ម៉ាស៊ីនហ្គេម PlayStation 5 នឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី 12 ខែវិច្ឆិកាខាងមុខ ជាមួយតម្លៃ 499.99 ដុល្លារ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

តាមរយៈព្រឹត្តិការណ៍អនឡាញពិសេស “PlayStation 5 Showcase” ដែលធ្វើឡើងកាលពីម្សិលមិញនេះ Sony បានដាក់បង្ហាញ Gamesplay របស់កំពូលហ្គេមហ្គេមផ្តាច់មុខ Marvel's Spider-Man: Miles Morales និង Demon’s Soul សម្រាប់លេងនៅលើ PS5 ក៏ដូចជាប្រកាសចេញហ្គេមថ្មីធំៗមួយចំនួនបន្ថែមទៀត សម្រាប់លេងនៅលើម៉ាស៊ីនហ្គេម PlayStation 5 ឲ្យអ្នកគាំទ្ររបស់ខ្លួនបានឃើញនិងបានដឹងផងដែរ។ 

លើសពីនេះ នៅអំឡុងចុងព្រឹត្តិការណ៍អនឡាញពិសេស “PlayStation 5 Showcase” ក្រុមហ៊ុន Sony ក៏បានដាក់បង្ហាញពីរចនាបថរូបរាងផ្នែកខាងក្រោយរបស់ម៉ាស៊ីនហ្គេម PlayStation 5 និង PlayStation 5 Digital Edition ក៏ដូចជាបញ្ជាក់ប្រាប់ពីកាលបរិច្ឆេទដាក់លក់ និងតម្លៃដាក់លក់ជាផ្លូវការរបស់ពួកវាឲ្យមហាជនបានដឹងថែមទៀតផង។ ដោយសម្រាប់ទីផ្សារប្រទេសអាមេរិក, ជប៉ុន, កាណាដា, ម៉ិកស៊ិក, អូស្ត្រាលី, ញូហ្សេលឡែន និងកូរ៉េខាងត្បូង ម៉ាស៊ីនហ្គេមជំនាន់ថ្មីទាំង 2 នេះ នឹងត្រូវដាក់លក់ជាផ្លូវការ នៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2020 ជាមួយតម្លៃខ្ទង់ប្រហែលជា ២ លានរៀល (499.99 ដុល្លារ) សម្រាប់ PlayStation 5 និងតម្លៃខ្ទង់ប្រហែលជា ១ លាន ៦០ ម៉ឺនរៀល (399.99 ដុល្លារ) សម្រាប់ PlayStation 5 Digital Edition។ ខណៈដែលទីផ្សារប្រទេសផ្សេងទៀត PlayStation 5 និង PlayStation 5 Digital Edition នឹងត្រូវដាក់លក់ជាផ្លូវការ នៅថ្ងៃទី 19 ខែវិច្ឆិកាខាងមុខ។ 

ជាងនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺថាបន្ទាប់ពីបានដាក់ឲ្យកុម្ម៉ង់ទិញ PlayStation 5 និង PlayStation 5 Digital Edition ទុកមុន មិនបានប៉ុន្មានម៉ោងផង មានមនុស្សជាច្រើនលើកឡើងថា ម៉ាស៊ីនហ្គេមជំនាន់ថ្មីទាំង 2 នេះ ត្រូវបានគេកុម្ម៉ង់អស់ពីស្តុកតែម្តង។ ដូច្នេះវាជាសញ្ញាមួយដែលបង្ហាញឲ្យយើងដឹងមុនថា បើសិនជាយើងចង់ទិញយកម៉ាស៊ីនហ្គេមជំនាន់ថ្មីទាំង 2 នេះ នៅពេលដែលវាដាក់លក់ជាផ្លូវការជាលើកដំបូង ប្រហែលជាពិបាកនឹងរកទិញបន្តិចហើយ។

ដោយ​ ៖ Sony
អត្ថបទទាក់ទង