ព្រឹត្តិការណ៍ MWC 2021 នឹងត្រូវពន្យាពេលពីខែមីនា ទៅខែមិថុនាឆ្នាំក្រោយវិញ ដោយសារមេរោគ COVID-19​
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

យើងបានដឹងរួចមកហើយថា នៅក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ដាក់បង្ហាញបច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំពោលគឺ MWC 2020 (Mobile World Congress) ដែលគ្រោងធ្វើឡើងក្នុងប្រទេសអេស្ប៉ាញ នាទីក្រុង Barcelona គឺមិនបានបង្ហាញខ្លួនទេ ដោយសារតែពេលនោះ គឺពេលវេលាមួយ ដែលមេរោគ COVID-19 រាតត្បាតយ៉ាងខ្លាំងខ្លាតែម្ដង។ បន្ទាប់ពីបានប្រកាសរំសាយចោល MWC 2020 ហើយ អ្នករៀបចំព្រឹត្តិការណ៍មួយនេះ ក៏បានបញ្ជាក់ថា ពួកគេនឹងបន្តព្រឹត្តិការណ៍ MWC 2021 ទៀត នៅក្នុងខែមីនាឆ្នាំក្រោយ ប៉ុន្តែពេលនេះ គេបានចេញមុខពន្យាពេលជាថ្មីម្ដងទៀតហើយ។

ពិតណាស់ ថ្មីៗនេះ GSMA ដែលជាអ្នករៀបចំព្រឹត្តិការណ៍ MWC បានចេញមុខ ធ្វើការប្រកាសជាផ្លូវការម្ដងទៀតថា ពួកសម្រេចចិត្តធ្វើការពន្យាពេលព្រឹត្តិការណ៍ MWC 2021 បន្ថែមទៀត ដើម្បីអាចប្រាកដចិត្តបានថា នឹងមិនមានការរាតត្បាតពីមេរោគ COVID-19 បន្តទៀត និយាយឲ្យចំទៅ គេនឹងរៀបចំឡើង នៅក្នុងថ្ងៃទី 28 ខែមិថុនា ដល់ថ្ងៃទី 1 ខែកក្កដាឆ្នាំ 2021 វិញ។ គួរបញ្ជាក់ដែរថា គម្រោងចាស់ដែលគេបញ្ជាក់ថា នឹងបើកព្រឹត្តិការណ៍ MWC 2021 នេះ គឺស្ថិតក្នុងអំឡុងខែមីនាឆ្នាំក្រោយនេះតែម្ដង ប៉ុន្តែទោះជាយ៉ាងណា មិនថាកាលវិភាគចាស់ ឬថ្មីនោះទេ ព្រឹត្តិការណ៍ខាងលើនោះ នឹងនៅតែត្រូវធ្វើឡើង ក្នុងប្រទេសអេស្ប៉ាញ នាទីក្រុង Barcelona ដដែល។ សម្រាប់ការពន្យាពេលរបស់ GSMA នេះដែរ ក៏អាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនទូរសព្ទឆ្លាត ដែលមានគម្រោងប្រកាសចេញ ទូរសព្ទឆ្លាតរបស់ខ្លួន នៅក្នុងព្រឹត្តិការនោះដែរ ព្រោះថាក្រុមហ៊ុនភាគច្រើន មានគម្រោងក្នុងការប្រកាសចេញទូរសព្ទឆ្លាតរបស់ពួកគេ ក្នុងអំឡុងត្រីមាសទី 1 ដូច្នេះហើយ ក្រុមហ៊ុនទាំងនោះ អាចនឹងបើកព្រឹត្តិការណ៍ប្រកាសចេញផ្ទាល់ខ្លួន ដូចឆ្នាំនេះអញ្ចឹង។

និយាយរួមមកវិញ នៅក្នុងឆ្នាំក្រោយនេះ ព្រឹត្តិការណ៍ដាក់បង្ហាញបច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំ MWC 2021 នឹងត្រូវលើកទៅធ្វើឡើងនៅចុងខែមិថុនា និងដើមខែកក្កដាវិញ ព្រោះដោយសារតែគេគិតថា នៅក្នុងខែនោះ ភាគរយក្នុងការឆ្លងមេរោគ COVID-19 អាចស្ថិតក្នុងកម្រិតទាបបំផុត ហើយណាមួយ ទម្រាំតែដល់ពេលនោះ វ៉ាក់សាំងដើម្បីការពារមេរោគមួយនេះ អាចនឹងមានចរចរណ៍ទូលំទូលាយក៏ថាបាន។

ដោយ​ ៖ GSMA
អត្ថបទទាក់ទង