OnePlus បង្ហើបដោយផ្ទាល់ថា វត្តមាននាឡិកាឆ្លាតរបស់គេ នឹងបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ថ្ងៃមុន SHARE

 

កាលពីពេលថ្មីៗនេះ យើងបានឃើញហើយថា OnePlus ទើបតែប្រកាសចេញទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនមួយ ចូលមកបន្តដំណែង OnePlus 7T និងជាម៉ូឌែលមួយ ត្រូវបានគេ Upgrade សមត្ថភាពបន្ថែមពីលើ OnePlus 8 ដែលបានបង្ហាញកន្លងទៅ នោះគឺជា OnePlus 8T នេះឯង។ ដោយឡែក បន្ទាប់ពីនោះមក ក្រុមហ៊ុនខាងលើនេះ ក៏បានធ្វើការបង្ហោះសារមួយនៅតាមបណ្ដាញសង្គម Twitter ដែលបញ្ជាក់យ៉ាងច្បាស់ថា ពួកគេកំពុងតែធ្វើការទៅលើការផលិតថ្មីមួយទៀត ពោលគឺជានាឡិកាឆ្លាតតែម្ដង។

ជាការពិតណាស់ បើតាមការបង្ហាញចេញពី OnePlus ក្នុងប្រទេសឥណ្ឌាផ្ទាល់បានឲ្យដឹងថា នៅក្នុងពេលនេះ គេកំពុងតែធ្វើការទៅលើនាឡិកាឆ្លាត ហើយគេក៏គ្រោងនឹងបង្ហាញវត្តមានរបស់វា នៅក្នុងពេលឆាប់ៗខាងមុខនេះដែរ។ មិនខុសទេ បើនិយាយដល់ការបង្ហើបទាក់ទងនឹងនាឡិកាឆ្លាត យើងឃើញថា OnePlus មានគម្រោងទៅលើផ្នែកនេះ តាំងពីឆ្នាំ 2016 មកម្លេះ ជាក់ស្ដែង គេក៏ធ្លាប់បានបង្ហោះបង្ហើបជាលើកដំបូង ទាក់ទងនឹងនាឡិកាឆ្លាតដែរ ប៉ុន្តែយ៉ាងណាពេលនោះ គេបញ្ជាក់ថា វានៅមិនទាន់អាចទៅរួចនៅឡើយទេ ហើយរហូតមកទល់ពេលនេះ ទើបយើងទទួលបានការបញ្ជាក់ម្ដងទៀត ពីសំណាក់ OnePlus ដូចបានបញ្ជាក់ខាងលើអញ្ចឹង ពោលគឺបញ្ជាក់ថា ផលិតផលថ្មីស្ថិតក្នុង OnePlus Ecosystem កំពុងតែខិតជិតមកដល់ហើយ។ បើរំឮកទៅកាលពីឆ្នាំ 2016 នោះ រូបភាពដែលគេបានបញ្ចេញមកឃើញថា ជានាឡិកាឆ្លាតដែលមានទម្រង់មុខមូលផង និងជ្រុងផង ប៉ុន្តែបើតាម OnePlus India បង្ហាញថ្មីៗនេះវិញ គឺជានាឡិកាឆ្លាតមានមុខជ្រុងតែមួយប៉ុណ្ណោះ ដូច្នេះអាចនិយាយបានថា ក្រុមហ៊ុនខាងលើនេះ អាចនឹងសម្រេចយកទម្រង់មុខជ្រុងតែម្ដង។

គួរបញ្ជាក់ដែរថា មិនទាន់ប្រភពណាមួយដឹងច្បាស់នោះទេ ពីលក្ខណៈសម្បត្តិទាក់ទងនឹងនាឡិកាឆ្លាតរបស់ OnePlus នោះ ហើយយើងក៏មិនទាន់ដឹងដែរថា នាឡិកាឆ្លាតនោះនឹងដំណើរការដោយ Wear OS របស់ Google ឬក៏ដំណើរការដោយ OxygenOS ដែលអភិវឌ្ឍន៍ឡើងសម្រាប់នាឡិកាឆ្លាត។ និយាយរួមមកវិញ អ្វីដែលយើងដឹងច្បាស់នៅក្នុងពេលនេះគឺថា OnePlus គឺពិតជាកំពុងតែធ្វើការលើនាឡិកាឆ្លាតមែន ហើយបើតាមមើលទៅ គេកំពុងតែព្យាយាមពង្រីក ខ្សែស្រឡាយផលិតផលរបស់គេ ឲ្យកាន់តែធំទូលាយ ជាក់ស្ដែងដូចកន្លងមកនេះអញ្ចឹង យើងឃើញថា គេបានប្រកាសចេញកាសឥតខ្សែ ក៏ដូចជាមានទាំង Powerbank សម្រាប់ទីផ្សារមួយចំនួនទៀតផង។

ដោយ​ ៖ 9To5 Google
អត្ថបទទាក់ទង