Sony ប្រកាសចេញ Xperia 5 II ជាមួយអេក្រង់ 120Hz សម្រាប់តម្លៃខ្ទង់ ៣ លាន ៨០ ម៉ឺនរៀលឡើងទៅ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ Sony បានធ្វើការប្រកាសចេញទូរសព្ទឆ្លាត Xperia 5 II នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបជាផ្លូវការហើយ ដោយវាស្ថិតនៅលំដាប់កំពូល ជាមួយនឹងម៉ូឌែល Xperia 1 II ដែលបានបង្ហាញខ្លួននៅដើមឆ្នាំ រីឯលើកនេះ វាមានសមត្ថភាពកាន់តែខ្ពស់ សម្រាប់តម្លៃខ្លួនក្រោម ៤ លានរៀលនៅស្រុកគេ។ អ្វីដែលធ្វើឲ្យចាប់អារម្មណ៍នោះគឺថា Xperia 5 II ជាទូរសព្ទឆ្លាតដំបូងបង្អស់របស់ Sony មានបំពាក់មកជាមួយអេក្រង់ 120Hz និងផ្ដល់ជូនល្បឿនសម្គាល់ថាច់ដល់ 240Hz ថែមទៀតផង។

វាមានការឌីហ្សាញស្រដៀងទៅនឹង Xperia 1 II អញ្ចឹងដែរ ដោយគ្រាន់តែមានទំហំអេក្រង់ត្រឹម 6.1 អ៊ីញ ជាបន្ទះបង្ហាញប្រភេទ OLED (Full HD+) បូកថែមពីលើកម្រិត 120Hz Refresh Rate និង 240Hz Touch Sampling Rate ហើយមានទម្រង់ Aspect Ratio ខ្នាត 21:9 ដដែល។ Sony បាននិយាយប្រាប់ថា វាជាបន្ទះអេក្រង់ដិតច្បាស់ ដែលអាចគាំទ្រជាមួយ HDR និងជំនួយដល់ស្ថានភាពមានព្រាល (Motion Blur) ធ្វើឲ្យមើលឃើញច្បាស់គ្រាន់បើ ហើយវាទូរសព្ទឆ្លាតមុនដំបូងគេ មានបំពាក់ជាមួយបច្ចេកវិទ្យានេះ។ យើងទទួលបានឈីបលំដាប់កំពូល Snapdragon 865 ជាមួយរ៉េមទំហំ 8GB + អង្គផ្ទុកទិន្នន័យ 128GB/256GB ព្រមទាំងអាចបន្ថែមពីខាងក្រៅបានទៀត សម្រាប់អ្នកត្រូវផ្ទុកឯកសារច្រើន ឬ ថតរូបភាពនិងវីដេអូច្រើនជាដើម។


Xperia 5 II មានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ទំហំ 12MP ទាំងអស់តែម្ដង ដោយកាមេរ៉ាដើមជាប្រភេទ 24mm/F1.7” (OIS) + លេនកាមេរ៉ាពង្រីក 3x ជាប្រភេទ 70mm/F2.4” (OIS) + លេនកាមេរ៉ាទូលាយ (Ultra Wide) ជាប្រភេទ 16mm/F2.2” Dual Pixel Autofocus និងកាមេរ៉ាខាងមុខ 1 គ្រាប់ទំហំ 8MP ប្រភេទ 24mmផងដែរ។ វាអាចថតសន្លឹក JPG+RAW បាន និងការថតវីដេអូបែបយឺត 4K/120FPS ក៏អាចថតជាប្រភេទ HDR បានដែរ ដោយរួមមានទាំងមុខងារ Eye Autofocus (ចាប់បានទាំងភ្នែកមនុស្ស និងសត្វ) ហើយអាចថតរូបភាព 20 សន្លឹកក្នុងមួយវិនាទីបាន។

ចំពោះថាមពលថ្មរបស់វាមានទំហំ 4,000mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿនដល់ 21W ប៉ុន្ដែទទួលបានដុំសាកកម្លាំង 18W ក្នុងប្រអប់ប៉ុណ្ណោះ ដែលអាចសាកចាប់ពី 0% ដល់ 50% ក្នុងរយៈពេលប្រមាណ 30 នាទី។ ក្រៅពីនេះ វាក៏មានអាវក្រោះការពារទឹកនិងធូលី IP68/IPX5, កញ្ចក់ការពារ Gorilla Glass 6 ទាំងខាងមុខខាងក្រោយ, រន្ធដោតកាស 3.5mm, សម្លេង Speaker ប្រភេទ Stereo នៅពីខាងមុខ, មានជម្រើសពណ៌ខ្មៅ, ប្រផះ, ខៀវ និងពណ៌ផ្កាឈូក។


***សូមទស្សនាវីដេអូពាណិជ្ជកម្មរបស់ទូរសព្ទឆ្លាត Xperia 5 II នៅខាងក្រោមនេះ៖

Sony មានគម្រោងដាក់ឲ្យកុម្ម៉ង់ទូរសព្ទឆ្លាត Xperia 5 II នៅសហរដ្ឋអាមេរិក ក្នុងថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2020 ជាមួយនឹងតម្លៃខ្ទង់ ៣ លាន ៨០ ម៉ឺនរៀលឡើងទៅ និងដាក់លក់ជាផ្លូវការនៅថ្ងៃទី 4 ខែធ្នូ ឆ្នាំ 2020 ខាងមុខនេះហើយ ដោយទីផ្សារដទៃៗទៀត នឹងអាចមានលក់នៅអំឡុងត្រីមាសទី 4 នោះដែរ។ លក្ខណៈសម្បត្តិទាំងអស់នេះ ប្រាកដជាធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងចង់បានវាជាម្ចាស់មិនខាន ប៉ុន្ដែចំពោះតម្លៃខ្លួនរបស់វា ក៏មិនសមរម្យនោះដែរ បើប្រៀបធៀបទៅនឹង ទូរសព្ទឆ្លាតរបស់ក្រុមហ៊ុនផ្សេងៗទៀត។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង