Dimensity 800U មានថ្ម 5,000mAh ជាមួយកម្លាំងសាកលឿន 30W​
ដោយ​ ៖ គង់គីត | 4 ថ្ងៃមុន SHARE

 

កាលពីដើមខែកញ្ញានេះ ក្រុមហ៊ុន realme បានធ្វើការប្រកាសចេញនូវ ទូរសព្ទជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ដោយវាស្ថិតក្នុងត្រកូល realme 7 Series ផងដែរ។ ដោយឡែក រហូតមកពេលនេះ realme ក៏បានធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតជំនាន់ថ្មី មកមួយម៉ូឌែលទៀត សម្រាប់ទីផ្សារចក្រភពអង់គ្លេស ដោយវាមានឈ្មោះជាផ្លូវការថា realme 7 5G ដែលវាជាទូរសព្ទមានភ្ជាប់មកជាមួយបកម្រិត Refresh Rate ខ្ពស់ទៀតផង។

ជាក់ស្ដែង realme 7 5G បានបំពាក់មកជាមួយអេក្រង់ទំហំ 6.5 អ៊ីញ ជាប្រភេទ IPS LCD ក្នុងកម្រិតបង្ហាញរូបភាព FHD+ ជាមួយល្បឿន Refresh Rate អេក្រង់កម្រិត 120Hz និងមានរចនាបថអេក្រង់បែបទម្លុះ សម្រាប់ផ្ទុកកាមេរ៉ាមុខចំនួន 1 គ្រាប់ ដូចទៅនឹង realme 7 ដែរ។ ចំពោះកម្លាំងម៉ាស៊ីនវិញ realme 7 5G បានប្រើប្រាស់បន្ទះឈីប Dimensity 800U របស់ក្រុមហ៊ុន MediaTek គួបផ្សំជាមួយ RAM ទំហំ 8GB បូករួមអង្គផ្ទុកទិន្នន័យទំហំ 128GB និងអាចធ្វើការបន្ថែម MicroSD Card ពីខាងក្រៅបានផងដែរ។

ចំណែកផ្នែកខាងក្រោយវិញ ឃើញថាវាមានកាមេរ៉ាសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់ជាកាមេរ៉ាគោលមានទំហំ 48MP បូកលេនទី 3 ជា Ultra Wide ទំហំ 8MP បូករួមមួយគ្រាប់ទៀតទំហំ 2MP ជា Depth Sensor បូកមួយគ្រាប់ចុងក្រោយទំហំ 2MP ជា Macro លេន ហើយមានភ្លើង LED Flash ចំនួន 1 គ្រាប់ នៅក្នុង Zone ជាមួយកាមេរ៉ា និងវាមានកាមេរ៉ាមុខមួយគ្រាប់ទំហំ 16MP។ លើសពីនេះទៅទៀត realme 7 5G បានបំពាក់ថាមពលថ្មទំហំ 5,000mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 30W, មានរន្ធដោតកាស 3.5mm, ប្រើរន្ធសាកថ្មប្រភេទ USB-C និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ស្រោបដោយស្បែក realme UI ចេញពីប្រអប់ស្រាប់។

ជាចុងក្រោយ realme បានធ្វើការដាក់លក់ទូរសព្ទឆ្លាតមួយនេះ សម្រាប់ទីផ្សារចក្រភពអង់គ្លេស ក្នុងតម្លៃខ្ទង់ ១ លាន ៤៧ ម៉ឺនរៀល ឬ ស្មើនឹង 369 ដុល្លារ។ អញ្ចឹងនៅពេលខាងមុខ យើងសង្ឃឹមថា វាក៏អាចនឹងមានលក់លើទីផ្សារសកល និងរួមទាំងប្រទេសកម្ពុជាយើងផងដែរ។

ដោយ​ ៖ Playful Droid
អត្ថបទទាក់ទង