OPPO បានប្រកាសចេញកាសឥតខ្សែថ្មីឈ្មោះ Enco X មានតម្លៃខ្ទង់ 60 ម៉ឺនរៀល ឬ 149 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

យើងធ្លាប់បានឃើញជាច្រើនម៉ូឌែលដែរហើយ ទាក់ទងនឹងកាសឥតខ្សែរបស់ OPPO ដែលបានចរាចរណ៍នៅលើទីផ្សារ ជាក់ស្ដែងនៅក្នុងនោះ ក៏ធ្លាប់មានកាសឥតខ្សែត្រកូល OPPO Enco ដែរ។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ បានប្រកាសចេញកាសឥតខ្សែម៉ូឌែលថ្មីមួយទៀត ត្រូវបានគេហៅថា OPPO Enco X ប៉ុន្តែលើកនេះរាងពិសេសជាងរាល់ដង ព្រោះថាកាសឥតខ្សែម៉ូឌែលថ្មីនេះ ត្រូវបានក្រុមហ៊ុនចិនខាងលើ សហការគ្នាជាមួយក្រុមហ៊ុន Dynaudio ដែលជាយីហោផលិត Speaker ល្បីមួយដែរ មានដើមកំណើតក្នុងប្រទេស Denmark។

មិនខុសទេ បើនិយាយពីការរចនារូបរាងរបស់ OPPO Enco X នេះវិញ វាមិនសូវជាប្លែកប៉ុន្មានទេ ដោយមានភ្ជាប់មកជាមួយជ័រទ្រាប់ត្រចៀក ហើយនៅខាងក្នុងកាសនីមួយៗ វាបានភ្ជាប់មកជាមួយ Speaker ដល់ទៅ 2 គ្រាប់តែម្ដង។ ទៅលើផ្នែកសម្លេងគឺជាចំណុចសំខាន់មួយ ដែល OPPO បានសហការជាមួយ Dynaudio ដោយក្នុងនោះគេបានប្រើប្រាស់ Driver ទំហំ 11mm និងមួយទៀតទំហំ 6mm បន្ថែមពីនេះគេក៏បានបំពាក់ប្រព័ន្ធសម្លេង DBEE 3.0 សម្រាប់ការដំណើរការលើ Hi-Fi Audio ដែលជាបច្ចេកវិទ្យាមួយត្រូវបាន គេបង្កើនសមត្ថភាពពីលើ DBEE ដែលគេធ្លាប់បានប្រើកន្លងមក។ OPPO ក៏បានបញ្ជាក់ដែរថា Enco X នេះ វាអាចគាំទ្រជាមួយ SBC និង AAC Audio Codecs ហើយក៏អាចគាំទ្រមុខងារ LHDC (Low Latency High-Definition Codec) ផងដែរ។ មួយវិញទៀត កាសខាងលើនេះ បានប្រើប្រាស់ឈីបមាន 2 Cores ដើម្បីដំណើរការលើ មុខងារកាត់បន្ថយសម្លេងរំខាន ដោយក្រុមហ៊ុនខាងលើបញ្ជាក់ថា វាមាន Mode នៃកម្រិតកាត់បន្ថយសម្លេងរំខានដល់ទៅ 4 ប្រភេទ តម្រូវតាមចំណូលចិត្តរបស់អ្នកប្រើ។

ទៅលើថាមពលថ្មវិញ OPPO Enco X អាចកាន់បានដល់ 25 ម៉ោង បើគិតទាំងថាមពលថ្មលើប្រអប់សាករបស់វា ប៉ុន្តែបើគិតតែទៅលើកាសមួយគូរនោះវិញ វាអាចកាន់បានដល់ 5.5 ម៉ោង សម្រាប់ការប្រើជាមួយមុខងារកាត់បន្ថយសម្លេងរំខាន កម្រិតស្រាល ហើយសម្រាប់ចំណុចពិសេសផ្សេងៗទៀតនោះមានដូចជា វាមានមុខងារការពារទឹកកម្រិតស្រាល IP54, មុខងារប៉ះបញ្ជាលើតួខ្លួន ដើម្បីគ្រប់គ្រងបទចម្រៀង, កម្រិតសម្លេង ក៏ដូចជាបិទ ឬបើកមុខងារទប់សម្លេងរំខានជាដើម លើសពីនេះវាក៏មានមុខងារ Quick Pair, Qi Wireless Charging ព្រមទាំងបានប្រើប្រាស់ Bluetooth 5.2 ផងដែរ។ Enco X មានជម្រើស 3 ពណ៌រួមមានពណ៌ខ្មៅ, ស, និងពណ៌បៃតង ហើយវាត្រូវបាន OPPO ដាក់លក់ខ្ទង់ 60 ម៉ឺនរៀល ឬ 149 ដុល្លារ សម្រាប់ទីផ្សារស្រុកចិន។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង