iPhone 12 Series សម្រាប់ទីផ្សារប្រទេសបារាំងនៅតែភ្ជាប់មកជាមួយកាសខ្សែ EarPods នៅក្នុងប្រអប់ដដែល​
ដោយ​ ៖ ឈីរ៉ូ | 4 ថ្ងៃមុន SHARE

 

គិតទល់មកដល់ពេលនេះ ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងហើយថា iPhone 12 Series ដែលបានប្រកាសចេញជាផ្លូវការកាលពីពេលថ្មីៗកន្លងទៅ ហើយត្រៀមនឹងចាប់ផ្តើមដាក់លក់ជាផ្លូវការនៅក្នុងសប្តាហ៍ក្រោយនេះ មិនបានភ្ជាប់មកជាមួយកាសខ្សែ EarPods និងក្បាលឆ្នាំងសាកនោះទេ។ ដូច្នេះមានន័យថា សម្រាប់អ្នកដែលមិនធ្លាប់ប្រើ iPad ឬក៏ iPhone ពីមុនមក ហើយមានបំណងចង់ទិញយក iPhone 12 Series មកប្រើប្រាស់នោះ អ្នកត្រូវតែចំណាយលុយទិញកាស និងក្បាលឆ្នាំងសាកពីក្រៅបន្ថែមមួយតង់ទៀត។

ទាក់ទងទៅនឹងគ្រឿងបន្ថែមនៅក្នុងប្រអប់របស់ iPhone 12 Series នេះដែរ នៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ MacRumors បានធ្វើឲ្យយើងដឹងថា iPhone 12 Series ដែលសម្រាប់ដាក់លក់នៅលើទីផ្សារប្រទេសបារាំងនៅតែភ្ជាប់មកជាមួយកាសខ្សែ EarPods នៅក្នុងប្រអប់វេចខ្ចប់របស់ពួកវាដដែល។ បន្ទាប់ពីបានទទួលបានដំណឹងថ្មីមួយនេះ ខ្ញុំជឿប្រិយមិត្តមួយចំនួនប្រហែលជាឆ្ងល់ហើយថា មូលហេតុអ្វីដែល iPhone 12 Series សម្រាប់ទីផ្សារប្រទេសបារាំងនៅតែភ្ជាប់មកជាមួយកាសខ្សែ EarPods នៅក្នុងប្រអប់ដដែល ខណៈដែល iPhone 12 Series សម្រាប់ទីផ្សារប្រទេសផ្សេងទៀតមិនបានភ្ជាប់មកជាមួយកាសខ្សែ EarPods ? បើផ្អែកទៅតាមព័ត៌មានដែលទទួលបាន បានធ្វើឲ្យយើងដឹងថា នៅក្នុងប្រទេសបារាំងមានច្បាប់មួយចែងថា គ្រប់ក្រុមហ៊ុនផលិតទូរសព្ទឆ្លាតទាំងអស់ត្រូវតែដាក់កាសខ្សែ ឬក៏កាសឥតខ្សែទៅក្នុងប្រអប់វេចខ្ចប់ទូរសព្ទឆ្លាតរបស់ខ្លួន។ 

បើសិនជាក្រុមហ៊ុនផលិតទូរសព្ទឆ្លាតណាមួយមិនព្រមអនុវត្តន៍តាមច្បាស់នេះទេនោះ ពួកគេនឹងត្រូវផ្តន្ទាទោសដោយពិន័យជាប្រាក់ចំនួន 75,000 អឺរ៉ូ។ គួររំលឹកផងថា ផ្អែកទៅតាមការបញ្ជាក់របស់ Apple ផ្ទាល់ បាននិយាយថា មូលហេតុដែលពួកគេសម្រេចចិត្តមិនបានដាក់កាសខ្សែ EarPods និងក្បាលឆ្នាំងសាកនៅក្នុងប្រអប់វេចខ្ចប់របស់ iPhone 12 Series ក៏ព្រោះតែពួកគេចង់កាត់បន្ថយវត្ថុធាតុដើមក្នុងការផលិត ហើយការធ្វើបែបនេះនឹងជួយឲ្យការបញ្ចេញកាបូនធ្លាក់ចុះ 2 លានតោន ឬស្មើនឹងឡានចំនួន 450,000 គ្រឿងដែលបើកបរលើផ្លូវជារៀងរាល់ឆ្នាំ។ បើនិយាយឲ្យខ្លីនិងងាយស្រួលយល់គឺក្រុមហ៊ុន Apple ចង់ចូលរួមចំណែកការពារបរិស្ថានពិភពលោក។

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង