នាឡិកាឆ្លាតវៃ Apple Watch Series 6 បង្ហាញខ្លួនជាផ្លូវការហើយ និងមានជម្រើសពណ៌ថ្មីទៀតផង​
ដោយ​ ៖ គាលី | 1 សប្តាហ៍មុន SHARE

 

ខណៈពេលមុននេះបន្តិច Apple បានបញ្ចប់រាល់មន្ទិលសង្ស័យទាំងអស់ ដោយបានប្រកាសចេញសមិទ្ធផលថ្មីៗមួយចំនួន រួមមានទាំងនាឡិកាវៃឆ្លាត Apple Watch Series 6 ក៏ជាផលិតផលថ្មីធំមួយ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ពិសេស Apple Event យប់នេះដែរ។ អញ្ចឹង ដើម្បីកុំឲ្យប្រិយមិត្តរង់ចាំយូរ អាចធ្វើការស្វែងយល់ អំពីនាឡិកាឆ្លាតជំនាន់ថ្មីនេះ ថាតើវាមានលក្ខណៈប្លែក និងមានការអាប់ដេតច្រើនបែបណា តាមរយៈអត្ថបទខាងក្រោមបាន។

និយាយពីរូបរាងរបស់វាទៅមុន Apple Watch Series 6 ពុំសូវមានការផ្លាស់ប្ដូរច្រើន ពីជំនាន់មុនទេ ប៉ុន្តែ នៅក្នុងនោះ ក្រុមហ៊ុនបានណែនាំនូវ WatchOS ជំនាន់ទី 7 ជាមួយផ្ទៃប្រើប្រាស់ថ្មី កាន់តែងាយស្រួលមើល អាចផ្លាស់ប្ដូរផ្ទៃបង្ហាញបានច្រើន ដោយអាចធ្វើការកំណត់ដាក់រូបភាព Emoji ប្លែកៗ ឬជាប្រភេទទង់ជាតិ និងប្រើមុខងារបញ្ជាលើនោះ ក៏បានច្រើនដូចគ្នា។ Apple Watch ជំនាន់ថ្មីនេះ បង្ហាញខ្លួនមកជាមួយជម្រើស 2 ប្រភេទ គឺម៉ូឌែល GPS និងម៉ូឌែលប្រើស៊ីម LTE គួបផ្សំនឹងជម្រើសទំហំតួខ្លួន 40mm និង 44mm មានអេក្រង់ប្រភេទ Retina Display ដដែល ជាមួយមុខងារ Always-on Display ដំណើរការបានល្អប្រសើរ ភ្លឺជាងមុន 2.5 ដង។ 

ពីមួយស៊េរីទៅមួយស៊េរី Apple តែងតែកែច្នៃធើ្វឲ្យនាឡិកាឆ្លាតវៃរបស់ខ្លួន មានភាពលេចធ្លោ និងទាន់សម័យ ដោយភ្ជាប់មកនូវបច្ចេកវិទ្យាចុងក្រោយ និងមុខងារថ្មីៗ ដូចជាម៉ាស៊ីនខាងក្នុងរបស់ Apple Watch Series 6 នេះអញ្ចឹង បានប្រើប្រាស់បន្ទះឈីប S6 ជំនាន់ថ្មី អមដោយឈីបជំនួយ U1 Ultra Wideband ដែលក្រុមហ៊ុនអះអាងថា ល្បឿនដំណើរការរបស់វាលឿនជាងមុន។ លើសពីនេះ វាក៏មាន ECG Scanner ជាសេនស័រ ទុកសម្រាប់វាស់ស្ទង់សុខភាព ដូចជាស្វែងយល់ពីអាការៈ និងតាមដានសុខភាពរបស់អ្នកប្រើប្រាស់ ហើយក៏អាចយកវា ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតបានដែរ ប៉ុន្តែបច្ចុប្បន្ន វាមានប្រយោជន៍ សម្រាប់តែអ្នកប្រើនៅប្រទេសជឿនលឿនប៉ុណ្ណោះ។ បន្ថែមទៀតនោះ ជាមួយប្រព័ន្ធមីក្រូអេឡិចត្រូនិច នឹងជួយឲ្យមុខងារតាមដានសុខភាពសំខាន់ៗ រួមមានសេនស័រវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, រង្វាស់កាឡូរី និងជំហ៊ាននៃការដើរ ក៏ធ្វើការកាន់តែត្រឹមត្រូវល្អជាក់លាក់។ ចំណុចថ្មី គួរឲ្យកត់សម្គាល់ជាងនេះទៀត ដោយវាបានភ្ជាប់មកជាមួយសេនស័រវាស់កម្រិតអុកស៊ីសែនក្នុងឈាម និងមុខងារ Sleep Tracking ព្រមទាំងអាចសាកថ្មបានលឿនជាងមុន រហូតដល់ទៅ 20 ភាគរយ ក៏ដូចជាគាំទ្រ Wi-Fi 5 ថែមទៀតផង។ 

ជាចុងក្រោយ Apple នឹងដាក់លក់នាឡិកាឆ្លាតវៃជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី 18 ខែកញ្ញានេះតែម្តង ដោយទទួលបានជម្រើសពណ៌ថ្មីៗ ដូចជាពណ៌ខៀវ និងក្រហម រួមទាំងពណ៌ខ្មៅ និងពណ៌មាស គួបផ្សំប្រភេទខ្សែនាឡិកាស៊េរីថ្មី ឬហៅថា Solo Loop Band ជាមួយតម្លៃចាប់ពីខ្ទង់ ១ លាន ៥៩ ម៉ឺន ៦ ពាន់រៀល (399 ដុល្លារ) ឡើងទៅ សម្រាប់ម៉ូឌែលប្រើប្រាស់ GPS ប្រភេទអាលុយមីញ៉ូម មានទំហំ 40mm ប៉ុណ្ណោះ។ 

សរុបមក Apple Watch Series 6 ចេញឆ្នាំនេះ មានចំណុចល្អច្រើនជាងមុនគ្រាន់បើ ដោយបាន Upgraded បន្តិចបន្តួចប៉ុណ្ណោះ ដូចជាបង្កើនពន្លឺដល់មុខងារ Always-on Display ប្រើប្រាស់ឈីប S6 ជំនាន់ថ្មី ដំណើរការបានកាន់តែលឿន ស៊ីថ្មតិច ជាពិសេស បន្ថែមមុខងារវាស់កម្រិតអុកស៊ីសែនក្នុងឈាម,មុខងារ Sleep Tracking និងអាចសាកថ្មលឿនជាងមុន 20 ភាពរយ ព្រមទាំងទទួលបានជម្រើសពណ៌ថ្មីជាដើម។ រីឯផ្នែកតម្លៃ ក៏រក្សាថេរដូចមុន មានចាប់ពី 399 ដុល្លារឡើង ទៅតាមជម្រើសរបស់នាឡិកា។ 

ដោយ​ ៖ Apple
អត្ថបទទាក់ទង