TSMC រំពឹងថាចំណូលរបស់គេនៅក្នុងឆ្នាំនេះ នឹងកើនឡើងខ្ទង់ 30% បើទោះជាឈប់សហការជាមួយ Huawei ក៏ដោយ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

សព្វថ្ងៃនេះ TSMC គឺជាក្រុមហ៊ុនផលិតឈីបឈានមុខគេមួយ នៅក្នុងទីផ្សារ ដោយគេទទួលបានការកុម្ម៉ង់ឲ្យផលិតឈីបជាច្រើន ពីសំណាក់ក្រុមហ៊ុនធំៗដូចជា Apple ជាដើម ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនខាងលើក៏កំពុងតែប្រកួតប្រជែងគ្នា យ៉ាងតឹងរ៉ឹងជាមួយ Samsung ដែរ។ យ៉ាងណាក៏ដោយ នៅក្នុងពេលថ្មីៗនេះ TSMC បានបង្ហាញពីការរំពឹងទុក សម្រាប់ចំណូលរបស់ខ្លួននៅក្នុងឆ្នាំ 2020 នេះ ហើយកាន់តែប្រសើរនោះ គេរំពឹងថា នឹងមានការកើនឡើងបន្ថែមទៀត បើទោះជាមិនបានសហការជាមួយ Huawei ក៏ដោយ។

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ TSMC ខ្លួនឯងផ្ទាល់ បានធ្វើការរំពឹងទុកថា ចំណូលរបស់គេ នៅក្នុងឆ្នាំនេះ នឹងមានការកើនឡើងប្រមាណជាខ្ទង់ 30% បន្ថែមទៀត បើទោះជាគេបានបាត់បង់ចំណូលមួយផ្នែក ពីការសហការគ្នាជាមួយ Huawei ក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនខាងលើ ក៏បានបន្ថែមថា ចំណូលរបស់គេ នៅក្នុងត្រីមាសចុងក្រោយឆ្នាំ 2020 នេះ អាចនឹងទទួលបានចន្លោះពី 12.4 ពាន់លាន ទៅដល់ 12.7 ពាន់លានដុល្លារ ដែលចំណូលនេះ នឹងជួយធ្វើឲ្យចំណូលសរុបប្រចាំឆ្នាំ របស់ក្រុមហ៊ុនខាងលើ កាន់តែកើនឡើងបានប្រមាណជា 20% បន្ថែមផងដែរ។ ទន្ទឹមគ្នានោះ CEO របស់ TSMC ក៏បានចេញមុខបង្ហាញដែរថា TSMC នឹងនៅតែបន្តដាក់គោលដៅនៅតៃវ៉ាន់ដដែល ព្រោះថានៅទីនោះ គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ ក៏ដូចជាមជ្ឈមណ្ឌលអភិវឌ្ឍន៍គោលរបស់គេ ហើយក៏ជាកន្លែងផលិតកម្មធំបំផុតរបស់គេដែរ ដូច្នេះហើយទីនោះ នៅតែទីតាំងសំខាន់ដដែល បើទោះជាកំពុងតែមានបញ្ហានយោបាយកើតឡើងក៏ដោយ។

ក្រៅពីនេះ សម្រាប់គម្រោងក្នុងការសាងសង់ទីតាំងបន្ថែមរបស់គេ នៅក្នុងសហរដ្ឋអាមេរិកដែលគ្រោងនឹងចំណាយអស់ទឹកប្រាក់ប្រមាណជា 12 ពាន់លានដុល្លារនោះ ក៏មិនប៉ះពាល់នឹងការបោះឆ្នោតជ្រើសប្រធានាធិបតីរបស់អាមេរិកឡើយ ដូច្នេះគេនៅតែបន្តបានដដែល។ និយាយរួមមកវិញ បើតាមការរំពឹងទុករបស់ TSMC បានឲ្យដឹងថា ចំណូលរបស់គេនឹងនៅតែបន្តកើនឡើងដដែល បើទោះជាមិនបានសហការជាមួយ Huawei ក៏ដោយ ប៉ុន្តែយ៉ាងណា បញ្ហានេះក៏ប៉ះពាល់ដែរ ព្រោះថាបើសិនជា TSMC អាចសហការជាមួយ Huawei បាននោះ ចំណូលរបស់គេ នឹងកាន់តែខ្ពស់ជាងនឹងទៅទៀត។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង