iPhone 12 Mini និង iPhone 12 ពិតជាបង្ហាញខ្លួនមែន ជាមួយអេក្រង់ OLED គ្រប់ម៉ូឌែល គាំទ្រ 5G ក៏ដូចជាប្រើឈីបថ្មី A14 Bionic​
ដោយ​ ៖ សុវណ្ណរតនៈ | 6 ថ្ងៃមុន SHARE

 

អ្វីដែលមនុស្សជាច្រើនទន្ទឹងរង់ចាំ ពេលនេះបានមកដល់ហើយ ដោយទីបំផុត Apple ពិតជាបានប្រកាសចេញទូរសព្ទឆ្លាតជំនាន់ថ្មីរបស់ខ្លួន ដូចការរំពឹងទុកមែន ហើយអ្វីដែលពិសេសនោះ លើកនេះយើងឃើញថា មានដល់ទៅ 4 ម៉ូឌែលឯណោះដូចជា iPhone 12 Mini, iPhone 12, iPhone 12 Pro និង iPhone 12 Pro Max នេះឯង។ យ៉ាងណាក៏ដោយ សម្រាប់អត្ថបទនេះ យើងនឹងនិយាយតែទៅលើ 2 ម៉ូឌែលដំបូងប៉ុណ្ណោះ ពោលគឺម៉ូឌែល iPhone 12 Mini និង iPhone 12 ហ្នឹងតែម្ដង ដែលវាទាំងពីរនេះ បានបំពាក់មកជាមួយលក្ខណៈមួយចំនួន ទាបជាងម៉ូឌែល Pro ប៉ុន្តែតម្លៃរបស់វាក៏ត្រូវបានដាក់លក់ទាបដូចគ្នាដែរ។

ពិតណាស់ បើតាមការបង្ហាញចេញពីសំណាក់ Apple មុននេះ គឺថា iPhone 12 Mini និង iPhone 12 មានលក្ខណៈសម្បត្តិភាគច្រើនដូចគ្នា ប៉ុន្តែអ្វីដែលខុសគ្នាខ្លាំងនោះ គឺតែទៅលើទំហំអេក្រង់ហ្នឹងឯង ហើយសម្រាប់ចំណុចផ្សេងទៀត ជាក់ស្ដែងដូចជាកាមេរ៉ារបស់វានោះ គឺដូចគ្នាទាំងស្រុងតែម្ដង។ 

• ការរចនារូបរាង

បើនិយាយដល់ការរចនារូបរាង យើងឃើញថា iPhone 12 Mini និង iPhone 12 នេះ គឺមិនមានអ្វីខុសគ្នាទេ លើកលែងតែទំហំមួយប៉ុណ្ណោះ ហើយបើធៀបទៅនឹងម៉ូឌែល Pro និង Pro Max វិញ ក៏មិនមានទម្រង់នៃការរចនាខុសគ្នាច្រើនដែរ ក្រៅតែពីចំនួនកាមេរ៉ាក្រោយនោះឯង។ មិនខុសទេ លើកនេះ Apple បានប្រើប្រាស់ស្ទាយស៊ុមតួខ្លួនជុំវិញនោះ កាត់ទៅតាម iPhone ជំនាន់ចាស់វិញ ពោលគឺអាចថា កាត់ទៅតាម iPhone 4 ដោយគែមរបស់វា មានជាអាលុយមីញ៉ូមលក្ខណៈរាបស្មើតែម្ដង មិនមែនមូលដូចឆ្នាំមុននោះទេ ដោយការធ្វើបែបនេះ មើលទៅក៏ស្អាតម្យ៉ាងដែរ។ នៅផ្នែកខាងក្រោយ វាក្រាលដោយកញ្ចក់ ដែលមានកញ្ចប់កាមេរ៉ារាងការ៉េ ផ្ទុកលេនចំនួន 2 គ្រាប់ រួមទាំងមាន Flash LED នៅក្នុងនោះដែរ ហើយមិនប្លែកទៀតទេ នៅចំកណ្ដាលតួខ្លួននោះ គឺជាយីហោផ្លែប៉ោម រីឯផ្នែកខាងមុខវិញ វាទាំងពីរម៉ូឌែលខាងលើ មានអេក្រង់លាតកប់គែម ក្រាលការពារដោយ Ceramic Shield ត្រូវបាន Apple អះអាងថា ធន់នឹងការធ្លាក់ជាងមុនដល់ 4 ដងឯណោះ ប៉ុន្តែយ៉ាងណាវានៅតែបន្តប្រើម៉ូតឆកយ៉ាងធំវែងមួយ នៅខាងលើដដែល។ ទាំងពីរម៉ូឌែលខាងលើ ក៏ទទួលបានជម្រើសពណ៌យ៉ាងសម្បូរបែបដែរ ដែលមានដល់ទៅ 5 ពណ៌ដូចជា ខ្មៅ, បៃតង, ស, ក្រហម និងចុងក្រោយគឺពណ៌ខៀវ។

