អ្នកពាក់ Apple Watch SE មួយចំនួននៅប្រទេសកូរ៉េខាងត្បូង កំពុងជួបបញ្ហាឡើងកម្ដៅខ្លាំង​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

អ្នកនិយមគាំទ្រផលិតផល Apple ជាច្រើននាក់ ពិតជាមានភាពភ្ញាក់ផ្អើល និងពេញចិត្តមែនទែន នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានធ្វើការប្រកាសចេញនាឡិកាឆ្លាតវៃ Apple Watch SE ជាមួយបន្ទះឈីបដូចនៅលើម៉ូឌែល Series 5 និងមានអេក្រង់ធំដូច Series 6 ប៉ុន្ដែស្ថិតនៅក្នុងតម្លៃដ៏សមរម្យមួយ។ យ៉ាងណាក្ដី នាពេលថ្មីៗនេះ ក៏មានរបាយការណ៍មួយចំនួន ចេញពីប្រទេសកូរ៉េខាងត្បូង ដែលនាឡិកាឆ្លាតវៃ Apple Watch SE របស់ម្ចាស់ទាំងអស់នោះ បានឡើងកម្ដៅខ្លាំងគួរឲ្យកត់សម្គាល់ ហើយក៏បណ្ដាលឲ្យឆេះអេក្រង់ និងរលាកដៃ ថែមទៀតផង។

ហាក់បីដូចជា រូបភាពដាក់បង្ហាញនៅខាងក្រោមនេះ ដោយស្នាមឆេះ គឺសុទ្ធតែស្ថិតនៅលើជ្រុងខាងស្ដាំ ផ្នែកខាងលើនៃនាឡិកាទាំងនោះ ដែលត្រូវបានគេសង្ស័យថា អាចជាកន្លែងខ្សែតភ្ជាប់ជាមួយអេក្រង់ និងនៅជិតដុំរំញ័រ Taptic Engine ផងដែរ។ ម្ចាស់នាឡិកាឆ្លាតវៃ Apple Watch SE ម្នាក់បានលើកឡើងមកថា គាត់ទទួលបានវានៅថ្ងៃទី 8 ខែតុលា ឆ្នាំ 2020 ហើយបានគេងដោយពាក់នាឡិកានោះ (ដើម្បីតាមដានរយៈពេលគេង) នៅយប់ថ្ងៃទី 9 ខែតុលា ប៉ុន្ដែត្រូវបានភ្ញាក់នៅព្រឹកថ្ងៃទី 10 ខែតុលា ដោយសារតែកម្ដៅឡើងក្ដៅខ្លាំង និងធ្វើឲ្យកដៃរបស់គាត់ឡើងក្រហម ដោយសារតែកម្ដៅតែម្ដង។ នាពេលបច្ចុប្បន្ននេះ មើលទៅដូចជា មានតែក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះ ដែលកំពុងជួបប្រទះឃើញបញ្ហាមួយនេះ ដោយតាមតំបន់ផ្សេងៗទៀត នៅមិនទាន់មាននរណាម្នាក់រាយការណ៍ថា បានជួបបញ្ហាឡើងកម្ដៅនេះដែរទេ។

មូលហេតុចម្បង ដែលយើងអាចស្មានបានក្នុងពេលនេះគឺថា វាអាចបង្កឡើងពីរោងចក្រដំឡើង សម្រាប់នាំចូលទៅទីផ្សារប្រទេសកូរ៉េខាងត្បូងក៏ថាបាន ប៉ុន្ដែក្រុមហ៊ុន Apple មិនទាន់ឆ្លើយតបពី បញ្ហាមួយនេះនៅឡើយ។ អ៊ីចឹង ប្រិយមិត្តអ្នកអានទាំងអស់គ្នា គួរតែជៀសវាងការជាវនាឡិកាឆ្លាតវៃ Apple Watch SE ដែលផលិតសម្រាប់ប្រទេសកូរ៉េខាងត្បូង ក្នុងមួយរយៈពេលសិនបាន ដោយសាកសួរអ្នកលក់ឲ្យច្បាស់ ថាតើវាផលិតសម្រាប់ប្រទេសណា មុននឹងជាវមកពាក់បាន។

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង