លោក Mark Zuckerberg ចង់ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើការពិនិត្យលើ Apple ឲ្យមែនទែនជាងមុន​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

លោកនាយកប្រតិបត្តិ Mark Zuckerberg និងជាសហស្ថាបនិកនៃ Facebook ដែលជាកម្មវិធីបណ្ដាញសង្គមដ៏ល្បីល្បាញមួយ ជុំវិញពិភពលោក ត្រូវបានគេរាយការណ៍មកថា បានបញ្ចុះបញ្ចូលឲ្យសមាជិកមួយចំនួន នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យធ្វើការត្រួតពិនិត្យពិច័យលើ Apple ព្រមទាំង TikTok ឲ្យកាន់តែលម្អិត។ ការដែលគាត់ចង់ឲ្យធ្វើបែបនេះ ក៏អាចដោយសារតែ គាត់មានគំនិតសង្ស័យថា Apple កំពុងគ្រប់គ្រងទិន្នន័យរបស់ ប្រជាជនអាមេរិករាប់លាននាក់ ដូចគ្នាទៅនឹងកម្មវិធីរបស់គាត់ ប៉ុន្ដែមូលហេតុអ្វីបានជា រដ្ឋាភិបាលមិនព្រមប្រុងប្រយ័ត្នខ្លាំងដែរទៅ។

ជាការពិតណាស់ លោក Mark Zuckerberg ត្រូវបានសមាជិកសភាចោទសំនួរជាច្រើន និងមានការតាមដាន លើកម្មវិធីបណ្ដាញសង្គមរបស់គាត់ជាញឹកញាប់ ដោយឡែក ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ដែលគ្រប់គ្រង់ទិន្នន័យរបស់អ្នកប្រើប្រាស់ច្រើនដូចជា Facebook ហើយនៅមិនមានការត្រួតពិនិត្យស្មើគ្នា។ ចំណែកឯ Apple ក៏ធ្លាប់ត្រូវបានធ្វើការស៊ើបអង្កេត លើបញ្ហាមួយចំនួនដែរ ដូចជាយុទ្ធសាស្ត្រមិនផ្ដល់ឱកាស ទៅដល់ក្រុមហ៊ុនតូចៗ, លួចគ្រប់គ្រងទូរសព្ទឆ្លាតអ្នកប្រើប្រាស់ តាមរយៈមុខងារ Parental Control និងអំពើបញ្ចេញអំណាចផ្តាច់មុខលើ App Store របស់ខ្លួន ជាដើម។

យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ យើងគ្រាន់តែអាចដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងតែពិចារណាប៉ុណ្ណោះ ដោយមិនទាន់មានការប្រកាសហៅ Apple ឲ្យមកសួរចម្លើយជាសាធារណៈនោះទេ។ លើសពីនេះទៅទៀត លោក Mark Zuckerberg ក៏បានធ្វើការពិភាក្សាជាមួយ ទីប្រឹក្សាជាន់ខ្ពស់នៃ White House លោក Jared Kushner និងរដ្ឋលេខាធិការក្រសួងរតនាគារ លោក Steven Mnuchin ដោយដាច់ដោយឡែកពីគ្នា អំពីស្ថានភាពលើការគ្រប់គ្រង TikTok ផងដែរ នេះបើយោងតាមរបាយការណ៍។

ខណៈពេលដែល មនុស្សមួយចំនួនក៏យល់ឃើញថា ក្រុមហ៊ុនធំៗទាំងអស់ សុទ្ធតែមិនល្អដូចគ្នា បើនិយាយអំពីអំណាច និងការគ្រប់គ្រងលើទិន្នន័យ ហើយត្រូវតែធ្វើការត្រួតពិនិត្យពិច័យ ឲ្យដូចៗគ្នាជាដាច់ខាតទើបបាន។ ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍លើព័ត៌មាននេះ អ៊ីចឹង ក្រុមការងារយើងនឹងចុះផ្សាយបន្ដជូនភ្លាម នៅពេលដែលមានដំណឹងថ្មីៗបន្ថែមទៀត។

ដោយ​ ៖ Wall Street Journal
អត្ថបទទាក់ទង