Google បញ្ជាក់ថា នឹងនាំយកឈីប Soli Radar ក៏ដូចជាមុខងារ Motion Sense ត្រលប់មកវិញនាពេលខាងមុខ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ដូចយើងបានដឹងហើយថា ទូរសព្ទឆ្លាត Pixel 5 ដែល Google ប្រកាសចេញកាលពីម្សិលមិញនេះ គឺហាក់ដូចជាមានការផ្លាស់ប្តូរច្រើនមែនទែន បើធៀបនឹង Pixel 4 កន្លងទៅ ហើយនៅក្នុងនោះ វាក៏បានបាត់មុខងារសំខាន់មួយចំនួន ដែលធ្លាប់មាននៅលើ Pixel 4 ច្រើនដែរ ជាក់ស្ដែងដូចជាមុខងារ Motion Sense នេះជាដើម។ ចំពោះការបាត់មុខងារ Motion Sense គឺដោយសារតែលើកនេះ Pixel 5 មិនបានបំពាក់មកជាមួយឈីប Soli Radar ទៀតនោះទេ ហើយសម្រាប់មូលហេតុ ដែលគេធ្វើបែបនេះ អាចដោយសារតែ Google ចង់បានអេក្រង់លាត ក៏ដូចជាដើម្បីកាត់បន្ថយតម្លៃដាក់លក់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ជុំវិញការបាត់បង់មុខងារ Motion Sense ចេញពី Pixel 5 នេះ បានធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់ ថែមទាំងបានចោទជាសំណួរជាច្រើនទៅកាន់ Google ដូច្នេះហើយទើបថ្មីៗនេះ លោក Rick Osterloh ដែលជាអ្នកគ្រប់គ្រងផ្នែក Hardware នៅក្នុងក្រុមហ៊ុនខាងលើ បានចេញមុខបញ្ជាក់ថា ឈីប Soli Radar និងមុខងារកាយវិការ Motion Sense នោះ នឹងត្រលប់មកកាន់ទូរសព្ទឆ្លាតរបស់ខ្លួនវិញ នៅក្នុងពេលអនាគត ហើយគាត់ក៏បានបន្ថែមថា វានឹងមានតម្លៃថ្លៃ បើសិនជា Google ចង់បន្តប្រើប្រាស់ក្នុងពេលនេះ។ គួរបញ្ជាក់ដែរថា មុខងារបញ្ជាទូរសព្ទឆ្លាតដោយប្រើកាយវិការ ឬ Motion Sense វាអាចដំណើរការបានដោយពឹងផ្អែកលើឈីប Soli Radar ទាំងស្រុងតែម្ដង ប៉ុន្តែឈីបនេះ មិនមែនត្រឹមតែមានសមត្ថភាពប៉ុណ្ណឹងនោះទេ វាក៏ជាជំនួយសំខាន់ទៅលើមុខងារស្កេនមុខ ដែល Google បានបំពាក់នៅលើ Pixel 4 ដែរ ព្រោះថាវានឹងធ្វើឲ្យ ដំណើរការលើមុខងារស្កេនសម្គាល់មុខនេះ កាន់តែមានសុវត្ថិភាព និងមានភាពរហ័ស ជាក់ស្ដែងធ្វើការបានលឿនជាងមុខងារ Face ID របស់ Apple ទៅទៀត។

អញ្ចឹងហើយ ខាងលើនេះជាការបង្ហាញ ចេញពីបុគ្គលិកជាន់ខ្ពស់របស់ Google ដែលការបញ្ជាក់បន្ថែមនេះដែរ បានធ្វើឲ្យយើងដឹងច្បាស់ថា Google មិនបានបោះបង់ចោលនូវគម្រោងអភិវឌ្ឍន៍ឈីប Soli Radar ក៏ដូចជាមុខងារ Motion Sense ដែលខ្លួនខិតខំសិក្សាអស់រយៈពេលជាង 5 នោះទេ គ្រាន់តែពេលនេះ គេសម្រេចចិត្តដកវាចេញសិន ដើម្បីអាចដាក់លក់ Pixel 5 ក្នុងតម្លៃទាបជាងមុន ហើយវានឹងត្រលប់មកលើទូរសព្ទឆ្លាតរបស់ Google វិញ នាពេលខាងមុខ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង