ស្ថាបនិក OnePlus លោក Carl Pei បានបញ្ជាក់ដោយផ្ទាល់ហើយថា លោកពិតជាចាកចេញពីក្រុមហ៊ុនពិតមែន​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

កាលពីមុនការប្រកាសចេញ OnePlus 8T មកដល់ យើងធ្លាប់ទទួលបានដំណឹងមួយដែលបញ្ជាក់ថា ស្ថាបនិកមួយរូបរបស់ OnePlus បានសម្រេចចិត្តចាកចេញពីក្រុមហ៊ុន នោះគឺលោក Carl Pei នេះឯង ប៉ុន្តែយ៉ាងណា ពេលនោះគឺមិនទាន់មានការបញ្ជាក់ចេញពី OnePlus ឡើយ។ ដោយឡែក បន្ទាប់ពីប្រកាសចេញ OnePlus 8T រួចរាល់ប៉ុន្មានថ្ងៃមក នៅក្នុងពេលនេះវិញ បញ្ហាខាងលើត្រូវបានបំភ្លឺយ៉ាងច្បាស់ហើយ ពោលគឺលោក Carl Pei បានបញ្ជាក់ដោយផ្ទាល់ថា លោកពិតជាចាកចេញពីក្រុមហ៊ុនមែន។

ជាការពិតណាស់ បើតាមការបង្ហាញចេញពីសំណាក់លោក Carl Pei ដោយផ្ទាល់បានឲ្យដឹងថា លោកពិតជាបានចែកផ្លូវគ្នាជាមួយ OnePlus មែន បន្ទាប់ពីបានរួមរស់ជាមួយគ្នា អស់រយៈពេលជិត 7 ឆ្នាំកន្លងមក។ យ៉ាងណាក៏ដោយ សម្រាប់មូលហេតុ ក៏ដូចជាគម្រោងអនាគត ដែលលោកនឹងបន្តនៅពេលបញ្ចប់ជាមួយ OnePlus នេះ គាត់មិនបានបញ្ជាក់នោះទេ ផ្ទុយទៅវិញ គាត់គ្រាន់តែប្រាប់ថា គាត់ចង់ចំណាយពេលវេលាបន្ថែមជាមួយគ្រួសារ និងមិត្តភក្តិរបស់គាត់ ដោយមិនគិតទៅលើអ្វីដែលគាត់កំពុងធ្វើពេលនេះ ខណៈពេលដែលពាក្យចចាមអារាមផ្សេងៗទៀត បានបញ្ជាក់ថា គាត់ចាកចេញពី OnePlus ដើម្បីធ្វើការរកស៊ី ក៏ដូចជាបណ្ដាក់ទុនថ្មីផ្ទាល់ខ្លួនតែម្ដង។ គួរបញ្ជាក់ដែរថា លោក Carl Pei គឺជាស្ថាបនិក OnePlus មួយរូប ដែលបានសហការគ្នាជាមួយ Pate Lau ដើម្បីបង្កើតយីហោនេះឡើង ហើយគិតត្រឹមពេលដែលបុគ្គលខាងលើ មិនទាន់ឈប់នោះ គឺគាត់ក៏បានកាន់កាប់តួនាទីផ្នែកទីផ្សារ នៅក្នុងក្រុមហ៊ុនចិនខាងលើនេះដែរ។

និយាយរួមមកវិញ នៅក្នុងពេលនេះ លោក Carl Pei បានចេញមុខបញ្ជាក់ដោយផ្ទាល់ហើយថា លោកពិតជាចាកចេញពី OnePlus ពិតមែន ហើយសម្រាប់មូលហេតុនៃការចាកចេញ ក៏ដូចជាគោលដៅនាពេលអាណាគតរបស់គាត់ទៀតនោះ គឺមិនបានបញ្ជាក់ឲ្យដឹងនោះឡើយ។ ដូច្នេះហើយ នេះជារឿងគួរឲ្យសោកស្តាយមួយសម្រាប់ OnePlus ព្រោះបុគ្គលសំខាន់មួយរូប បានសម្រេចចិត្តដើរចេញ ខណៈពេលដែលក្រុមហ៊ុននេះ កំពុងតែព្យាយាមពង្រីកខ្សែស្រឡាយផលិតផលរបស់ខ្លួន ឲ្យកាន់តែទូលំទូលាយជាងមុន។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង