Samsung បានប្រកាសចេញសេនស័រកាមេរ៉ាត្រកូល ISOCELL ថ្មីទំហំ 108MP, 64MP, 48MP និង 32MP ជាផ្លូវការ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ដូចយើងបានដឹងហើយថា 2 ឆ្នាំចុងក្រោយនេះ Samsung ក៏បានបង្ហាញមុខនៅក្នុងទីផ្សារសេនស័រកាមេរ៉ាដែរ ដោយក្នុងនោះ គេបានដាក់ចេញសេនស័រសំខាន់ៗ សម្រាប់ប្រើលើទូរសព្ទឆ្លាតដូចជា សេនស័រទំហំធំបំផុត 108MP ISOCELL HM1 ក៏ដូចជា 50MP ISOCELL GN1 ជាដើម។ ដោយឡែក នៅក្នុងពេលនេះ Samsung បានសម្រេចចិត្តប្រកាសចេញសេនស័រជំនាន់ថ្មីនៃត្រកូល ISOCELL នេះមកហើយ ប៉ុន្តែលើកនេះ មានដល់ទៅ 4 ប្រភេទតែម្ដង ដោយរួមមានដូចជាទំហំ 108MP, 64MP, 48MP និង 32MP នេះឯង កាន់តែនោះ គឺថាគេបានធ្វើឲ្យវាមានទំហំកាន់តែតូចជាងមុនទៀតផង។ 

មិនខុសទេ កាលពីពេលថ្មីៗនេះ Samsung បានប្រកាសចេញសេនស័រកាមេរ៉ាត្រកូល ISOCELL ជំនាន់ថ្មីរបស់ខ្លួនចំនួន 4 ម៉ូឌែលតែម្ដង ដែលមានដូចជា 108MP ISOCELL HM2, 64MP ISOCELL GW3, 48MP ISOCELL GM5 និង 32MP ISOCELL JD1 ហើយវាទាំងនេះ គឺសុទ្ធតែត្រូវបាន Samsung ធ្វើឡើងដោយប្រើប្រាស់បច្ចេកវិទ្យា ភិចសែលទំហំ 0.7µm ដោយគេអះអាងថា ភិចសែលដែលមានទំហំតូចនេះ វានឹងធ្វើឲ្យកាមេរ៉ានោះ កាន់តែមានសមត្ថភាពប្រសើរជាងមុន ជាពិសេសគឺធ្វើឲ្យទូរសព្ទឆ្លាតដែលបំពាក់វា មានកម្រាស់ស្ដើង មិនសូវលានចេញខ្លាំង ដូចកាមេរ៉ានាពេលបច្ចុប្បន្ននេះទេ។ មិនត្រឹមតែប៉ុណ្ណោះ សេនស័រថ្មីនេះ មានទំហំតូចជាងមុនប្រមាណជា 15% ចំណែកកម្ពស់របស់វាវិញ គឺទាបជាងមុន 10% ហើយដើម្បីប្រាកដបានថា ភិចសែលទំហំតូចជាងមុននោះ វានៅតែអាចចាប់យករូបភាពក្នុងគុណភាពខ្ពស់ដដែល Samsung ក៏បានប្រើប្រាស់បច្ចេកវិទ្យា ISOCELL Plus ដើម្បីឲ្យវាអាចរក្សាកម្រិតពន្លឺដែលទទួលបាន ជាមួយនឹងបច្ចេកវិទ្យាមួយទៀត ដែលគេហៅថា Smart-ISO ដើម្បីឲ្យវាអាចកែតម្រូវ ក៏ដូចជាប្រើប្រាស់ពន្លឺដែលទទួលបាននោះ យ៉ាងពេញលេញផងដែរ។ 

យ៉ាងណាក៏ដោយ ខាងលើនេះជាចំណុចពិសេសដូចគ្នា នៅលើសេនស័រថ្មីនីមួយៗរបស់ Samsung ហើយបើនិយាយពីចំណុចពិសេសរាងខ្លួនរបស់វាវិញគឺថា៖ សម្រាប់សេនស័រ 108MP ISOCELL HM2 ជាសេនស័របន្តជំនាន់របស់ 108MP ISOCELL HMX និង HM1 ប៉ុន្តែលើកនេះ គេបានធ្វើឲ្យវាប្រសើរជាងមុន ដោយមានមុខងារ Super PD សម្រាប់ជួយឲ្យមានភាពលឿន និងប្រសិទ្ធិភាពជាងមុន ទៅលើមុខងារ Autofocus ក៏ដូចជាភ្ជាប់មកជាមួយ 9-Pixel Binning កាន់តែពិសេសនោះ វាក៏មានសមត្ថភាពអាចគាំទ្រដល់ការថតវីដេអូកម្រិត 4K 120fps ទៀតផង។

•  សម្រាប់សេនស័រ 64MP ISOCELL GW3 គឺវាមានភ្ជាប់មកជាមួយ 4-Pixel Binning ក៏ដូចជាមានសមត្ថភាពថតវីដេអូ 4K ក្នុងល្បឿន 60fps ផងដែរ។

•  ចូលមកដល់សេនស័រ 48MP ISOCELL GM5 នេះវិញ ត្រូវបានគេរចនាឡើងសម្រាប់ប្រើជាលេន Ultra-Wide និង Telephotos ដោយមាន 4-Pixel Binning ហើយវាអាចគាំទ្រដល់ការថតវីដេអូកម្រិត 4K 60fps នៅក្នុងលក្ខណៈជាលេន Telephotos ក៏ដូចជាអាចឡើងដល់ 4K 120fps ក្នុងនាមជាលេន Ultra-Wide ទៀតផង។

•  សម្រាប់សេនស័រចុងក្រោយនេះវិញ វាមានសមត្ថភាពខ្សោយជាងគេ អាចនិយាយបានថា ត្រូវបានបង្កើតឡើងសម្រាប់ទូរសព្ទឆ្លាតកម្រិតមធ្យម ពោលគឺវាមាន 4-Pixel Binning ក៏ដូចជាអាចគាំទ្រជាមួយការថតវីដេអូកម្រិត 1080p ក្នុងល្បឿន 120fps។

អញ្ចឹងហើយទាំងនេះ ជាលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួន ដែលមាននៅលើសេនស័រកាមេរ៉ាជំនាន់ថ្មីរបស់ Samsung ទាំង 4 ខាងលើ ហើយសម្រាប់សេនស័រថ្មី 108MP ISOCELL HM2, 64MP ISOCELL GW3 និង 32MP ISOCELL JD1 ពេលនេះ ត្រូវបាន Samsung ចាប់ផ្តើមផលិតទ្រង់ទ្រាយធំហើយ ខណៈពេលដែលសេនស័រ 48MP ISOCELL GM5 នេះវិញ ពេលនេះគឺកំពុងស្ថិតក្នុងការសាកល្បងសិនប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាក៏ដោយ គេរំពឹងថា យើងអាចនឹងឃើញសេនស័រទាំងនេះ បង្ហាញខ្លួនលើទូរសព្ទឆ្លាត ចាប់ពីចុងឆ្នាំនេះទៅផងដែរ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង