Fujifilm បានបញ្ចេញកាមេរ៉ា Mirrorless ជំនាន់ថ្មីមានតម្លៃខ្ទង់ ៤ លានរៀល (999 ដុល្លារ)​
ដោយ​ ៖ គង់គីត | 2 ថ្ងៃមុន SHARE

 

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតកាមេរ៉ារបស់ប្រទេសជប៉ុន Fujifilm បានសម្រេចចិត្តធ្វើការប្រកាសចេញនូវកាមេរ៉ាជំនាន់ថ្មីមកមួយម៉ូឌែលទៀត ដោយវាមានឈ្មោះផ្លូវការថា Fujifilm X-S10 ហើយវាក៏ជាប្រភេទកាមេរ៉ា Mirrorless ជំនាន់ចុងក្រោយ របស់ក្រុមហ៊ុនមួយនេះ ដែលបានភ្ជាប់មកជាមួយតម្លៃ អាចទទួលយកបានផងដែរ។

ជាក់ស្ដែង កាមេរ៉ាពពួក Mirrorless នេះ ត្រូវបានបង្កើតឡើងមកជាពិសេស សម្រាប់អ្នកដែលនិយមចូលចិត្តថតរូបច្រើន ដែលវាមានលក្ខណៈពិសេសជាច្រើន និងការរចនាបែបសាមញ្ញ ជាមួយនឹងមុខងារគ្រប់គ្រងតិចងាយស្រួលប្រើប្រាស់ ហើយវាក៏បានផ្តោតយ៉ាងសំខាន់ទៅលើអេក្រង់អាច Touchscreen បានផងដែរ។ ពិតណាស់ Fujifilm X-S10 មានប្រើសេនស័រកាមេរ៉ាទំហំ 26.1MP ជាមួយនឹងសេនស័រ CMOS ជាមួយ X-Processor និង X-Trans ដែលមានប្រើនៅលើម៉ូឌែល X-T4 ដែរ។ លើសពីនេះទៅទៀត Fujifilm បានអះអាងថា វានឹងជួយផ្ដល់គុណភាពរូបភាព ជាមួយ Wide Dynamic Range កាន់តែប្រសើរ និងបន្ថែមល្បឿន Autofocus បានកាន់តែលឿនជាង ជំនាន់មុនថែមមួយកម្រិតទៀត និងមានមុខងារចាប់សម្គាល់ផ្ទៃមុខ និងភ្នែកបានទៀតផង។

មិនតែប៉ុណ្ណោះ Fujifilm X-S10 ក៏មានសមត្ថភាពអាចថតវីដេអូ ជាមួយកម្រិត 4K បានដល់ 30fps (Frames Per Second) មិនមែន 60fps នោះទេ ប៉ុន្តែអាចថតក្នុងកម្រិត 1080p បានដល់ទៅ 240fps ឯណោះ។ ក្រៅពីនេះ វាមានអេក្រង់ Touchscreen ទំហំ 3 អ៊ីញ ជាប្រភេទ LCD ដូច្នេះអ្នកអាចធ្វើការកំណត់ និងបញ្ជាមុខងារផ្សេងបានផងដែរ។ មួយវិញទៀត Fujifilm X-S10 បានភ្ជាប់មកជាមួយមុខងារទប់លំនឹង In-Body Image Stabilization (IBIS) ទៀតផង និងមានភ្ជាប់ Film Simulations ចំនួន 18 ខុសៗគ្នា សម្រាប់ប្រើនៅពេលថតរូប អោយមើលទៅកាន់តែទាក់ទាញផងដែរ។

ជាងនេះទៅទៀត Fujifilm ក៏បានបន្ថែម ETERNA Bleach Bypass ទៅអោយកាមេរ៉ាខ្សែស្រឡាញ Mirrorless ចុងក្រោយមួយនេះ ដែលនឹងផ្តល់នូវគុណភាព Contrast នៃរូបភាពមើលទៅកាន់តែច្បាស់ថែមទៀត។ ជាចុងក្រោយ Fujifilm X-S10 មានតម្លៃប្រមាណជា ៤ លានរៀល (999.95 ដុល្លារ) សម្រាប់កាមេរ៉ាទទេ ឬ តម្លៃ 1,399.95 ភ្ជាប់មកជាមួយលេនទំហំ 18-55 មីលីម៉ែត្រ មាន Aperture ចាប់ពី f/2.8 ទៅដល់ f/4 និងតម្លៃ 1,499.95 ដែលបានភ្ជាប់ជាមួយលេន 16-80 មីលីម៉ែត្រ មាន Aperture f/4 ហើយវានឹងត្រូវបានដាក់លក់ជាផ្លូវការ នៅក្នុងខែវិច្ឆិកាខាងមុខនេះហើយ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង