ស្បែក ColorOS 11 ជំនាន់ថ្មីរបស់ OPPO បានចេញជាផ្លូវការ មានរចនាបថថ្មី និងបន្ថែមមុខងារពិសេសៗជាងមុន​
ដោយ​ ៖ គាលី | 2 សប្តាហ៍មុន SHARE

 

ដូចការរំពឹងទុកពិតមែន កាលពីយប់មិញនេះ OPPO បានធ្វើការប្រកាសចេញស្បែក UI ជំនាន់ថ្មីរបស់ខ្លួន ដើម្បីស្របនឹងប្រព័ន្ធប្រតិបតិ្តការ Android 11 ជាផ្លូវការហើយ។ ដោយស្បែក ColorOS 11 ជំនាន់ក្រោយនេះ អាចថាបានជាការលោតផ្លោះដ៏ធំមួយរបស់ OPPO ត្រូវបានកែប្រែច្រើន ឲ្យមើលទៅកាន់តែមានលក្ខណៈងាយស្រួលប្រើ និងមានដំណើរការរលូនល្អជាងមុន ព្រមទាំងទទួលបានរចនាបថប្លែកៗ ក៏ដូចជាជម្រើសបន្ថែមច្រើនទៀត សម្រាប់អ្នកប្រើប្រាស់។ 

ចាប់ផ្ដើមពីការឌីហ្សាញ យើងអាចឃើញបានថាផ្ទៃប្រើប្រាស់ នៅលើ ColorOS 11 ត្រូវបានច្នៃឡើង ឲ្យមានលក្ខណៈស្រាល និងសាមញ្ញជាងមុន ដែលស្រដៀងទៅនឹង Android ស្តុកដើម ហើយមុខងារពិសេស Dark Mode ក៏អនុញ្ញាតឲ្យកំណត់កម្រិត Level Contrast កាន់តែសំបូរបែប ដើម្បីងាយស្រួលមើល នាពេលយប់ងងឹត និងជួយសន្សំថ្មបានច្រើនមួយកម្រិតទៀត ជាពិសេស សម្រាប់ទូរសព្ទឆ្លាតប្រើប្រាស់អេក្រង់ប្រភេទ OLED តែម្តង។ ក្រៅពីនេះ ស្បែក ColorOS 11 ថែមទាំងបានភ្ជាប់មកនូវជម្រើសទម្រង់ម៉ូតរូបភាពជាច្រើន សម្រាប់ឲ្យយើងធ្វើការឌីហ្សាញតាមចិត្តចង់ ដើម្បីប្រើជាមួយមុខងារ Always-On Display នៅពេលអេក្រង់បិទចោល។ លើសពីនេះ ជាមួយមុខងារជំនាន់ថ្មី មានឈ្មោះហៅថា UI First 2.0 នឹងសន្យាធ្វើឲ្យសម្អាតរ៉េមបានល្អ និងរក្សាស្ថេរភាពឲ្យកម្រិត Frame-Rate របស់អេក្រង់ជាដើម។ OPPO ក៏បានអះអាងថា មុខងារ Super Power Saving Mode ត្រូវបានបន្ថែមសមត្ថភាព ជួយសន្សំសំចៃថាមពលថ្ម កាន់បានយូរជាងមុន រាល់ពេលបើកកម្មវិធីច្រើន អាចរហូតដល់ 6 កម្មវិធី ក្នុងពេលតែមួយ។  

កាន់តែពិសេសទៀតនោះ នៅលើ ColorOS 11 បានបន្ថែមមុខងារថ្មី FlexDrop ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការផ្លាស់ប្តូរទំហំរបស់កម្មវិធីទាំងឡាយណា ដែលអាចគាំទ្របាន ជាលក្ខណៈ Floating Window ឬក៏បង្រួមតូចជាងមុន ដើម្បីងាយស្រួលក្នុងការបើកកម្មវិធីច្រើនក្នុងពេលតែមួយ។ ចំណែកឯមុខងារ Gesture ថ្មីនេះវិញ គ្រាន់ប្រើម្រាមដៃ 3 អូសលើអេក្រង់ ក៏អាចបញ្ជាបើកមុខងារអ្វីមួយបានយ៉ាងលឿនផងដែរ។

ជាចុងក្រោយ OPPO បានផ្តល់សិទ្ធិឲ្យទូរសព្ទឆ្លាតម៉ូឌែលថ្មី ដែលស្ថិតក្នុងត្រកូល Find X2 Series ទទួលបានកំណែអាប់ដេត ColorOS 11 ផ្អែកលើ Android 11 ជំនាន់ Beta មុនគេបង្អស់ ចាប់ពីថ្ងៃនេះតទៅ ខណៈពេលដែលម៉ូឌែលផ្សេងៗ រួមមានដូចជា OPPO Reno3 Series, Reno4 Series, Reno 10X Zoom និងទូរសព្ទត្រកូល F/A របស់ OPPO ជាច្រើន នឹងអាចទទួលបានជំនាន់ Beta នាពេលក្រោយៗទៀត ដូចក្នុងកាលបរិច្ឆេទ ដែលបានកំណត់ក្នុងរូបភាពខាងក្រោមអញ្ចឹង។ 

ដោយ​ ៖ XDA
អត្ថបទទាក់ទង