Apple អាចនឹងបញ្ជាក់ប្រាប់ពីថ្ងៃប្រកាសចេញ iPhone 12 Series នៅសប្តាហ៍ក្រោយនេះ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

តាមរយៈព័ត៌មានដែលទទួលបានកាលពីជាង 1 សប្តាហ៍មុននេះ បានបង្ហាញឲ្យយើងដឹងថា Apple អាចនឹងរៀបចំព្រឹត្តិការណ៍ពិសេសថ្មីមួយផ្សេងទៀត នៅក្នុងអំឡុងខែតុលានេះតែម្តង ដើម្បីធ្វើប្រកាសចេញ iPhone ជំនាន់ថ្មី ឬមនុស្សភាគច្រើនហៅថា iPhone 12 Series នោះឯង។ iPhone ជំនាន់ថ្មី ដែលត្រៀមនឹងប្រកាសចេញនាពេលដ៏ខ្លីខាងមុខនេះ ត្រូវបានគេរំពឹងថានឹងទទួលបានរចនាបថរូបរាងថ្មី ក៏ដូចជាក្លាយទៅជា iPhone ដំបូងគេរបស់ Apple ដែលនឹងបំពាក់មកជាមួយបច្ចេកវិទ្យា 5G ផងដែរ។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនីបណ្តាញសង្គម Weibo របស់កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយល្បីឈ្មោះ Digital Chat Station យើងទទួលបានដំណឹងថ្មីមួយផ្សេងទៀត និយាយពាក់ព័ន្ធទៅនឹងកាលបរិច្ឆេទប្រកាសចេញរបស់ iPhone 12 Series ផងដែរ។ បើយោងទៅតាមព័ត៌មានដែលយើងទទួលបាន បានបង្ហាញថា នៅសប្តាហ៍ក្រោយនេះ Apple អាចនឹងបញ្ជាក់ប្រាប់ឲ្យមហាជនបានដឹងពីថ្ងៃប្រកាសចេញជាផ្លូវការរបស់ iPhone 12 Series។ ថ្វីត្បិតតែ Apple មិនបានបញ្ជាក់ប្រាប់ពីថ្ងៃប្រកាសចេញរបស់ iPhone 12 Series ក៏ពិតមែន ប៉ុន្តែប្រភពខាងលើដដែលនេះ បានបង្ហើបឲ្យយើងដឹងមុនថា ព្រឹត្តិការណ៍ប្រកាសចេញ iPhone 12 Series អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី 13 ខែតុលា ឆ្នាំ 2020 ខាងមុខនេះ មិនខុសពីអ្វីដែលលោក Jon Prosser ធ្លាប់បានលើកឡើងនោះទេ។

បន្ថែមពីនេះ កាលពីពេលថ្មីៗកន្លងទៅ កំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ Jon Prosser បានបញ្ជាក់ថា iPhone 12 Series នឹងត្រូវបែងចែកចេញជា 4 ម៉ូឌែល ដោយក្នុងនោះរួមមានដូចជា iPhone mini ទំហំ 5.4 អ៊ីញ, iPhone 12 ទំហំ 6.1 អ៊ីញ, iPhone 12 Pro ទំហំ 6.1 អ៊ីញ និង iPhone 12 Pro Max ទំហំ 6.7 អ៊ីញ។ ជាងនេះទៅទៀត គាត់ក៏បានបញ្ជាក់បន្ថែមទៀតថា iPhone 12 mini និង iPhone 12 Apple នឹងត្រូវដាក់លក់ជាផ្លូវការ នៅថ្ងៃទី 23 ខែតុលា។ ខណៈដែល iPhone 12 Pro និង 12 Pro Max នឹងត្រូវដាក់ឲ្យកុម្ម៉ង់ទិញមុន ក៏ដូចជានឹងដាក់លក់ជាផ្លូវការ នៅក្នុងអំឡុងខែវិច្ឆិកាខាងមុខ។

ដោយ​ ៖ Digital Chat Station
អត្ថបទទាក់ទង