Intel ដាក់បង្ហាញពីកុំព្យូទ័រយួរដៃគំរូ NUC M15 សម្រាប់ឲ្យក្រុមហ៊ុនតូចៗយកការឌីហ្សាញនេះទៅប្រើបាន​
ដោយ​ ៖ ឡេង | 4 ថ្ងៃមុន SHARE

 

ក្រោយពីបានបញ្ចេញការឌីហ្សាញគំរូ សម្រាប់កុំព្យូទ័រខ្នាតតូចត្រកូល NUC និងទទួលបានការគាំទ្រច្រើនមកហើយ ដោយពេលថ្មីៗនេះ Intel ក៏ពង្រីកខ្លួនបន្ថែមទៀត តាមរយៈការដាក់បង្ហាញអំពី កុំព្យូទ័រយួរដៃ NUC M15 ជាមួយការបំពាក់ស្ដង់ដារវិញ្ញាបនប័ត្រ Intel Evo ត្រឹមត្រូវថែមទៀតផង។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Intel នឹងមិនដាក់លក់កុំព្យូទ័រយួរដៃថ្មីនេះ ដោយផ្ទាល់ខ្លួនឯងនោះទេ ប៉ុន្ដែផ្ដល់ជាឱកាសដល់ក្រុមហ៊ុនតូចៗ អាចស្នើសុំយកការឌីហ្សាញនេះទៅប្រើបាន នៅក្នុងពេលអនាគតខាងមុខ។

កុំព្យូទ័រយួរដៃគំរូ Intel NUC M15 មានកម្រាស់ត្រឹមតែ 14.9mm ជាមួយនឹងទម្ងន់ 1.65kg ហើយមានបំពាក់ស៊ីភីយូ Intel ប្រភេទ Tiger Lake ជំនាន់ទី 11 (Core i5-1135G7 ឬ i7-1165G7) ព្រមទាំងក្រាហ្វិកកាត Intel Iris Xe graphics បាន ជាដើម។ លើសពីនេះ វាមានអេក្រង់ប្រភេទ IPS ទំហំ 15.6 អ៊ីញ ជាមួយកម្រិតបង្ហាញ 1080p និងថាមពលថ្មទំហំ 73wh គាំទ្របច្ចេកវិទ្យាសាកថ្មលឿន ដែលត្រូវបាន Intel អះអាងមកថា អាចកាន់ថ្មបានរហូតដល់ទៅ 16 ម៉ោងឯណោះ។ សម្រាប់ផ្នែករន្ធតំណភ្ជាប់ វាមានរន្ធ Thunderbolt 4/USB 4 (Type C) ចំនួន 2, រន្ធ USB-A 10Gbps ចំនួន 2, រន្ធដោតកាស 3.5mm និងរន្ធ HDMI ផងដែរ។

ដោយសារតែវាទទួលបាន ស្ដង់ដារវិញ្ញាបនប័ត្រ Intel Evo ដូច្នេះវាអាចចំណាយពេលមិនដល់ 1 វិនាទីផង ក៏អាចបើកពីផ្ទាំង Sleep រួចស្រេច, ទទួលបានថាមពលថ្មល្អ អាចកាន់បានយ៉ាងហោចណាស់ 9 ម៉ោងពេញលើអេក្រង់ Full HD ក៏ដូចជាគាំទ្រការសាកថ្មលឿន (សាករយៈពេល 30 នាទី ទទួលបានថាមពលថ្ម 4 ម៉ោង), មានម៉ូដឹម Wi-Fi 6 និង Thunderbolt 4 មួយឈុតតែម្ដង។

***សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពី Intel NUC M15 សូមទស្សនាវីដេអូខាងក្រោមនេះ ៖

ខណៈពេលដែល Intel មិនទាន់បញ្ជាក់ប្រាប់ច្បាស់នៅឡើយទេ អំពីតម្លៃរបស់កុំព្យូទ័រយួរដៃគំរូមួយនេះ ប៉ុន្ដែយើងអាចរំពឹងទុកបានថា វានឹងអាចមានតម្លៃចាប់ពីខ្ទង់ 999 ដុល្លារ ដល់ 1,499 ដុល្លារ ក៏ថាបានដែរ។ នៅប្រហែលមួយរយៈពេលខាងមុខនេះ ក្រុមហ៊ុនផលិតកុំព្យូទ័រតូចៗមួយចំនួន នឹងអាចស្នើសុំយកការឌីហ្សាញនេះ ទៅប្រើប្រាស់បាន ហើយមានដាក់លក់លើទីផ្សារ កាន់តែធំទូលាយជាក់ជាមិនខាន។

ដោយ​ ៖ Intel
អត្ថបទទាក់ទង