ប្រភពមួយអះអាងថា Galaxy S21 Series នឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ 2021​
ដោយ​ ៖ ឈីរ៉ូ | 4 ថ្ងៃមុន SHARE

 

មានពាក្យចចាមអារ៉ាម ក៏ដូចជាប្រភពជាច្រើនបានអះអាងថា នៅក្នុងអំឡុងពាក់កណ្តាលខែមករា ឆ្នាំ 2021 ខាងមុខនេះ Samsung នឹងរៀបចំព្រឹត្តិការណ៍ Unpacked ដើម្បីប្រកាសចេញទូរសព្ទឆ្លាតជំនាន់ថ្មី Galaxy S21 Series ជាផ្លូវការ។ អញ្ចឹងបើព័ត៌មានទាំងនេះគឺជាពិតមែននោះ មានន័យថា នៅក្នុងឆ្នាំក្រោយនេះ Samsung បានផ្លាស់ប្តូរទម្លាប់របស់ខ្លួនហើយ ព្រោះបើគិតចាប់តាំងពីឆ្នាំ 2018 រហូតដល់ឆ្នាំ 2020 នេះ ពួកគេតែងតែប្រកាសចេញទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល S របស់ខ្លួននៅក្នុងអំឡុងខែកុម្ភៈជានិច្ច។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថានៅក្នុងថ្ងៃនេះ ភ្នាក់ងារសារព័ត៌មាន Android Headline បានអះអាងថា ផ្អែកទៅតាមដំណឹងផ្ទៃក្នុងដែលពួកគេទើបតែទទួលបាន បានបញ្ជាក់យ៉ាងច្បាស់ថា Galaxy S21 Series នឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែកុម្ភៈដដែល។ គួររំលឹកផងថា Galaxy S21 Series អាចនឹងត្រូវបែងចែកចេញជា 3 ម៉ូឌែល ដោយក្នុងនោះរួមមានដូចជា Galaxy S21, S21+ និង S21 Ultra។ ជាងនេះទៅទៀត ទូរសព្ទឆ្លាតជំនាន់ថ្មីទាំង 3 ម៉ូឌែលនេះ ក៏អាចនឹងបង្ហាញខ្លួនមកជាមួយអេក្រង់លាត Infinity-0 និងរចនាបថទម្រង់កាមេរ៉ាក្រោយថ្មី ក៏ដូចជាបន្ទះឈីបលំដាប់កំពូល Snapdragon 875 / Exynos 2100 ទំហំ 5nm ផងដែរ។

លើសពីនេះ Galaxy S21 Ultra ដែលជាម៉ូឌែលកំពូលស្ថិតនៅក្នុងត្រកូល S21 ក៏ត្រូវបានគេរំពឹងថានឹងអាចគាំទ្រប៊ិច S Pen និងកម្រិតបង្ហាញ QHD+ ជាមួយអេក្រង់ Refresh Rate 120Hz ក្នុងពេលតែមួយ ក៏ដូចជាភ្ជាប់មកជាមួយបច្ចេកវិទ្យា LTPO ថែមទៀតផង។ មិនទាន់អស់នោះទេ Galaxy S21 Ultra ក៏អាចនឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបដល់ទៅ 5 គ្រាប់ ដោយក្នុងនោះមានមួយគ្រាប់គឺជាលេន Periscope ដែលមានសមត្ថភាពអាចពង្រីក Opitcal Zoom ដល់ទៅ 10 ដង ឯណោះ។

ដោយ​ ៖ Android Headline
អត្ថបទទាក់ទង