• ផ្ទៃបង្ហាញ ឬអេក្រង់

ចូលមកដល់បន្ទះបង្ហាញ ដែលមាននៅលើ iPhone 12 Mini និង iPhone 12 វិញ លើកនេះ Apple សម្រេចប្រើប្រាស់អេក្រង់ប្រភេទ OLED នៅគ្រប់ទាំងអស់តែម្ដង ប៉ុន្តែគេមិនបានហៅវាខ្លីបែបនេះទេ ផ្ទុយទៅវិញ Apple ហៅអេក្រង់នេះថា Super Retina XDR ដោយនៅលើម៉ូឌែល Mini បានបំពាក់មកទំហំ 5.4 អ៊ីញ ខណៈពេលនៅលើ iPhone 12 វិញ បានប្រើប្រាស់ទំហំ 6.1 អ៊ីញ ហើយបើទោះជាទំហំខុសគ្នាមែន ប៉ុន្តែអេក្រង់នៅលើម៉ូឌែលទាំងពីរនេះ គឺមានកម្រិតបង្ហាញ FHD+ ដូចគ្នា ដោយនៅលើម៉ូឌែល 5.4 អ៊ីញមានដង់ស៊ីតេអេក្រង់ 476 ppi ខណៈពេលម៉ូឌែល 6.1 អ៊ីញវិញ មានដង់ស៊ីតេអេក្រង់ 460 ppi, មានកម្រិតពន្លឺដល់ទៅ 1,200 nits, គាំទ្រ Dolby Vision, HDR 10, HLG ក៏ដូចជាមានកម្រិត Contrash Ratio 2,000,000:1 ទៀតផង។

• កាមេរ៉ា

សម្រាប់កាមេរ៉ាដែលមាននៅលើ iPhone 12 Mini និង iPhone 12 វិញ គឺដូចគ្នាទាំងស្រុងតែម្ដង មិនថាកាមេរ៉ាមុខ ឬកាមេរ៉ានៅខាងក្រោយនោះទេ និយាយឲ្យចំទៅ សម្រាប់ផ្នែកខាងមុខរបស់វា គឺមានកាមេរ៉ាមួយគ្រាប់ទំហំ 12MP សម្រាប់ថត Selfie ក៏ដូចជាដើម្បីមុខងារ Face ID ចំណែកឯខាងក្រោយវិញ គឺមានកាមេរ៉ាចំនួន 2 គ្រាប់ ដោយលេនគោលមានទំហំ 12MP និងមួយទៀតជាលេនទូលាយ Ultra-Wide 120 ដឺក្រេទំហំ 12MP ដូចគ្នា។ Apple ក៏បានអះអាងដែរថា កាមេរ៉ានៅលើម៉ូឌែលទាំងពីរនេះ មានសមត្ថភាពដូចគ្នាទាំងស្រុង ដោយបានដាក់បញ្ចូលមុខងារសំខាន់ជាច្រើន ដូចជាមុខងារ Night Mode សម្រាប់ការថតវីដេអូ ថែមទាំងទទួលបានការបង្កើនសមត្ថភាពកាន់តែប្រសើរជាងមុន ទៅលើមុខងារ Night Mode ពេលថតរូបភាពធម្មតាផងដែរ។

• កម្លាំងម៉ាស៊ីន និងថាមពលថ្ម

បន្ទាប់ពីយើងបានដឹងពី រូបរាង អេក្រង់ ក៏ដូចជាកាមេរ៉ារបស់វារួចមក ឥលូវយើងនិងនិយាយពីកម្លាំងម៉ាស៊ីន និងថាមពលថ្មរបស់វាវិញម្ដង។ សម្រាប់កម្លាំងម៉ាស៊ីន គឺមិនមានអ្វីប្លែកនោះទេ ជាក់ស្ដែងវាបានបំពាក់ឈីបថ្មីទំហំ 5nm របស់ Apple ពោលគឺ A14 Bionic ដែលយើងក៏ធ្លាប់ឃើញឈីបនេះ បង្ហាញខ្លួននៅលើ iPad Air ជំនាន់ចុងក្រោយរួចហើយ ខណៈពេលដែលទំហំរ៉េមវិញ គឺដូចទម្លាប់រាល់ដងអញ្ចឹង Apple មិនបានបញ្ជាក់ប្រាប់នោះទេ ប៉ុន្តែគេបានបញ្ជាក់ទៅលើអង្គផ្ទុកដែរ ដោយសុទ្ធមានសុទ្ធចំនួន 3 ជម្រើសមិនថាម៉ូឌែល Mini ឬម៉ូឌែលធម្មតានោះទេរួមមាន ទំហំ 64GB, 128GB និងចុងក្រោយគឺ 256GB ផងដែរ។ ចំណុចសំខាន់ធំមួយ ដែល Apple បានបំពាក់ឈីបកំពូលជំនាន់ថ្មី នៅលើម៉ូឌែលទាំងពីរខាងលើ គឺដោយសារលើកនេះ គេបានអនុញ្ញាតឲ្យវាអាចគាំទ្រសេវាអ៊ីនធើណេត 5G ដូចម៉ូឌែល Pro ដែរ ហើយសម្រាប់ថាមពលថ្មវិញ Apple បញ្ជាក់ថា ចំពោះ iPhone 12 វាអាចទ្រាំទ្រការមើលវីដេអូជាប់ដល់ 17 ម៉ោង ខណៈ iPhone 12 Mini អាចទ្រាំទ្របាន 15 ម៉ោង។ យ៉ាងណាក៏ដោយ ឆ្នាំនេះយើងនៅតែឃើញរន្ធសាកថ្មចូលជាប្រភេទ Lightning នៅលើទូរសព្ទឆ្លាតម៉ូឌែលថ្មី ទាំងពីរខាងលើនោះដដែល ប៉ុន្តែវាក៏មានភ្ជាប់មកជាមួយមុខងារសាកថ្មឥតខ្សែកម្លាំង 15W កាន់តែពិសេសនោះ Apple បានបញ្ចេញមុខងារថ្មីមួយឈ្មោះ MagSafe ដែលជាការដាក់ដែកស្រូប ដើម្បីឲ្យវាឆក់ជាប់គ្នាជាមួយដុំសាកថ្មឥតខ្សែ ក៏ដូចជាគ្រឿង Accessory ជាច្រើនទៀត ថែមទាំងបានបំពាក់អាវក្រោះការពារពេញលេញ IP68 ជាដើម។

• តម្លៃ

ចំណុចចុងក្រោយគេ គឺជាតម្លៃដែល Apple នឹងដាក់លក់ iPhone 12 Mini និង iPhone 12 លើទីផ្សារ ហើយនេះក៏ជាចំណុចសំខាន់បំផុតមួយ ដែលប្រិយមិត្តចង់ដឹងដែរ ដូច្នេះយើងនឹងរៀបរាប់ទៅតាមជម្រើសនីមួយៗ នៅខាងក្រោម៖

• iPhone 12 Mini ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ២ លាន ៨០ ម៉ឺនរៀល ឬ 699 ដុល្លារឡើងទៅ

• iPhone 12 ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៣ លាន ២០ ម៉ឺនរៀល ឬ 799 ដុល្លារឡើងទៅ

គួរបញ្ជាក់ដែរថា តម្លៃខាងលើនេះជាតម្លៃទីផ្សារស្រុកគេប៉ុណ្ណោះ ហើយសម្រាប់ពេលវេលាចេញលក់របស់ម៉ូឌែលទាំងពីរ គឺមិនដូចគ្នានោះទេ ដោយម៉ូឌែល iPhone 12 នឹងត្រូវចេញលក់មុន នៅថ្ងៃទី 23 ចុងខែនេះតែម្ដង ខណៈម៉ូឌែល iPhone 12 Mini វិញ គឺត្រូវរង់ចាំរហូតដល់ទៅថ្ងៃទី 13 ខែវិច្ឆិកាខាងមុខទើបមានលក់។

និយាយរួមមកវិញ ខាងលើនេះគឺជាទូរសព្ទឆ្លាតម៉ូឌែលថ្មីរបស់ Apple ដែលគេទើបប្រកាសចេញមុននេះបន្តិច ហើយបើប្រៀបជាមួយម៉ូឌែលមុនៗ សម្រាប់ខ្ញុំគិតថា វាមានរូបរាងស្អាតជាងមុន ព្រោះលើកនេះ វាមានស៊ុមជុំវិញរាបស្មើរ ហើយដោយសារតែវាមានទំហំតូច ដូច្នេះតួខ្លួនជ្រុងរបស់វានោះ អាចនឹងមិនពិបាកកាន់នោះទេ មួយវិញទៀត យើងក៏ឃើញដែរថា គ្រប់ម៉ូឌែលទាំងអស់សុទ្ធតែបំពាក់អេក្រង់ OLED ព្រមទាំងគាំទ្រសេវា 5G បានទៀតផង។ 

ទន្ទឹមគ្នានេះ វាក៏មានចំណុចគួរឲ្យអន់ចិត្តដែរ ជាក់ស្ដែងដូចជា វានៅតែប្រើរន្ធសាកថ្មប្រភេទ Lightning ដដែល ហើយទៅលើតម្លៃចាប់ផ្តើមក្នុងស្រុកគេពីខ្ទង់ ២ លាន ៨០ ម៉ឺនរៀល ឬ 699 ដុល្លារ ដូចឆ្នាំមុននេះ អាចថាជាតម្លៃសមរម្យមួយ សម្រាប់យីហោ Apple ក៏ថាបាន ឬអាចថារាងថ្លៃបន្តិចក៏ថាបាន ព្រោះឆ្នាំមុន តម្លៃបែបនេះ យើងទទួលបានម៉ូឌែលទំហំ 6.1 អ៊ីញ (iPhone 11) ប៉ុន្តែអេក្រង់ត្រឹម LCD ប៉ុណ្ណោះ រីឯឆ្នាំនេះ យើងទទួលបានត្រឹមម៉ូឌែលអេក្រង់តូចទំហំ 5.4 អ៊ីញ គ្រាន់តែចំណុចមួយនេះ ត្រូវបានប៉ះប៉ូវមកវិញជាមួយអេក្រង់ OLED ហ្នឹងឯង ហើយចំណុចចុងក្រោយ ដែលយើងត្រូវដឹងនោះ គឺលើកនេះនៅក្នុងប្រអប់មានតែទូរសព្ទឆ្លាតមួយគ្រឿង ជាមួយខ្សែសាកមួយប៉ុណ្ណោះ ចំណែកកាសខ្សែ រួមទាំងក្បាលដុំសាក គឺមិនត្រូវបានបន្ថែមមកឡើយ។

អញ្ចឹងហើយ បន្ទាប់ពីបានដឹងពីលក្ខណៈសម្បត្តិសំខាន់ៗរបស់ iPhone 12 Mini និង iPhone 12 តាមរយៈអត្ថបទខាងលើរួចមក តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះវា? ដូច្នេះសូមកុំភ្លេចទម្លាក់យោបល់របស់អ្នក នៅក្នុងប្រអប់ Comment ខាងក្រោយនេះ ឲ្យខ្ញុំដឹងផង។

ដោយ​ ៖ Apple
អត្ថបទទាក់ទង