iPhone 12 Pro | 12 Pro Max ត្រូវបានប្រកាសចេញជាផ្លូវការ តើមានអ្វីខុសប្លែកពីជំនាន់មុនខ្លះ?​
ដោយ​ ៖ ឡេង | 6 ថ្ងៃមុន SHARE

 

ទើបតែអម្បាញ់មិញនេះប៉ុណ្ណោះ ដែលយើងបានឃើញក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញនូវ ទូរសព្ទឆ្លាតលំដាប់កំពូលប្រចាំឆ្នាំ 2020 របស់ពួកគេ ដែលត្រូវជាពពួកម៉ូឌែល iPhone 12 Series (12 mini, 12, 12 Pro និង 12 Pro Max) ព្រមទាំងដុំ HomePod mini ជាមួយបន្ទះសាកថ្មឥតខ្សែ Wireless Charger ផងដែរ។ អ្វីដែលធ្វើឲ្យព្រឹត្តិការណ៍នៅឆ្នាំនេះ មានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ នោះគឺដោយសារតែ ការចាក់ផ្សាយវីដេអូថតទុកជាមុន ក៏ដូចជាការលើកពេលពីខែកញ្ញា មកប្រកាសនៅខែតុលានេះវិញ ព្រោះតែអាចបណ្ដាលមកពីវីរុសកូវីដ 19 ក៏ថាបាន។ សម្រាប់អត្ថបទមួយនេះ ក្រុមការងារយើងនឹងរៀបរាប់ត្រួសៗជូនអំពីម៉ូឌែល iPhone 12 Pro និង 12 Pro Max រីឯម៉ូឌែល iPhone 12 mini និង 12 គឺត្រូវបានភ្ជាប់ជាមួយ អត្ថបទផ្សេងមួយទៀត។ អ៊ីចឹង កុំឲ្យខានពេលយូរ លោកអ្នកអាចចាប់ផ្ដើម ស្វែងយល់ពីលក្ខណៈសម្បត្តិរបស់ពួកវាបាន តាមរយៈអត្ថបទនៅខាងក្រោមនេះ។

ការឌីហ្សាញ និងបន្ទះអេក្រង់

របាយការណ៍ដែលក្រុមការងារយើង ទទួលបានកាលពីមុនៗមក ពិតជាមានភាគច្រើនត្រឹមត្រូវច្រើនមែនទែន ដោយរួមទាំងម៉ូឌែល iPhone 12 Pro និង iPhone 12 Pro Max សុទ្ធតែមានការឌីហ្សាញជារាងជ្រុងមកវិញ នៅតាមរយៈចំហៀងទូរសព្ទរបស់ពួកវា ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន នឹកឃើញដល់កាលពីជំនាន់ iPhone 4, iPhone 5 ឬ 5s ផងដែរ។ យ៉ាងណាមិញ សម្រាប់ផ្នែកផ្សេងៗទៀតដូចជា ផ្ទៃថ្ងាសឆកនៅខាងមុខ និងផ្នែកម៉ូតកាមេរ៉ាខាងក្រោយ គឺនៅរក្សាទ្រង់ទ្រាយដដែល គ្រាន់តែថែមសេនស័រ LiDAR មួយទៀតនៅពីក្រោមជ្រុងខាងស្ដាំប៉ុណ្ណោះ។ ចំណែកឯជម្រើសពណ៌របស់ពួកវា គឺរួមមានដូចជា ពណ៌ប្រផេះងងឹត, ពណ៌ទឹកប្រាក់, ពណ៌មាស និងជម្រើសពណ៌ថ្មី គឺជាពណ៌ខៀវងងឹត ដ៏ស្រស់ស្អាតនោះឯង។

ស្របនឹងពេលដែល iPhone 12 Pro Max មានអេក្រង់ទំហំ 6.7 អ៊ីញ រីឯ iPhone 12 Pro វិញ មានអេក្រង់ទំហំតូចជាងត្រឹម 6.1 អ៊ីញ ដោយពួកវាសុទ្ធតែជាប្រភេទ Super Retina XDR ឬហៅសាមញ្ញថា OLED ជំនាន់ខ្ពស់ ជាមួយកម្រិតបង្ហាញបាន Full HD+ ជាដើម។ អ្វីដែលយើងអាចរំពឹងទុកបាន ចេញពីបន្ទះអេក្រង់ប្រភេទនេះ គឺរួមមានទាំងបច្ចេកវិទ្យា HDR10, True-Tone, 458ppi ក៏ដូចជាកម្រិតពន្លឺឡើងរហូតដល់ 1200nits តែម្ដង។ តួខ្លួនរបស់ពួកវាទាំងពីរ ក៏ត្រូវបានការពារដោយអាវក្រោះ IP68 ពេញលេញផងដែរ ដោយក្រុមហ៊ុនអះអាងថា វាអាចស៊ូបានជម្រៅទឹកជ្រៅបំផុតដល់ 6 ម៉ែត្ររយៈពេល 30 នាទីឯណោះ។ 

កម្លាំងម៉ាស៊ីន

ដូចជារៀងរាល់ឆ្នាំអញ្ចឹងដែរ ដោយក្រុមហ៊ុន Apple បានធ្វើការបំពាក់ឈីបលំដាប់កំពូលជំនាន់ថ្មី ទៅឲ្យម៉ូឌែលទូរសព្ទឆ្លាតស៊េរីថ្មីៗរបស់ខ្លួន នោះគឺត្រូវជាឈីប A14 Bionic (64-bit ARM) (Transistors ប្រហាក់ប្រហែល 40% ខ្ពស់ជាង A13) របស់ខ្លួនឯងផ្ទាល់តែម្ដង។ យើងបានឃើញវត្តមានរបស់ឈីបថ្មីនេះ លើកដំបូងបង្អស់ជាមួយ iPad Air 2020 (ឬហៅក្រៅថា iPad Air 4) ដោយនៅពេលនេះ វាបានបង្ហាញខ្លួននៅលើ iPhone 12 Series ជាផ្លូវការហើយ។ តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយបន្ដផ្ទាល់មុននេះ Apple បានអះអាងមកថា ឈីប A14 Bionic នោះ មានសមត្ថភាពខ្ពស់ក្នុងការបើកប្រើប្រាស់មុខងារ Deep Fusion លើគ្រប់កាមេរ៉ាទាំងអស់។ លើកនេះ iPhone 12 Pro Max និង 12 Pro ត្រូវបានផ្ដល់ជូននូវ ទំហំអង្គផ្ទុកទិន្នន័យ 128GB/256GB/512GB និងបានបោះបង់ចោលជម្រើសទំហំ 64GB ហើយ ប៉ុន្ដែក្រុមហ៊ុន Apple នៅមិនចោលទម្លាប់ មិនប្រាប់អំពីទំហំរបស់រ៉េម និងទំហំថាមពលថ្មដដែល។ បច្ចេកវិទ្យាសាកថ្មឥតខ្សែនៅលើស៊េរីថ្មីនេះ ត្រូវបានដំឡើងឲ្យឡើងដល់កម្រិត 15W ហើយ ដែលខ្ពស់ជាងកម្រិត 7.5W នៅលើម៉ូឌែលឆ្នាំមុនៗផងដែរ។

កាមេរ៉ា

កាមេរ៉ាខាងក្រោយនៅរក្សាទំហំ 12MP ទាំងចំនួន 3 គ្រាប់ដដែល ដោយពួកវាជាប្រភេទសេនស័រដើម Wide ធំជាងមុន 47% សម្រាប់ម៉ូឌែល 12 Pro Max , លេនទូលាយ Ultra-Wide និងលេនពង្រីក Telephoto ជាមួយ 5x Optical Zoom នៅលើម៉ូឌែល iPhone 12 Pro Max និង 4x Optical Zoom នៅលើម៉ូឌែល iPhone 12 Pro វិញ។ ងាកទៅមើលលើកាមេរ៉ខាងមុខវិញ គឺវាមានទំហំ 12MP ដដែល គ្រាន់តែបន្ថែមមុខងារ Deep Fusion និង Night Mode ជាដើម។ បូករួមទាំងឈីបកំពូលថ្មី A14 និងសេនស័រកាមេរ៉ាថ្មីទាំងអស់នោះ គឺធ្វើឲ្យវាមានសមត្ថភាពថតវីដេអូប្រភេទ 4K HDR Dolby Vision ដំបូងគេបង្អស់ (រួមទាំងការកាត់តលើទូរសព្ទផ្ទាល់បាន និងការចែករំលែក), ការអនុញ្ញាតឲ្យថតសន្លឹកជាប្រភេទ RAW ជំនាន់ថ្មីបាន ដែលហៅថា Apple ProRAW ក៏ដូចជាការថតមុខងារ Night Mode លើគ្រប់កាមេរ៉ាទាំងអស់ (ទាំងខាងមុខខាងក្រោយ) និងអាចថតវីដេអូ Night Mode ជាប្រភេទ Time-Lapse។

បច្ចេកវិទ្យាថ្មីៗ

ដើម្បីកុំឲ្យហ្វេននិយាយថា គ្មានបំពាក់អ្វីមកថ្មីនៅលើស៊េរីថ្មី ដូច្នេះហើយ Apple ក៏បានដោះសេនស័រ LiDAR (ឈ្មោះពេញហៅថា Light Detection and Ranging) ចេញពី iPad Pro 2020 ដើម្បីយកមកបំពាក់នៅលើ iPhone 12 Pro Max និង 12 Pro ទុកសម្រាប់ជាជំនួយបាញ់វ៉ាស់ចម្ងាយ និងវ៉ាស់ជម្រៅរបស់វត្ថុនានា ក៏ដើម្បីដៅសម្គាល់ភាពជ្រៅ នៃផ្ទៃលំហរនៅជុំវិញយើង។ ភាគច្រើន វាត្រូវបានគេយកទៅប្រើប្រាស់ នៅលើកម្មវិធីជាប្រភេទ AR ដែលអាចដាក់វត្ថុឌីជីចល ពីលើពិភពពិតៗនៅខាងក្រៅបាន ដូចរូបភាពនៅខាងក្រោមនេះ។

