ទីផ្សារលក់កុំព្យូទ័រប្រចាំត្រីមាសទី 3 បានកើនឡើង 13% ជាអត្រាខ្ពស់លើកដំបូងក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមអ្នកដកស្រង់ទិន្នន័យពី Canalys បានរាយការណ៍ឲ្យដឹងថា ការលក់កុំព្យូទ័រគ្រប់ប្រភេទទាំងអស់ នៅលើទីផ្សារសកលបានកើនឡើងខ្ទង់ 13% ក្នុងត្រីមាសទី 3 នៃឆ្នាំ 2020 ដែលជាលើកដំបូងក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ ថែមទៀតផង។ ចំណែកឯការកើនឡើងខ្ពស់នេះ គឺត្រូវបានគេជឿជាក់ថា បណ្ដាលមកពីតម្រូវការខ្ពស់ ពីអ្នកធ្វើការងារ និងអ្នកសិក្សានៅតាមផ្ទះ ដោយសារតែបញ្ហាមកពី ការរីករាលដាលនៃវីរុសកូវីដ 19 តែម្ដង។

របាយការណ៍ដដែលបានបញ្ជាក់ថា ប្រភេទកុំព្យូទ័រទាំងអស់ រួមមានទាំងកុំព្យូទ័រលើតុ (Desktops) និងពពួកកុំព្យូទ័រយួរដៃ (Laptops) គឺអាចដាក់លក់ដាច់បានចំនួនដល់ទៅខ្ទង់ 79.2 លានគ្រឿងនៅឯត្រីមាសទី 3 នៃឆ្នាំ 2020 ដោយកើនឡើងច្រើនជាង មួយទសវត្សរ៍មុនទៅទៀត។ ខណៈពេលដែល ស្ថានភាពនៅប្រទេសមួយចំនួន ចាប់ផ្ដើមត្រឡប់មកធម្មតាបន្ដិចម្ដងៗហើយ ដោយឡែក ប្រទេសមួយចំនួនទៀត នៅបន្ដធ្វើការងារ និងសិក្សារៀនសូត្រតាមផ្ទះដដែល ហើយទើបជាហេតុធ្វើឲ្យតម្រូវការកុំព្យូទ័រ នៅតែកើនឡើងច្រើនជាងមុនបែបនេះ។

ទិន្នន័យចេញពីក្រុមហ៊ុន Canalys ក៏បានបង្ហាញឲ្យឃើញថា កុំព្យូទ័រម៉ាក Lenovo នៅបន្ដឈរលើតារាងកំពូល ប្រចាំត្រីមាសទី 3 កន្លងទៅនេះ ជាមួយនឹងចំនួនលក់ដាច់បានខ្ទង់ 19.3 លានគ្រឿងតែឯង រីឯម៉ាក HP ជាប់លេខរៀងទី 2 ជាមួយចំនួនលក់បានខ្ទង់ 18.7 លានគ្រឿង។ ខណៈពេលដែលម៉ាក Dell ជាប់លេខ 3 នៃការលក់បានខ្ទង់ 12 លានគ្រឿង ហើយលេខ 4 បានទៅលើម៉ាក Apple ក្នុងការលក់ដាច់បានខ្ទង់ 6.4 លានគ្រឿងផងដែរ។

*ដើម្បីស្វែងយល់កាន់តែច្បាស់ពីរបាយការណ៍ថ្មីរបស់ Canalys សូមចុចទីនេះ

បើយោងតាមក្រាបសសរនៅខាងលើនេះ ក៏អាចឲ្យយើងដឹងបានថា ម៉ាកដែលជាប់លើតារាងកំពូលទាំង 5 ភាគច្រើនសុទ្ធតែកាន់ឡើងទាំងអស់ ដោយលើកលែងតែម៉ាក Dell មួយប៉ុណ្ណោះ ដែលបានធ្លាក់ចុះបន្ដិចប្រមាណខ្ទង់ 0.5% នៅត្រីមាសទី 3 នៃឆ្នាំ 2020 មុននេះ។ ចុះអ្នកអានទាំងអស់គ្នាវិញ តើមានបានជាវកុំព្យូទ័រ ឬកុំព្យូទ័រយួរដៃថ្មី ដើម្បីបម្រើការងារការិយាល័យ ឬទុកសម្រាប់សិក្សាស្រាវជ្រាវដែរឬទេ?

ដោយ​ ៖ Canalys
អត្ថបទទាក់ទង