ទីបំផុត Apple ប្រកាសចេញ MacBook Pro 13 អ៊ីញជំនាន់ថ្មី ដោយពិតជាប្តូរទៅប្រើឈីប M1 ផ្ទាល់ខ្លួនមែន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

យើងគ្រប់គ្នាបានដឹងហើយថា នៅយប់ថ្ងៃទី 10 ឈានចូលថ្ងៃទី 11 នេះ Apple បានប្រារព្វធ្វើព្រឹត្តិការណ៍មួយរបស់ខ្លួន ដែលគេបានដាក់ចំណងជើងថា One More Thing ហើយកន្លងមកនេះ មានមតិជាច្រើនគិតថា នៅក្នុងព្រឹត្តិការណ៍នោះ Apple នឹងផ្តោតសំខាន់លើការប្រកាសចេញ MacBook ជំនាន់ថ្មី ក៏ដូចជាផលិតថ្មីមួយចំនួនទៀត ដែលប្រើប្រាស់ Processor របស់គេផ្ទាល់។ ដោយឡែក នៅពេលព្រឹត្តិការណ៍នោះ បានបញ្ចប់ទៅ យើងឃើញថា អ្វីដែលគេបានប្រកាសចេញ គឺពិតជាដូចការរំពឹងទុកមែន ជាក់ស្ដែងនៅក្នុងអត្ថបទនេះ យើងនឹងនិយាយពី MacBook Pro 13 អ៊ីញ។

បើតាមការបង្ហាញចេញពី Apple យើងឃើញថា MacBook Pro 13 អ៊ីញជំនាន់ថ្មីលើកនេះ គឺមានរូបរាងមិនខុសពីមុនទេ ហើយសម្រាប់លក្ខណៈសម្បតិ្តសំខាន់ៗផ្សេងទៀត គឺមួយភាគធំដូចគ្នានឹងជំនាន់មុនដែរ។ សម្រាប់ចំណុចសំខាន់ដែល Apple កែប្រែនៅលើ MacBook Pro 13 អ៊ីញម៉ូឌែលថ្មីនោះ គឺថាគេបានផ្លាស់ប្តួរពីការប្រើប្រាស់ Processor របស់ Intel ទៅប្រើប្រាស់ Processor របស់ខ្លួនវិញ ដែលត្រូវបានគេហៅថា Apple M1 នេះឯង។ បន្ថែមពីនេះ Apple អះអាងថា MacBook Pro ជំនាន់ថ្មី នឹងមានល្បឿនលឿនជាងមុន 2.8 ដង បើធៀបនឹង MacBook Pro ដែលប្រើ CPU Intel កាលពីឆ្នាំមុន ព្រោះឈីប M1 នេះ បានប្រើប្រាស់ CPU ចំនួន 8 Cores រីឯផ្នែក GPU វិញ ក្រុមហ៊ុនខាងលើបញ្ជាក់យ៉ាងច្បាស់ថា វាមានសមត្ថភាពប្រសើរជាងមុនដល់ទៅ 5 ដង ដោយសារតែវាមានដល់ទៅ 8 Cores ដែរ ហើយសមត្ថភាពបែបនេះ Apple ប្រាប់ថា វាជា GPU ដែលមានភ្ជាប់មកជាមួយ Processor ស្រាប់ ខ្លាំងបំផុត នៅលើទីផ្សារបច្ចុប្បន្ន។ 

ក្រៅពីនេះ MacBook Pro 13 អ៊ីញ ក៏មានភ្ជាប់មកជាមួយកង្ហា ដើម្បីជួយកាត់បន្ថយកម្តៅដែរ ហើយសម្រាប់ចំណុចសំខាន់មួយ ដែលជាគុណសម្បត្តិរបស់ឈីប Apple M1 នោះគឺទៅលើថាមពលថ្មតែម្ដង ដោយក្នុងនោះ Apple និយាយថា វាមានថាមពលអាចកាន់បានយូរបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ MacBook នោះទេ ពោលគឺសម្រាប់ការប្រើលើ Web Browsing វាអាចកាន់បានដល់ 18 ម៉ោង ខណៈពេលដែលប្រើលើមើលវីដេអូវិញ វាអាចកាន់បានដល់ទៅ 20 ម៉ោងថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ផតវិញ វាក៏មានភ្ជាប់មកជាមួយរន្ធ USB-C ចំនួន 2 ដោយមួយអាចគាំទ្រ USB 4 និងមួយទៀតគាំទ្រ Thunderbolt 4 ដូច្នេះវាអាចដំណើរការជាមួយ Pro Display XDR ដែលមានកម្រិតបង្ហាញ 6K នោះ បានយ៉ាងពេញលេញតែម្ដង។ 

សម្រាប់ជម្រើសរ៉េម និងអង្គផ្ទុកវិញ ជម្រើសដំបូងបំផុត និងចាប់ផ្តើមពីរ៉េម 8GB ជាមួយអង្គផ្ទុក 256GB ឡើងទៅ ប៉ុន្តែយ៉ាងណាក៏ដោយ សម្រាប់ផ្នែករ៉េមនេះ អ្នកទិញមានជម្រើសបន្ថែមតែមួយទៀតប៉ុណ្ណោះគឺទំហំ 16GB ខណៈពេលដែលអង្គផ្ទុក SSD វិញ គេនៅមាន 3 ជម្រើសទៀតគឺ 512GB, 1TB និង 2TB ផងដែរ។ សម្រាប់ MacBook Pro 13 អ៊ីញជំនាន់ថ្មី ដែលមានប្រើប្រាស់ឈីប M1 នេះដែរ គឺត្រូវបាន Apple ដាក់លក់ក្នុងតម្លៃខ្ទង់ចាប់ពី ៥ លាន ២០​ ម៉ឺនរៀល ឬ 1,299 ដុល្លារសម្រាប់ជម្រើសទាបបំផុត ហើយនៅក្នុងនោះដែរ ក៏សូមបញ្ជាក់ថា Apple នៅតែបន្តលក់ជម្រើស MacBook Pro ប្រភេទខាងលើ ដែលប្រើ Processor Intel ដដែល ហើយសម្រាប់ជម្រើសរបស់វានោះ ក៏មានតម្លៃចាប់ផ្តើមថ្លៃជាងម៉ូឌែលដែលប្រើឈីប M1 ដែរ ពោលគឺចាប់ពី ៦ លានរៀល ឬ 1,499 ដុល្លារឡើងទៅ ព្រោះថាជម្រើសទាបបំផុតរបស់វា មានរ៉េម និងអង្គផ្ទុកធំជាង ថែមទាំងមានរន្ធ USB-C ដល់ទៅ 4 ផតឯណោះ។

ដោយ​ ៖ Apple
អត្ថបទទាក់ទង