លើសពីនេះទៅទៀត ពួកវាជាទូរសព្ទឆ្លាតដំបូងគេបង្អស់របស់ Apple អាចប្រើប្រាស់ប្រព័ន្ធ 5G ថែមទៀតផង ដែលត្រូវបានហ្វេនរង់ចាំតាំងពីឆ្នាំមុនមក។ ការថតវីដេអូជាប្រភេទ 4K HDR Dolby Vision បានមុនដំបូងគេ, បច្ចេកវិទ្យា MagSafe បានត្រឡប់មកវិញជាមួយ iPhone ស៊េរីថ្មីៗទាំងអស់នេះ, ការចាប់យក AutoFocus មានល្បឿនលឿនជាងមុន ទាំងនៅកន្លែងភ្លឺ និងងងឹត សុទ្ធតែជាមុខងារបន្ថែមថ្មីៗទៅលើ iPhone ទើបចេញនេះ។ ដូច្នេះកុំភ្លេចរង់ចាំតាមដាន ជាមួយក្រុមការងារយើងទាំងអស់គ្នា អំពីបច្ចេកវិទ្យាថ្មីៗផ្សេងៗទៀត ដែយើងនឹងចុះផ្សាយជូននៅពេលឆាប់ៗខាងមុខនេះ។

តម្លៃដាក់លក់នៅសហរដ្ឋអាមេរិក

- iPhone 12 Pro Max មានតម្លៃចាប់ផ្ដើមពីខ្ទង់ ៤ លាន ៤០ ម៉ឺនរៀលឡើងទៅ ឬខ្ទង់ 1,099 ដុល្លារឡ់ើងទៅ

- iPhone 12 Pro មានតម្លៃចាប់ផ្ដើមពីខ្ទង់ ៤ លានរៀលឡើងទៅ ឬខ្ទង់ 999 ដុល្លារឡ់ើងទៅ

មតិផ្ទាល់ខ្លួន

បន្ទាប់ពីបានទស្សនាព្រឹត្តិការណ៍ Apple Event នៅអំឡុងកណ្ដាលយប់នេះរួចហើយ ខ្ញុំអាចបញ្ចេញអារម្មណ៍ពិតរបស់ខ្ញុំបានថា Apple ប្រាកដជាអាចទាក់ទាញអតិថិជនបានច្រើន ទៅលើការរចនាបថបែបជ្រុងនោះ និងជម្រើសពណ៌ខៀវងងឹតថ្មី ប៉ុន្ដែពួកគេក៏ដូចជាមិនសូវ អាចធ្វើឲ្យម្ចាស់កំពុងប្រើប្រាស់ iPhone 11 Pro Max និង 11 Pro ប្ដូរទៅទិញស៊េរីថ្មីនេះបានច្រើនឡើយ ដោយសារតែ ចំណុចខុសគ្នាធំៗនៅមានតិចតួចពេក សម្រាប់អ្នកប្រើប្រាស់សាមញ្ញធម្មតា។ អ្វីដែលអាចធ្វើឲ្យអតិថិជនមួយចំនួនដកចិត្តចេញបាន នោះប្រាកដជាការលែងផ្ដល់ជូន កាសខ្សែ និងដុំសាកពីក្នុងប្រអប់តនោះតែម្ដង ក៏ប៉ុន្ដែ Apple បញ្ជាក់ថា នេះគឺដើម្បីជួយការពារបវិស្ថានប៉ុណ្ណោះ។ 

ជាចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ យើងបានឃើញមានការកែប្រែថ្មីៗសរុបដូចជា ការរចនាបថបែបរាងជ្រុងថ្មីម្ដងទៀត, មានបន្ថែមសេនស័រ LiDAR, កញ្ចប់សេនស័រកាមេរ៉ាថ្មី, ឈីបថ្មី, កាន់ថ្មជាងមុន, ជម្រើសពណ៌ថ្មី, មានភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G, មានអង្គផ្ទុកទិន្នន័យចាប់ពី 128GB ឡើងទៅ និងផ្សេងៗទៀត។  ចុះប្រិយមិត្តអ្នកអានទាំងអស់គ្នាវិញ តើមានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះ iPhone ស៊េរីថ្មីៗនៅក្នុងឆ្នាំ 2020 នេះ? តើកំពុងមានគម្រោងកុម្ម៉ង់ទិញពួកវាមកប្រើដែរទេ? ឬក៏ពួកវានៅមានចំណុចទាស់ចិត្តសម្រាប់លោកអ្នក? ដូច្នេះអាចធ្វើការបញ្ចេញមតិតាមរយៈប្រអប់ Comments ដើម្បីអាចឲ្យក្រុមការងារយើងបានដឹងផង។

ដោយ​ ៖ Apple
អត្ថបទទាក់ទង