អ្នកវិទ្យាសាស្ត្របានបង្កើតកាមេរ៉ា អាចថតវីដេអូបែប 3D ដល់ទៅល្បឿន 100 ពាន់លាន Frame ក្នុងមួយវិនាទី​ឯណោះ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ថ្ងៃមុន SHARE

 

បច្ចុប្បន្នេះវិទ្យាសាស្ត្រកាន់តែរីកចម្រើន ព្រោះដោយសារតែក្រុមអ្នកស្រាវជ្រាវនៅតែបន្តធ្វើការ ទៅតាមគោលដៅរបស់គេមិនចេះចប់ឡើយ ហេតុដូច្នេះ បានជាយើងទាំងអស់គ្នាចេះតែឃើញមាន របកគំហើញថ្មីៗជាច្រើន ដែលយើងមិនធ្លាប់នឹកស្មានដល់ ប៉ុន្តែវាពិតជាបានកើតឡើងមែន។ ជាក់ស្ដែងដូចនៅក្នុងពេលថ្មីៗនេះអញ្ចឹង អ្នកវិទ្យាសាស្រ្តមួយរូប នៅក្នុងវិទ្យាស្ថាន California Institute of Technology ឬហៅកាត់ថា Caltech បានធ្វើការបង្កើតកាមេរ៉ាដំបូងគេ ក្នុងពិភពលោក ដែលមានល្បឿនចាប់យករូបភាពបានលឿនបំផុត អ្វីដែលពិសេស កាមេរ៉ានោះអាចចាប់បានទាំងចលនារបស់ពន្លឺថែមទៀតផង។

ជាការពិតណាស់ ថ្មីៗនេះអ្នកវិទ្យាសាស្រ្តឈ្មោះថា Lihong Wang បានធ្វើការសិក្សា ក៏ដូចជាបង្កើតបានសម្រេចនូវកាមេរ៉ាដ៏អស្ចារ្យមួយ ដែលអាចធ្វើការចាប់យកវីដេអូបែប 3D បាននៅក្នុងល្បឿនដល់ទៅ 100 ពាន់លាន Frame ក្នុងមួយវិនាទីឯណោះ (fps) ហើយដូចបានបញ្ជាក់នៅខាងលើអញ្ចឹង សមត្ថភាពដ៏ខ្ពស់របស់កាមេរ៉ានេះ គឺអាចឲ្យគេចាប់យកបម្លាស់ទីរបស់ពន្លឺបាន ដោយមិនមានបញ្ហាអ្វីទាំងអស់។ គួរបញ្ជាក់ដែរថា កាមេរ៉ាខាងលើនេះ ត្រូវបានគេធ្វើឡើងដោយបង្កើនសមត្ថភាពបន្ថែម ពីលើកាមេរ៉ា ដែលគេធ្លាប់បានអភិវឌ្ឍន៍កន្លងមកប៉ុណ្ណោះ ជាក់ស្ដែងកាលពីខែមករា ដើមឆ្នាំកន្លងទៅនេះ អ្នកវិទ្យាសាស្រ្តខាងលើ ធ្លាប់បានបង្ហាញពីកាមេរ៉ា ដែលមានល្បឿនចាប់យករូបភាពលឿនបំផុតមួយ ពោលគឺដល់ទៅ 70 ទ្រីលាន ក្នុងមួយវិនាទីឯណោះ ប៉ុន្តែយ៉ាងណានោះមិនទាន់ដល់ដំណាក់កាល ដែលគេចង់បានឡើយ ព្រោះថាកាមេរ៉ានោះវាមានសមត្ថភាព ថតបានត្រឹមរូបភាពសន្លឹកធម្មតាប៉ុណ្ណោះ។ 

កាមេរ៉ាដំបូងឡើងនោះ ត្រូវបានគេហៅថា SP-CUP (Single-shot Stereo-polarimetric Compressed Ultrafast Photography) ដែលអាចចាប់យករូបភាពធម្មតាបានដល់ទៅ 10 ពាន់លានរូបភាពឯណោះ ក្នុងរយៈពេលមិនដល់មួយពព្រិចភ្នែកនោះទេ ហើយបន្ទាប់ពីសិក្សាបន្ថែមយ៉ាងយូររួចមក ទីបំផុតគេក៏អាចដាក់បន្ថែមបច្ចេកវិទ្យា ដែលអាចថតបែប 3D ចូលទៅក្នុងកាមេរ៉ានោះ ដោយឲ្យដំណើរការរបស់វា ធ្វើការដូចអ្វីដែលភ្នែកទាំងពីររបស់យើង សម្លឹងឃើញបរិស្ថានជុំវិញខ្លួនទៀតផង។ បន្ទាប់មកទៀត កុំព្យូទ័រដែលជាអ្នកដំណើរការទៅលើកាមេរ៉ា SP-CUP នេះ គឺត្រូវធ្វើការគណនាសញ្ញាណ 2 ដែលបានពីការមើលឃើញរបស់កាមេរ៉ានោះ ឲ្យទៅជាទម្រង់ 3 វិមាត្រ (3D) ដោយការដំណើរការនេះ គេបញ្ជាក់ថា វាដូចនឹងអ្វីដែលខួក្បាលរបស់យើង ធ្វើការជាមួយភ្នែករៀងរាល់ថ្ងៃអញ្ចឹងដែរ។

នៅក្នុងនោះ លោក Lihong Wang បានជឿជាក់ថា សមត្ថភាពកាមេរ៉ារបស់លោកនេះ នឹងអាចជួយអ្នកវិទ្យាសាស្រ្តបានកាន់តែច្រើន ក្នុងការដោះស្រាយចម្ងល់ ក៏ដូចជាបង្ហាញពីអាថ៌កំបាំងក្នុងរូបវិទ្យាផ្សេងៗ ដែលមិនធ្លាប់មានអ្នកដឹងកន្លងមក ព្រោះជាក់ស្ដែង វាថែមទាំងអាចចាប់យកការផ្លាស់ប្តូរទីតាំង នៃរលកពន្លឺបាន ដែលយើងដឹងហើយថា ពន្លឺគឺមានការបម្លាស់ទីលឿនបំផុត។

ដោយ​ ៖ RT
អត្ថបទទាក់ទង