MacBook Air ជំនាន់ថ្មីចេញផ្លូវការ ប្រើឈីប M1 មានសម្លេងម៉ាស៊ីនស្ងាត់ ជាមួយតម្លៃចាប់ពីខ្ទង់ 999 ដុល្លារឡើងទៅ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

កាលពីយប់មិញនេះ តាមរយៈព្រឹត្តិការណ៍អនឡាញពិសេស “One more thing” Apple បានប្រកាសចេញកុំព្យូទ័រយួរដៃ MacBook Air ជំនាន់ថ្មី 2020 ប្រើប្រាស់បន្ទះឈីប M1 ជាផ្លូវការ។ កាន់តែពិសេសថែមទៀតនោះ MacBook Air ជំនាន់ថ្មី 2020 ក៏បានក្លាយទៅជាកុំព្យូទ័រយួរដៃដំបូងគេដែលប្រើប្រាស់ CPU ផ្អែកលើស្ថាបត្យកម្ម ARM របស់ Apple ដែលបង្កើតឡើងពិសេសសម្រាប់ពពួកកុំព្យូទ័រ Mac តែម្តង។

 

កុំព្យូទ័រយួរដៃ MacBook Air ជំនាន់ថ្មី បានបំពាក់មកជាមួយអេក្រង់ទំហំ 13.3 អ៊ីញ ប្រភេទ Retina Display អាចបង្ហាញរូបភាពក្នុងកម្រិត 2560 x 1600 ភិចស៊ែល ជាមួយកម្រិតទឹកពណ៌ P3 និងកម្រិតពន្លឺ 400 nits។ ទៅលើកម្លាំងម៉ាស៊ីន វាប្រើប្រាស់បន្ទះឈីប M1 មាន CPU សរុប 8 Core ជាមួយជម្រើស GPU សរុប 8 Core ហើយបើប្រៀបធៀបទៅនឹង MacBook Air ជំនាន់មុន វាមានកម្លាំង CPU ខ្លាំងជាងមុនដល់ 3.5 ដង និងកម្លាំង GPU ខ្លាំងជាងមុនដល់ 5 ដង នេះបើយោងទៅតាមការអះអាងរបស់ Apple ផ្ទាល់។ លើសពីនេះ MacBook Air ជំនាន់ថ្មី ក៏បានភ្ជាប់មកជាមួយជម្រើស RAM ទំហំ 8/16GB និងជម្រើសអង្គផ្ទុកទិន្នន័យប្រភេទ SSD ទំហំ 256/512GB ក៏ដូចជា 1/2TB ថែមទៀតផង។

កុំព្យូទ័រយួរដៃ MacBook Air ជំនាន់ថ្មី ក៏បានភ្ជាប់មកជាមួយ Magic Keyboard ជាមួយភ្លើង Backlit, Force Touch Trackpad, Touch ID និង Webcam 720p ផងដែរ។ ជាងនេះទៅទៀត វាក៏បានវេចខ្ចប់មកជាមួយបច្ចេកវិទ្យា Wi-Fi 6, Bluetooth 5.0 និងរន្ធ Thunderbolt / USB 4 ចំនួន 2 ក៏ដូចជាថាមពលថ្មប្រើប្រាស់ទូទៅបានរហូតដល់ទៅ 18 ម៉ោងផងដែរ។ គួរបញ្ជាក់ផងថា សម្រាប់ទីផ្សារសហរដ្ឋអាមេរិក កុំព្យូទ័រយួរដៃ MacBook Air ជំនាន់ថ្មី ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ ៣ លាន ៩៩ ម៉ឺន ៦ ពាន់រៀល (999 ដុល្លារ) ឡើងទៅ។

ដោយ​ ៖ Apple
អត្ថបទទាក់ទង