អ្នកវិភាគល្បីមួយរូបនិយាយថា iPhone 12 Series នឹងមិនអាចគាំទ្រអេក្រង់ Refresh Rate 120Hz នោះទេ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

នៅអំឡុងឆមាសទី 2 ឆ្នាំ 2020 នេះ Apple អាចនឹងធ្វើការប្រកាសចេញ iPhone ជំនាន់ថ្មី ឬមនុស្សភាគច្រើនហៅថា iPhone 12 Series រហូតដល់ទៅ 4 ម៉ូឌែល ដោយក្នុងនោះរួមមានដូចជា iPhone 12 ទំហំ 5.4 អ៊ីញ, iPhone 12 Max ទំហំ 6.1 អ៊ីញ, iPhone 12 Pro ទំហំ 6.1 អ៊ីញ និង iPhone 12 Pro Max ទំហំ 6.7 អ៊ីញ។ ជាងនេះទៅទៀត តាមរយៈភស្តុតាងនិងរបាយការណ៍ជាច្រើនដែលយើងទទួលបានកន្លងមក ក៏បានបង្ហាញថា iPhone 12 Series អាចនឹងបង្ហាញខ្លួនមកជាមួយអេក្រង់ Refresh Rate 120Hz ថែមទៀតផង។ 

ប៉ុន្តែកាលពីម្សិលមិញនេះ តាមរយៈគណនីបណ្តាញសង្គម Twitter របស់ខ្លួន លោក Jon Prosser ដែលគេស្គាល់ថាជាកំពូលអ្នកចែកចាយព័ត៌មានបែកធ្លាយដ៏ល្បីឈ្មោះ បានបញ្ជាក់ឲ្យយើងដឹងថា iPhone 12 Series នឹងមិនបង្ហាញខ្លួនមកជាមួយអេក្រង់ Refresh Rate 120Hz នោះទេ។ អ្វីដែលធ្វើឲ្យយើងកាន់តែចាប់អារម្មណ៍ថែមទៀតនោះ គឺថានៅក្នុងថ្ងៃនេះ កំពូលអ្នកវិភាគដ៏ល្បីឈ្មោះ Ming-Chi Kuo ក៏បានរាយការណ៍មកថា iPhone 12 Series នឹងមិនអាចគាំទ្រអេក្រង់ Refresh Rate 120Hz ផងដែរ។ បន្ថែមពីនេះ ក៏មានប្រភពល្បីមួយចំនួនផ្សេងទៀត បានអះអាងដូចគ្នាជាមួយនឹងលោក Jon Prosser និង Ming-Chi Kuo ផងដែរ។ បើផ្អែកការបញ្ជាក់របស់លោក Ming-Chi Kuo បានធ្វើឲ្យយើងដឹងថា មូលហេតុដែលធ្វើឲ្យ Apple សម្រេចចិត្តមិនអនុញ្ញាតឲ្យ iPhone 12 Series អាចគាំទ្រអេក្រង់ Refresh Rate 120Hz ក៏ព្រោះតែពាក់ព័ន្ធទៅនឹងបញ្ហាថ្មតែម្តង។ 

ដូចដែលយើងបានដឹងហើយថា iPhone 12 Series ត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G អញ្ចឹងហើយពួកវាត្រូវការប្រើប្រាស់ថាមពលថ្មច្រើនជាងមុន ដូច្នេះបើសិនជាបើកឲ្យ iPhone 12 Series អាចគាំទ្រអេក្រង់ Refresh Rate 120Hz ទៀត ប្រាកដជាមានបញ្ហារឿងថាមពលថ្មច្បាស់ជាមិនខាន។ អញ្ចឹងសរុបមកវិញ មានន័យថា iPhone 12 Series អាចនឹងមានភាគរយច្រើនក្នុងការបង្ហាញខ្លួនមកជាមួយអេក្រង់ Refresh Rate 60Hz ដូចទៅនឹង iPhone ជំនាន់មុនៗដដែល។ ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ បើសិនជា iPhone 12 Series ពិតជាបង្ហាញខ្លួនមកជាមួយអេក្រង់ Refresh Rate 60Hz មែននោះ?

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង