នេះជាផ្ទៃ UI ប្រើប្រាស់របស់ម៉ាស៊ីនហ្គេមជំនាន់ថ្មី PlayStation 5​
ដោយ​ ៖ ឈីរ៉ូ | 3 ថ្ងៃមុន SHARE

 

គិតចាប់ពីពេលនេះទៅ នៅសល់រយៈពេលតែ 4 សប្តាហ៍ទៀតប៉ុណ្ណោះ ម៉ាស៊ីនហ្គេមជំនាន់ថ្មី PlayStation 5 នឹងត្រូវដាក់លក់ជាផ្លូវការហើយ ហេតុដូច្នេះកាលពីយប់មិញនេះ តាមរយៈ Youtube Channel ផ្លូវការ “PlayStation” របស់ខ្លួន Sony សម្រេចចិត្តបង្ហោះវីដេអូថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងបានឃើញច្បាស់ពីផ្ទៃ UI ប្រើប្រាស់របស់ម៉ាស៊ីនហ្គេម PlayStation 5 តែម្តង។

តាមរយៈវីដេអូថ្មីមួយនេះ បានធ្វើឲ្យយើងដឹងថា ផ្ទៃ UI ប្រើប្រាស់របស់ PlayStation 5 ទទួលបានការកែប្រែយ៉ាងច្រើន ដោយវាទទួលបានផ្ទាំង Control Center ថ្មី ហើយអ្នកប្រើប្រាស់អាចបើកដំណើរវាបានតាមរយៈប៊ូតុង PlayStation។ នៅក្នុងផ្ទាំង Control Center របស់ PlayStation 5 បានផ្ទុកមុខងារសំខាន់មួយចំនួនដូចជា មុខងារ Activity ដែលបង្ហាញឲ្យអ្នកប្រើប្រាស់ដឹងពីគោលដៅ ឬប៉េសកកម្មណាមួយដែលពួកគេមិនទាន់បានបំពេញរួចរាល់នៅក្នុងហ្គេម។ មុខងារ Picture in Picture អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចូលទៅលេងហ្គេមមួយផ្សេងទៀត ឬក្នុងកម្រិតណាមួយនៃហ្គេម ក៏ដូចជាត្រួតពិនិត្យភាគរយនៃហ្គេមដែលពួកគេបានលេងរួចហើយ បានយ៉ាងឆាប់រហ័ស និងមិនចាំបាច់ត្រលប់ទៅកាន់ផ្ទាំងបង្ហាញដើម (Dashboard) របស់ PlayStation 5 នោះទេ។

មិនទាន់អស់នោះទេ តាមរយៈវីដេអូថ្មីមួយនេះ ក៏បានបង្ហាញឲ្យយើងបានឃើញពី Dashboard របស់ PlayStation 5 ផងដែរ ដោយនៅផ្នែកខាងលើវាបង្ហាញ Icon របស់ PlayStation Store និង Icon របស់ហ្គេម / កម្មវីធី ដែលយើងបានដំឡើង ក៏ដូចជា Icon របស់មុខងារមួយចំនួនផ្សេងទៀតផងដែរ។ ខណៈដែលផ្ទៃខាងក្រោយ (Background) របស់វាបង្ហាញពីរូបភាពទាក់ទងទៅនឹងហ្គេមដែលអ្នកប្រើប្រាស់កំពុងចង្អុលលើ។ សម្រាប់ផ្នែកខាងក្រោមរបស់វាវិញ បង្ហាញពីហ្គេមល្បីៗ ឬក៏អ្វីដែលសំខាន់ដែលអ្នកប្រើប្រាស់គួរតែដឹងពីវា។ ដើម្បីដឹងពីផ្ទៃ UI ប្រើប្រាស់របស់ម៉ាស៊ីនហ្គេមជំនាន់ថ្មី PlayStation 5 ឲ្យកាន់តែច្បាស់ជាងនេះ ប្រិយមិត្តទាំងអស់គ្នាអាចចុចទស្សនាវីដេអូនៅខាងក្រោមនេះបាន។

ដោយ​ ៖ Sony
អត្ថបទទាក់ទង