OnePlus 8T រំពឹងទុកថានឹងចេញជាផ្លូវការនៅថ្ងៃទី 14 ខែតុលាខាងមុខនេះ​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

សម្រាប់មួយរយៈពេលក្រោយមកនេះ របាយការណ៍លេចធ្លាយ អំពីទូរសព្ទម៉ូឌែល Google Pixel 5  ត្រូវបានគ្របដណ្តប់ ស្ទើរតែគ្រប់ប្រភពសារព័ត៌មានទៅហើយ ប៉ុន្ដែ ទន្ទឹមនឹងនេះដែរ OnePlus ក៏បានចាប់ផ្ដើមចេញមក ជាបណ្ដើរៗដូចគ្នា។ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ យើងក៏ទទួលបានដំណឹងទាក់ទងពីលក្ខណៈសម្បតិ្តមួយចំនួន បូករួមទាំងរូបភាពគម្រូជាច្រើនសន្លឹក នៃ OnePlus 8T ចេញពីប្រភព OnLeaks ហើយមកដល់ថ្ងៃនេះ គេហទំព័របច្ចេកវិទ្យា MySmartPrice បានចែកចាយព័ត៌មានផ្ដាច់មុខ តាមរយៈលោក Ishan Agarwal ឬស្គាល់ថា ជាកំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយវ័យក្មេងមួយរូប នៅលើបណ្តាញសង្គម Twitter ដោយបង្ហើបប្រាប់ពី ថ្ងៃប្រកាសចេញជាផ្លូវការរបស់ទូរសព្ទឆ្លាតខាងលើ ថែមទៀតផង។

ដំបូងយើងមកមើលពីផ្នែកលក្ខណៈសម្បត្តិ ជាមុនសិន ដោយ OnePlus 8T ត្រូវបានគេជឿថា នឹងមានអេក្រង់ទំហំ 6.55 អ៊ីញដដែល បើប្រៀបទៅនឹង OnePlus 7T ជាមួយកម្រិតបង្ហាញ Full HD+ ប្រភេទ Fluid AMOLED ដែលមាន Refresh Rate កើនដល់កម្រិត 120Hz និងអមដោយលេនទម្លុះអេក្រង់មួយគ្រាប់ (អាចនឹងមានទំហំ 32MP) ស្ថិតនៅជ្រុងខាងឆ្វេងនៃផ្នែកខាងលើ។ ចំណែកឯកម្លាំងម៉ាស៊ីន វានឹងប្រើប្រាស់បន្ទះឈីប Snapdragon 865 មាន RAM ទំហំ 8GB/12GB + អង្គផ្ទុកទិន្នន័យទំហំ 128GB/256GB ក៏ដូចជា ដំណើរការដោយប្រព័ន្ធប្រតិបតិ្តការ Android 11 មកស្រាប់ទៀតផង។ សម្រាប់ផ្នែកកាមេរ៉ាក្រោយវិញនោះ OnePlus 8T ទំនងជាបំពាក់សេនស័រកាមេរ៉ាសរុបចំនួន 4 គ្រាប់ ដែលរួមបញ្ចូលទាំង កាមេរ៉ាដើមទំហំ 48MP + លេនទូលាយ Ultra-Wide ទំហំ 16MP + លេន Macro ទំហំ 5MP និងមួយគ្រាប់ទៀតជា Depth Sensor មានទំហំ 2MP។

លើសពីនេះទៅទៀត OnePlus 8T ក៏បានបញ្ជាក់ប្រាប់ថា វានឹងមានថាមពលថ្មធំជាងមុន ដល់ទំហំ 4,500mAh ជាមួយនឹងបច្ចេកវិទ្យា WRAP Charge សាកថ្មល្បឿនលឿនកម្លាំង 65W ផងដែរ។ តាមរយៈលោក Ishan Agarwal បានអះអាងមកថា OnePlus អាចមានគម្រោងធ្វើការប្រកាសចេញ ទូរសព្ទម៉ូឌែលថ្មី 8T នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2020 នាពេលខាងមុខនេះ ហើយគាត់ថែមទាំងបន្តថា ពេលវេលាប្រកាសចេញនោះ ក៏អាចនឹងប្រែប្រួល ឬខុសថ្ងៃគ្នាបន្តិចបន្តួចដែរ ទៅតាមកាលៈទេសៈជាក់ស្តែង។ យ៉ាងណាក៏ដោយ ហាក់បីដូចជានៅក្នុងឆ្នាំនេះ OnePlus អាចនឹងបោះបង់ចោលវត្តមានរបស់ 8T Pro ដូច្នេះ មានន័យថា យើងប្រហែលជានឹងឃើញមានតែម៉ូឌែល OnePlus 8T តែមួយគត់ ហើយដំណឹងបែកធ្លាយមួយនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ OnePlus មានការខកចិត្តយ៉ាងខ្លាំង។ 

ដោយ​ ៖ MySmartPrice
អត្ថបទទាក់ទង