AnTuTu បង្ហាញថា iPhone 12 Pro Max មាន RAM 6GB និងអាចទាញយកពិន្ទុសរុបបានខ្ទង់ 57 ម៉ឺនជាងប៉ុណ្ណោះ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ថ្វីត្បិតតែនៅក្នុងព្រឹត្តិការណ៍អនឡាញពិសេស Time Flies របស់ខ្លួន Apple មិនបានប្រកាសចេញ iPhone ជំនាន់ថ្មី ឬមនុស្សភាគច្រើនហៅថា iPhone 12 Series ក៏ពិតមែន ប៉ុន្តែ Apple បានបង្ហាញឲ្យយើងបានដឹងពីព័ត៌មានលម្អិតរបស់ Hardware សំខាន់ដែលនឹងត្រូវយកទៅបំពាក់នៅលើ iPhone 12 Series ហើយវាគឺជាបន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី A14 Bionic ដែលបានបង្កើតឡើងដោយផ្អែកទៅលើស្ថាបត្យកម្មទំហំ 5nm របស់ TSMC នោះឯង។ 

ផ្អែកទៅតាមការបញ្ជាក់របស់ Apple បានធ្វើឲ្យយើងដឹងថា បន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី A14 ទំហំ 5nm មានល្បឿន CPU លឿនជាងមុន 40% និងមានល្បឿន GPU លឿនជាងមុន 30% នេះបើប្រៀបធៀបជាមួយបន្ទះឈីប A12 Bionic ទំហំ 7nm ហើយបើប្រៀបធៀបជាមួយបន្ទះឈីប A13 Bionic ទំហំ 7nm+ វាមានល្បឿន CPU លឿនជាងមុនខ្ទង់ប្រហែលជា 18% និងមានល្បឿន GPU លឿនជាងមុនខ្ទង់ប្រហែលជា 8%។ ដោយឡែកនៅក្នុងនេះ តាមរយៈគេហទំព័រ AnTuTu យើងបានប្រទះឃើញរូបភាព ចំនួន 2 សន្លឹក ដែលបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា iPhone 12 Pro Max ប្រើប្រាស់បន្ទះឈីប A14 ទំហំ 5nm មានសមត្ថភាពអាចទាញយកពិន្ទុសរុបពី AnTuTu បានខ្ទង់ 572333 ពិន្ទុ ដោយក្នុងនោះវាទទួលបានពិន្ទុ CPU សរុបចំនួន 167527, ពិន្ទុ GPU សរុបចំនួន 222071, ពិន្ទុ Memory សរុបចំនួន 100808 និងចុងក្រោយគេវាទទួលបានពិន្ទុ UX សរុបចំនួន 81927។ ខណៈដែល iPhone 11 Pro Max ប្រើប្រាស់បន្ទះឈីប A13 Bionic ទំហំ 7nm+ អាចទាញយកពិន្ទុសរុបពី AnTuTu បានខ្ទង់ 524436 ពិន្ទុ ដោយក្នុងនោះវាទទួលបានពិន្ទុ CPU សរុបចំនួន 143546, ពិន្ទុ GPU សរុបចំនួន 214457 ពិន្ទុ Memory សរុបចំនួន 82712 និងចុងក្រោយគេវាទទួលបានពិន្ទុ UX សរុបចំនួន 83715។

អញ្ចឹងបើយោងទៅលើលទ្ធខាងលើនេះ បានបង្ហាញឲ្យយើងដឹងថា iPhone 12 Pro Max ដែលប្រើប្រាស់បន្ទះឈីបលំដាប់កំពូលជំនាន់ថ្មី A14 ទំហំ 5nm មានសមត្ថភាពអាចទាញយកពិន្ទុសរុបពី AnTuTu បានច្រើនជាង iPhone 11 Pro Max ដែលប្រើប្រាស់បន្ទះឈីប A13 ទំហំ 7nm+ ខ្ទង់ប្រហែលជា 9.1% តែប៉ុណ្ណោះ ហើយបើប្រៀបធៀបទៅលើពិន្ទុ CPU វាទទួលបានច្រើនជាងមុន 16.7%, ពិន្ទុ GPU ច្រើនជាងមុន 3.6%, ពិន្ទុ Memory ច្រើនជាងមុន 21.9% និងចុងក្រោយគេពិន្ទុ UX ច្រើនជាងមុន 2.1%។ ជាងនេះទៅទៀត តាមរយៈរូបភាពដដែលទាំងនេះ ក៏បានបញ្ជាក់ឲ្យយើងដឹងថា iPhone 12 Pro Max ពិតជានឹងបំពាក់មកជាមួយ RAM ទំហំ 6GB និងអង្គផ្ទុកទិន្នន័យចាប់ពី 128GB ឡើងទៅ ដូចដែលដំណឹងបែកធ្លាយដែលយើងទទួលបានកាលពីពេលកន្លងមែន។

ដោយ​ ៖ AnTuTu
អត្ថបទទាក់ទង