iPad Air ជំនាន់ថ្មី ចេញជាផ្លូវការ មានរចនាបថរូបរាងថ្មី ប្រើឈីបលំដាប់កំពូល A14 Bionic ទំហំ 5nm និងអាចសាកថ្មល្បឿនលឿនកម្លាំង 20W​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

មិនខុសពីដំណឹងដែលយើងទទួលបានមែន ដោយកាលពីពេលអម្បាញ់មិញនេះ តាមរយៈព្រឹត្តិការណ៍អនឡាញពិសេស Time Flies ក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញ iPad Air ឆ្នាំ 2020 ជាផ្លូវការហើយ ហើយវាមានឈ្មោះជាផ្លូវការហៅថា iPad Air ជំនាន់ថ្មី។ បើមើលទៅលើ រចនាបថរូបរាងខាងក្រៅ យើងឃើញថា iPad Air ជំនាន់ថ្មីនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹង iPad Pro 11 អ៊ីញ ឆ្នាំ 2018 ច្រើន ដោយវាបានបំពាក់មកជាមួយអេក្រង់លាត មានគែមអេក្រង់ទាំង 4 ជ្រុងស្មើគ្នា ក៏ដូចជាមានស៊ុមព័ទ្ធជុំវិញមានលក្ខណៈសំប៉ែតផងដែរ

iPad Air ជំនាន់ថ្មី បានបំពាក់មកជាមួយអេក្រង់ទំហំ 10.9 អ៊ីញ ប្រភេទ Liquid Retina អាចបង្ហាញរូបភាពក្នុងកម្រិត 2360 x 1640 ភិចស៊ែល និងអាចគាំទ្របច្ចេកវិទ្យា True Tone ជាមួយកម្រិតទឹកពណ៌ P3 ក៏ដូចជាស្រោបដោយទឹកថ្នាំពិសេសការពារពីចំណាំងផ្លាតផងដែរ។ សម្រាប់ផ្នែកកាមេរ៉ា iPad Air ជំនាន់ថ្មី បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 7MP Aperture f/2.2 អាចថតវីដេអូក្នុងកម្រិត 1080P ជាមួយល្បឿន 60fps និងកាមេរ៉ាក្រោយ 1 គ្រាប់ ដូចគ្នា មានទំហំ 12MP Aperture f/1.8 អាចថតវីដេអូក្នុងកម្រិត 4K ជាមួយល្បឿន 60fps។ ចំពោះកម្លាំងម៉ាស៊ីនវិញ iPad Air ជំនាន់ថ្មី ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A14 Bionic ទំហំ 5nm មាន CPU ចំនួន 6 Core និង GPU ចំនួន 4 Cores ហើយបើប្រៀបធៀបជាមួយ​ iPad Air ជំនាន់មុន វាមានល្បឿន CPU លឿនជាងមុន 40% និងមានល្បឿន GPU លឿនជាងមុន 30%។ សម្រាប់ទំហំ RAM វិញ Apple មិនទាន់បញ្ជាក់ឲ្យយើងបានដឹងនោះ ដូច្នេះយើងមានតែរង់ចាំតាមដាននៅពេលក្រោយជាបន្តទៀត។

ក្រៅពីលក្ខណៈសម្បត្តិដែលបានរៀបរាប់ពីខាងលើនេះ iPad Air ជំនាន់ថ្មី ក៏បានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិពិសេសៗមួយចំនួនបន្ថែមទៀតផងដែរ ដោយក្នុងនោះរួមមានដូចជាបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ Touch ID បង្កប់ជាប់ជាមួយប៊ូតុង Power, រន្ធតភ្ជាប់ប្រភេទ USB-C, Speaker ជាប្រភេទ Stereo, កន្លែងសម្រាប់តភ្ជាប់ទៅកាន់ក្តារចុច Magic Keyboard និងអាចប្រើប្រាស់ជាមួយ Apple Pencil ជំនាន់ទី 2 ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 20W ថែមទៀតផង។ iPad Air ជំនាន់ថ្មី កើតមកជាមួយជាមួយជម្រើសអង្គផ្ទុកទិន្ន័យទំហំ 64/256GB ក៏ដូចជាជម្រើសពណ៌សរុបចំនួន 5 ដោយក្នុងនោះរួមមានដូចជា ពណ៌មាស, ទឹកប្រាក់, ប្រផេះ,បៃតង និងពណ៌ខៀវ ជាមួយតម្លៃដាក់លក់ចាប់ពីខ្ទង់ ២ លាន ៣៩ ម៉ឹន ៦ ពាន់រៀល (599 ដុល្លារ) ឡើងទៅ ហើយវានឹងដាក់លក់ជាផ្លូវការ នៅក្នុងអំឡុងខែតុលា ឆ្នាំ 2020 ខាងមុខនេះ។

ដោយ​ ៖ Apple
អត្ថបទទាក់ទង