OnePlus Buds Z បានបង្ហាញខ្លួនផ្លូវការ ជាមួយមុខងារសាកថ្មលឿន និងមានតម្លៃខ្ទង់ ២០ ម៉ឺនរៀល ឬ 50 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 4 ថ្ងៃមុន SHARE

 

ដូចយើងបានដឹងហើយ កាលពីពេលកន្លងមកនេះ មានដំណឹងលេចធ្លាយជាច្រើន បានបង្ហាញទាក់ទងនឹងកាសឥតខ្សែម៉ូឌែលថ្មីមួយទៀតរបស់ OnePlus ដោយធ្លាប់ត្រូវបានគេរំពឹងថាជា OnePlus Buds Z ហ្នឹងឯង។ មិនខុសទេ បើគិតមកទល់ពេលនេះ OnePlus បានប្រកាសចេញកាសខាងលើជាផ្លូវការហើយ ពោលគឺប្រកាសចេញជាមួយគ្នានឹង OnePlus 8T កាលពីយប់ថ្ងៃទី 14 ឈានចូលថ្ងៃទី 15 តុលា ថ្មីៗនេះឯង ហើយនៅក្នុងនោះ យើងឃើញថា គេពិតជាបានហៅកាសថ្មីនោះថា OnePlus Buds Z មែន កាន់តែពិសេស វាមានតម្លៃកាន់តែទាបជាងម៉ូឌែលមុន។

ជាការពិតណាស់ បើតាមការបង្ហាញចេញពីសំណាក់ OnePlus បានបញ្ជាក់ឲ្យដឹងថា OnePlus Buds Z មានទម្រង់តួខ្លួនស្រដៀង OnePlus Buds កន្លងទៅដែរ ប៉ុន្តែលើកនេះ វាមានភ្ជាប់មកជាមួយជ័រទ្រាប់ត្រចៀកខុសពីមុន ហើយសម្រាប់ផ្នែកខាងក្នុងវិញ វាបានបំពាក់មកជាមួយ Driver ទំហំ 10mm ក៏ដូចជាធ្វើការភ្ជាប់ជាមួយឧបករណ៍ផ្សេងៗ តាមរយៈ Bluetooth 5.0។ ទៅលើបច្ចេកវិទ្យាសម្លេងវិញ វាបានភ្ជាប់មកជាមួយមុខងារ ដែលជួយជំរុញបន្ថែម ទៅលើកម្រិតសម្លេងបុកបាស ក៏ដូចជាមានមុខងារ 3D Stereo ទៀតផង នេះក៏ដោយសារតែវាអាចគាំទ្រជាមួយ Dolby Atmos ផងដែរ។ សម្រាប់ចំណុចពិសេសរបស់កាសខាងលើនេះ គឺវាអាចឲ្យអ្នកប្រើប្រាស់ ភ្ជាប់ទៅកាន់ឧបករណ៍ 2 ក្នុងពេលតែមួយ ហើយក៏អាចធ្វើការប្តូរពីឧបករណ៍មួយ ទៅស្ដាប់លើឧបករណ៍មួយទៀត ដោយគ្រាន់តែចុច 2 ដងលើខ្លួនរបស់វា បន្ថែមពីនេះ វាក៏មានមុខងារ Quick Pair ដែរ ដោយវានឹងធ្វើការភ្ជាប់ទៅកាន់ទូរសព្ទឆ្លាត ឲ្យបានលឿនបំផុត នៅពេលដែលអ្នកប្រើ ចាប់ផ្តើមបើកប្រអប់របស់វា។

សម្រាប់ថាមពលថ្មវិញ OnePlus បានអះអាងថា Buds Z ថ្មីនេះ វាអាចកាន់បានដល់ទៅ 20 ម៉ោងសម្រាប់ការស្ដាប់តន្រ្តី នេះបើគិតទាំងថាមពលថ្មលើប្រអប់សាករបស់វា ប៉ុន្តែនិយាយតែទៅលើកាសនីមួយៗវិញ វាអាចកាន់បានប្រមាណជា 5 ម៉ោងផងដែរ។ ក្រៅពីនេះ វាក៏មានមុខងារសាកថ្មលឿនដែរ ពោលគឺនៅពេលសាក 10 នាទី វាអាចកំដរអ្នកប្រើប្រាស់ បានដល់ទៅ 3 ម៉ោងបន្ថែមទៀត។ យ៉ាងណាក៏ដោយ សម្រាប់ការប្រើប្រាស់ទូទៅ កាសខាងលើនេះ មិនមានមុខងារទប់សម្លេងរំខាននោះទេ ប៉ុន្តែវាមានមុខងារនេះ នៅពេលដែលមានការ Call មួយវិញទៀតនោះ គេក៏បានបំពាក់មុខងារការពារទឹកកម្រិតស្រាល IP55 លើកាសខាងលើដែរ សម្រាប់ការពារនៅពេលគេប្រើប្រាស់វា ដើម្បីហាត់ប្រាណជាដើម។ ទៅលើតម្លៃវិញ ជាចំណុចពិសសរបស់កាសខាងលើ ពោលគឺវាមានតម្លៃខ្ទង់ ២០ ម៉ឺនរៀល ឬ 50 ដុល្លារ ទាបជាង OnePlus Buds ដែលបានប្រកាសចេញជាមួយ OnePlus Nord កន្លងទៅច្រើនដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង