នៅក្នុងប្រអប់របស់ iPhone 12 Series ពិតជាមិនបានភ្ជាប់មកជាមួយកាសខ្សែ EarPods និងក្បាលឆ្នាំងសាកមែន​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

កាលពីយប់មិញនេះ តាមរយៈព្រឹត្តិការណ៍ពិសេស “Hi, Speed.” របស់ខ្លួន Apple បានប្រកាសចេញ iPhone 12 Series ជាផ្លូវការ ហើយពួកវាបានក្លាយទៅជា iPhone ដំបូងរបស់ Apple ដែលបានភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G។ ក្រៅពី 5G ហើយ iPhone 12 Series ក៏បានទទួលបានស៊ុមព័ទ្ធជុំវិញថ្មី មានលក្ខណៈសំប៉ែតដែលមើលទៅស្រដៀងទៅនឹង iPhone 4 ក៏ដូចជាលក្ខណៈសម្បត្តិពិសេសៗជាច្រើនទៀតផងដែរ។  

ទាក់ទងទៅនឹង iPhone 12 Series ដែលទើបតែបានប្រកាសចេញនេះដែរ នៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រផ្លូវការរបស់ Apple ផ្ទាល់ បានធ្វើឲ្យយើងដឹងយ៉ាងច្បាស់ថា Apple ពិតជាមិនបានដាក់កាសខ្សែ EarPods និងក្បាលឆ្នាំងសាកនៅក្នុងប្រអប់វេចខ្ចប់របស់ iPhone 12 Series ដូចទៅនឹងដំណឹងបែកធ្លាយដែលយើងទទួលបានកន្លងមកមែន។ ដូច្នេះមានន័យថា សម្រាប់អ្នកដែលមិនធ្លាប់ប្រើ iPad ឬក៏ iPhone ពីមុនមក ហើយមានបំណងចង់ទិញយក iPhone 12 Series មកប្រើប្រាស់នោះ អ្នកត្រូវតែចំណាយលុយទិញកាស និងក្បាលឆ្នាំងសាកពីក្រៅបន្ថែមមួយតង់ទៀត។ គួរបញ្ជាក់ផងថា កាសខ្សែ EarPods និងក្បាលឆ្នាំងសាកកម្លាំង 20W ត្រូវបាន Apple ដាក់លក់នៅក្នុងតម្លៃខ្ទង់ប្រហែលជា ៧ ម៉ឺន ៦ ពាន់រៀល (19 ដុល្លារ) ដូចគ្នា។

ផ្អែកទៅតាមការបញ្ជាក់របស់ Apple ផ្ទាល់ បានធ្វើឲ្យយើងដឹងថា មូលហេតុដែលពួកគេសម្រេចចិត្តមិនបានដាក់កាសខ្សែ EarPods និងក្បាលឆ្នាំងសាកនៅក្នុងប្រអប់វេចខ្ចប់របស់ iPhone 12 Series ក៏ព្រោះតែពួកគេចង់ចូលរួមចំណែកការពារបរិស្ថានពិភពលោក។ ពាក់ព័ន្ធទៅនឹង iPhone 12 Series មិនបានភ្ជាប់មកជាមួយកាសខ្សែ EarPods និងក្បាលឆ្នាំងសាកនេះដែរ តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ? ជាចុងក្រោយ សូមកុំភ្លេចបញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមនេះឲ្យខ្ញុំបានដឹងផង។

ដោយ​ ៖ Apple
អត្ថបទទាក់ទង