Razer ទើបបញ្ចេញដៃហ្គេមសម្រាប់ Xbox Series X និង Series S ថ្មីមួយ មានតម្លៃប្រមាណជា ៤០ ម៉ឺនរៀល ឬ 100 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

យើងប្រាកដជាធ្លាប់បានស្គាល់យីហោ Razer ហើយ ព្រោះភាគច្រើនយើងឃើញស្លាកយីហោរបស់គេ នៅលើផលិតផល Gaming ជាច្រើន មិនថាកុំព្យូទ័រហ្គេម ឬមួយក៏នៅលើគ្រឿង Accessory ជាច្រើនប្រភេទទៀត។ ដោយឡែក នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនខាងលើ បានធ្វើការបញ្ចេញដៃហ្គេមថ្មីមួយរបស់គេ ដែលត្រូវបានផលិតជាពិសេស សម្រាប់ប្រើប្រាស់ជាមួយម៉ាស៊ីនហ្គេម Xbox Series X និង Series S តែម្ដង។

ជាការពិតណាស់ ដៃបញ្ជាហ្គេមថ្មីរបស់ Razer នោះ ត្រូវបានគេដាក់ឈ្មោះថា Wolverine V2 ហើយវាជាដៃហ្គេមប្រើខ្សែ ថែមទាំងបានភ្ជាប់មកជាមួយបច្ចេកវិទ្យាប៊ូតុង ដែល Razer ហៅថា Mecha-Tactile Action Buttons និង Mecha-Tactile D-Pad មកជាមួយដែរ ដូច្នេះវានឹងធ្វើឲ្យការចុចបញ្ជារបស់អ្នកប្រើប្រាស់ ទទួលបានការឆ្លើយតបមកវិញយ៉ាងត្រឹមត្រូវ និងរហ័សទៀតផង។ ប៊ូតុងរបស់វា ក៏មានជម្រៅត្រឹម 0.65mm ដែលធ្វើឲ្យវាមានល្បឿនលឿនជាងមុន 35% បើធៀបនឹង Xbox Controller ស្ដង់ដារ នេះជាការអះអាងរបស់ Razer ផ្ទាល់។ គេក៏បានបញ្ជាក់ដែរថា ប៊ូតុងនៅលើដៃហ្គេមនោះ ក៏មានភាពធន់នឹងការប្រើប្រាស់ដែរ ដោយអាចទ្រាំទ្របាននូវការចុចបញ្ជាដល់ 3 លានដងឯណោះ។ អ្នកប្រើប្រាស់ក៏អាចធ្វើការកំណត់តួនាទី របស់ប៊ូតុងនោះបានដោយខ្លួនឯង ហើយ Razer ក៏បានបន្ថែមថា ដៃហ្គេមនោះ វាមាន Superior Ergonomics ជាមួយដៃកាន់ស្និទ្ធិនឹងដៃបានល្អ មិនរអិល ដែលផ្តល់ឲ្យអ្នកប្រើប្រាស់ នូវអារម្មណ៍ចាប់កាន់ដូចធម្មជាតិទៀតផង។

យ៉ាងណាក៏ដោយ បើទោះជាគេធ្វើវាឡើងសម្រាប់ Xbox Series X និង S ពិតមែន ប៉ុន្តែវាក៏អាចយកទៅប្រើប្រាស់ជាមួយ Xbox One និងកុំព្យូទ័រ ដែលដំណើរការដោយ Windows 10 ឡើងទៅបានដូចគ្នាដែរ។ ជាមួយសមត្ថភាពដូចដែលបានរៀបរាប់ខាងលើនេះ Razer បានដាក់លក់ដៃហ្គេម នៅក្នុងកម្រិតតម្លៃថ្លៃមួយដែរ ពោលគឺខ្ទង់ ៤០ ម៉ឺនរៀល ឬ 100 ដុល្លារឯណោះ ក្នុងវេបសាយផ្លូវការរបស់គេ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង