ការតេស្ដកម្លាំងដំបូងតាម Benchmark ឃើញថា iPhone 12 Pro Series ខ្លាំងជាង iPhone 11 Pro Series ខ្ទង់ 25% ដែរ​
ដោយ​ ៖ ឡេង | 4 ថ្ងៃមុន SHARE

 

ខណៈពេលដែលបានប្រកាសចេញ iPhone 12 Series កាលពីពេលថ្មីៗកន្លងទៅនេះ Apple ក៏បានដាក់បង្ហាញឲ្យដឹងអំពី ឈីបកំពូលជំនាន់ថ្មីរបស់ពួកគេផងដែរ ដោយវាត្រូវជាឈីប A14 Bionic ស្ថិតនៅទំហំតូចត្រឹម 5nm ដំបូងគេបង្អស់ សម្រាប់ម៉ូឌែល iPad Air 2020 (ឬហៅក្រៅថា iPad Air 4) និងម៉ូឌែល iPhone 12 Series ស្រាប់តែម្ដង។ ចំណែកឯពេលនេះ យើងចាប់ផ្ដើមប្រទះឃើញលទ្ធផលពិន្ទុ នៃការធ្វើតេស្ដកម្លាំងរបស់ iPhone 12 Pro Series ជាបណ្ដើរៗហើយ ព្រមទាំងអាចប្រៀបធៀបជាមួយនឹង ជំនាន់មុនបានថែមទៀតផង។

គួរបញ្ជាក់ប្រាប់ឲ្យដឹងមុនថា សម្រាប់ឈ្មោះបង្ហាញថា iPhone 13,3 និង iPhone 13,4 នៅក្នុងនោះ គឺគ្រាន់តែជាលេខឈ្មោះកូដរបស់ពួកវាប៉ុណ្ណោះ ដោយដើម្បីសម្គាល់ឲ្យម៉ូឌែល iPhone 12 Pro Series ផងដែរ។ បើយោងតាមពិន្ទុថ្មីទាំងអស់នោះ គឺបានលាតត្រដាងឲ្យឃើញថា iPhone 12 Pro (លេខកូដ iPhone 13,3) ទទួលបានពិន្ទុ Single-Core ចំនួន 1,597 ពិន្ទុ និងពិន្ទុ Multi-Core ចំនួន 4,152 ពិន្ទុ។

ហេតុដូច្នេះហើយ នេះគឺមានន័យថា iPhone 12 Pro មានល្បឿនលឿនជាង iPhone 11 Pro ប្រមាណ 25% ឬជិត 26% ដែរ ដោយជំនាន់មុននេះ ទទួលបានពិន្ទុ Single-Core ចំនួន 1,327ពិន្ទុ និងពិន្ទុ Multi-Core ចំនួន 3,289 ពិន្ទុនោះទេ។ ប្រសិនបើមើលទៅលើម៉ូឌែល iPhone 12 Pro Max (លេខកូដ iPhone 13,4) ឯណោះវិញ គឺបានប្រទះឃើញថា វាមានល្បឿនលឿនជាង iPhone 11 Pro Max ខ្ទង់ 20% ទៅ 25% ដែរ ដោយផ្អែកតាមពិន្ទុធ្វើតេស្ដនេះ។

***ដើម្បីចូលទៅពិនិត្យមើលពិន្ទុធ្វើតេស្ដរបស់ iPhone 12 Pro Series សូមចុចទីនេះ

តាមការអះអាងរបស់ Apple បាននិយាយប្រាប់ថា ឈីបកំពូល A14 Bionic ចុងក្រោយរបស់ខ្លួននេះ គឺមានសមត្ថភាពកម្លាំងខ្ពស់ជាងគេបង្អស់លើទីផ្សារ ប៉ុន្ដែយើងរង់ចាំការធ្វើតេស្ដដោយផ្ទាល់ដៃសិន ទើបអាចសម្រេចទៅតាមនោះបាន។ តើអ្នកទាំងអស់គ្នាយល់យ៉ាងដែរ ចំពោះពិន្ទុដែល iPhone 12 Pro Series ទទួលបាននេះ?

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង