AnTuTu បង្ហាញថា iPhone 12 Pro មាន RAM 6GB និងអាចទាញយកពិន្ទុសរុបបានខ្ទង់ 57 ម៉ឺនជាងប៉ុណ្ណោះ​
ដោយ​ ៖ ឈីរ៉ូ | 4 ថ្ងៃមុន SHARE

 

ដូចដែលយើងបានដឹងហើយ iPhone 12 Series ត្រូវបានប្រកាសចេញជាផ្លូវការ កាលពីថ្ងៃទី 13 ខែតុលា ឆ្នាំ 2020 កន្លងទៅថ្មីៗនេះ ពួកវាទទួលបានស៊ុមព័ទ្ធជុំវិញថ្មី មានលក្ខណៈសំប៉ែតស្រដៀងទៅនឹង iPhone 5 បន្ទះឈីបលំដាប់កំពូល A14 Bionic ទំហំ 5nm គាំទ្របច្ចេកវិទ្យា 5G និងបច្ចេកវិទ្យាសាកថ្មឥតខ្សែ MagSafe កម្លាំង 15W ក៏ដូចជាលក្ខណៈសម្បត្តិពិសេសមួយចំនួនទៀតផងដែរ។

ទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់ iPhone 12 Series នេះដែរ នៅសល់ចំណុចមួយចំនួន ដែល Apple មិនទាន់បានបញ្ជាក់ឲ្យយើងបានដឹងច្បាស់ ជាក់ស្តែងដូចជាទំហំ RAM របស់ពួកវាតែម្តង។ ហេតុដូច្នេះហើយ ខ្ញុំជឿថាមានប្រិយមិត្តមួយចំនួនប្រហែលជាចង់ដឹងហើយថា តើ iPhone 12 Series បានភ្ជាប់មកជាមួយ RAM ទំហំប៉ុន្មាន GB? បើផ្អែកទៅតាមរូបភាព Screenshot របស់កម្មវិធី AnTuTu ដែលយើងបានប្រទះឃើញបានបង្ហាញថា iPhone 12 Pro និង 12 Pro Max បានភ្ជាប់មកជាមួយ RAM ទំហំ 6GB ខណៈដែល iPhone 12 បានភ្ជាប់មកជាមួយ RAM ទំហំត្រឹមតែ 4GB ប៉ុណ្ណោះ។ ជាងនេះទៅទៀត តាមរយៈរូបភាព Screenshot ដដែលនេះ ក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា iPhone 12 Pro ប្រើប្រាស់បន្ទះឈីប A14 ជាមួយ RAM ទំហំ 6GB មានសមត្ថភាពអាចទាញយកពិន្ទុសរុបពី AnTuTu បានខ្ទង់ 572133 ពិន្ទុ ដោយក្នុងនោះវាទទួលបានពិន្ទុ CPU សរុបចំនួន 167437, ពិន្ទុ GPU សរុបចំនួន 196812, ពិន្ទុ Memory សរុបចំនួន 114462 និងចុងក្រោយគេវាទទួលបានពិន្ទុ UX សរុបចំនួន 93422។

ខណៈដែល iPhone 12 ប្រើប្រាស់បន្ទះឈីប A14 ជាមួយ RAM ទំហំ 4GB មានសមត្ថភាពអាចទាញយកពិន្ទុសរុបពី AnTuTu បានខ្ទង់ 564899 ពិន្ទុ។ ជាចុងក្រោយ ចំពោះគំនិតខ្ញុំផ្ទាល់ ខ្ញុំគិតថាថ្វីត្បិតតែ iPhone 12 Series ទាញបានពិន្ទុសរុបពី AnTuTu បានខ្ទង់ 57 ម៉ឺនជាងក៏ពិតមែន ប៉ុន្តែយើងក៏មិនទាន់អាចប្រាកដបានថា ពួកវាមានកម្លំាងខ្សោយជាងទូរសព្ទឆ្លាតលំដាប់កំពូលរបស់ក្រុមហ៊ុនដទៃនោះដែរ ទាល់តែចាំមើលការធ្វើតេស្ត និងប្រើប្រាស់ជាក់ស្តែងទើបយើងបានដឹងច្បាស់។

ដោយ​ ៖ Ice Universe
អត្ថបទទាក់ទង