សហរដ្ឋអាមេរិក ពិតជាសម្រេចចិត្តហាមឃាត់កម្មវិធី TikTok និង WeChat មែនទែនហើយ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ក្រោយពីបានទុករយៈពេលឲ្យប៉ុន្មានជាង 1 ខែឲ្យពិចារណារួចមក ឥឡូវនេះសហរដ្ឋអាមេរិក នឹងធ្វើការហាមឃាត់ទាំង TikTok និង WeChat ដែលសុទ្ធតែជាកម្មវិធីល្បីល្បាញ ចេញពីប្រទេសរបស់ខ្លួនតែម្ដង ដោយជាមូលហេតុប៉ះពាល់ដល់ ប្រព័ន្ធសុវត្ថិភាពជាតិ។ ការហាមឃាត់លើកនេះ គ្រោងធ្វើឡើងនៅក្នុងថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2020 ដែលត្រូវជាថ្ងៃស្អែកនេះហើយ ដូច្នេះប្រជាជនរស់នៅសហរដ្ឋអាមេរិក នឹងលែងអាចបន្ដប្រើប្រាស់ កម្មវិធីទាំងពីរនេះតទៅទៀតហើយ។

សម្រាប់អ្នកដែលតែងតែតាមដាន ព័ត៌មានទាក់ទងទៅនឹងបញ្ហានេះ គឺប្រាកដជាដឹងរួចមកហើយថា រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក បានចោទប្រកាន់លើកម្មវិធីចិនទាំងអស់នោះ ដោយបានលួចប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ហើយអាចផ្ញើទៅចិនថែមទៀតផង ប៉ុន្ដែរដ្ឋាភិបាលចិន និងក្រុមហ៊ុនចិនបង្កើតកម្មវិធីទាំងនោះ ក៏បានបដិសេធរួចមកហើយដែរ។ ស្របនឹងពេលទទួលបានដំណឹងនេះ ក្រុមហ៊ុនចិនបង្កើតកម្មវិធី TikTok បានឆ្លើយតបវិញថា ពិតជាសោកស្ដាយមែនទែន ដោយពួកគេបានពង្រឹងប្រព័ន្ធសុវត្ថិភាពហើយ និងព្យាយាមសម្របតាម ប៉ុន្ដែនៅតែមានការហាមឃាត់ដដែល។

សម្រាប់ក្រុមហ៊ុនចិនបង្កើតកម្មវិធី WeChat វិញបាននិយាយប្រាប់ថា នេះពិតជាអកុសលមែនទែន ប៉ុន្ដែពួកគេនឹងខិតខំចចារជាមួយ សហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីស្វែងរកដំណោះស្រាយ។ ចំណែកឯលោក Donald Trump ហាក់បីដូចជា បានសរសើរកម្មវិធី TikTok បន្ដិចថា កម្មវិធីមួយនេះមានប្រជាប្រិយភាពមែន និងបានកំដរអារម្មណ៍អ្នកប្រើប្រាស់ ឲ្យសប្បាយបានយ៉ាងច្រើននាក់ នៅក្នុងប្រទេសរបស់ខ្លួន យ៉ាងណាក៏ដោយ គាត់គិតថាសុវត្ថិភាពប្រជាជន គឺមានភាពសំខាន់ច្រើនជាង។

ខណៈពេលដែល កម្មវិធីផ្ញើសារ WeChat នឹងត្រូវហាមឃាត់នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃស្អែកនេះហើយ ដោយឡែក មនុស្សមួយចំនួននៅជឿជាក់ថា កម្មវិធីបណ្ដាញសង្គម TikTok អាចនឹងចំណាយពេលយូរជាងនេះបន្ដិច ឬរហូតដល់ថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2020 ខាងមុខ ទើបអាចហាមឃាត់បានពេញលេញ។ ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក សុទ្ធតែបានហាមឃាត់កម្មវិធីចិនទាំងពីរនេះហើយ ដោយពួកវាមានបញ្ហាប៉ះពាល់ដល់ ប្រព័ន្ធសុវត្ថិភាពជាតិ ចុះតើប្រិយមិត្តទាំងអស់គ្នាគិតថា ប្រទេសមួយណាបន្ទាប់ទៀតទៅ នឹងអាចមានការហាមឃាត់ដែរនោះ?

ដោយ​ ៖ XDA
អត្ថបទទាក់ទង