នេះជាកត្តាដែលធ្វើឲ្យ iPhone ប្រើយូរទៅមិនអាចដំណើរការហ្គេមធំៗបានរលូនដូចកាលពីទិញដំបូង​
ដោយ​ ៖ ឈីរ៉ូ | 3 សប្តាហ៍មុន SHARE

 

ដោយសារតែសង្កេតឃើញថា មានប្រិយមិត្តមួយចំនួនមានចម្ងល់ថា តើហេតុអ្វីទៅនៅពេលដែល iPhone របស់ពួកគេប្រើយូរទៅ មិនអាចដំណើរហ្គេមធំៗបានរលូនដូចកាលដែលពួកគេទើបតែទិញដំបូង? ហេតុដូច្នេះហើយខ្ញុំ នៅក្នុងថ្ងៃនេះខ្ញុំសម្រេចចិត្តបង្កើតជាអត្ថបទមួយ ដើម្បីធ្វើការបកស្រាយចម្ងល់របស់ប្រិយមិត្តដែលបានធ្វើការ Comments ឬក៏ចោទសួរមកកាន់ក្រុមការងាររបស់យើងកន្លងមក។

ដូចដែលយើងបានដឹងហើយថា ដើម្បីអាចដំណើរហ្គេមធំៗទៅបានដោយរលូន វាពឹងផ្អែកទៅលើបន្ទះឈីប (CPU, GPU, RAM…) ច្រើនជាងគេ។ ប៉ុន្តែបើគ្មានថាមពលថ្មនោះទេ ទូរសព្ទឆ្លាតរបស់យើងក៏មិនអាចដំណើរការបាននោះទេ ហើយយើងក៏មិនអាចបើកហ្គេមដើម្បីលេងបាននោះដែរ។ បើនិយាយដល់ថាមពលថ្ម វាពិតជាសំខាន់ខ្លាំងណាស់ចំពោះកម្លាំងម៉ាស៊ីនរបស់ iPhone ព្រោះថាដើម្បីអាចដំណើរហ្គេមធំៗទៅបានរលូន វាតម្រូវឲ្យថ្ម iPhone មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ថាមពលទៅឲ្យបន្ទះឈីប។ វាមិនខុសពីកុំព្យូទ័រយួរដៃដែលភ្ជាប់មកជាមួយក្រាហ្វិកដាច់នោះទេ ដើម្បីអាចដំណើរការហ្គេមធំៗទៅបានដោយរលូន និងទទួលបាន Frame Rate ខ្ពស់ វាត្រូវការប្រើប្រាស់ថាមពលច្រើន ហេតុដូច្នេះដើម្បីអាចផ្គត់ផ្គង់ថាមពលទៅឲ្យ CPU និង GPU បានគ្រប់គ្រាន់ វាតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការសាកបញ្ចូលថ្មបណ្តើរនិងលេងហ្គេមបណ្តើរ។

អញ្ចឹងសរុបមកវិញ មានន័យថានៅពេលដែល iPhone របស់អ្នកប្រើយូរទៅសមត្ថភាពថ្មរបស់វាក៏ធ្លាក់ចុះទៅតាមហ្នឹងដែរ ហេតុដូច្នេះហើយធ្វើឲ្យវាមិនអាចផ្គត់ផ្គង់ថាមពលទៅឲ្យបន្ទះឈីបបានគ្រប់គ្រាន់ ជាលទ្ធផលធ្វើឲ្យកម្លាំងម៉ាស៊ីន iPhone របស់អ្នកធ្លាក់ចុះទៅតាមហ្នឹងដែរ។ សម្រាប់ iPhone 6 ឡើងទៅ និងដំណើរការដោយ iOS 11.3 ឡើងទៅ ដើម្បីដឹងថាថ្ម iPhone របស់អ្នកមានសមត្ថភាពផ្គត់ផ្គង់ថាមពលទៅឲ្យបន្ទះឈីបគ្រប់គ្រាន់ដែរឬទេ អ្នកអាចចូលទៅឆែកមើលនៅក្នុង Settings របស់ iPhone បាន ដោយជាដំបូងចូលទៅ Battery បន្ទាប់មកទៀតចូលទៅកាន់ Battery Health ហើយស្វែងរកពាក្យ normal peak performance។ បើសិនជាអ្នកឃើញពាក្យនេះមានន័យថាថ្ម iPhone របស់អ្នកនៅមានសមត្ថភាពអាចផ្គង់ផ្គង់ថាមពលទៅឲ្យបន្ទះឈីបគ្រប់គ្រាន់។ ប៉ុន្តែបើរកមិនឃើញនោះទេ មានន័យថាថ្ម iPhone របស់អ្នកមិនមានសមត្ថភាពអាចផ្គត់ផ្គង់ថាមពលទៅឲ្យបន្ទះឈីបគ្រប់គ្រាន់នោះទេ។

ក្រៅពីសមត្ថភាពថ្មរបស់ iPhone ហើយ ក៏នៅមានកត្តាមួយផ្សេងទៀត ដែលធ្វើឲ្យ iPhone របស់ប្រិយមិត្តមិនអាចដំណើរហ្គេមធំៗបានរលូនដូចកាលដែលពួកគេទើបតែទិញដំបូងផងដែរ នោះគឺដោយសារតែហ្គេមដែលពួកគេលេងជាប្រចាំទទួលបានកំណែអាប់ដេតបន្ថែមសមាសធាតុកាន់តែធំឡើងៗ ជាហេតុបណ្តាលឲ្យ iPhone ដែលភ្ជាប់មកជាមួយបន្ទះឈីបជំនាន់មុនៗរបស់ពួកគេ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដំណើរហ្គេមទាំងនោះបានរលូនដូចកាលពីមុនបាន។

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង