Google មានគម្រោងលែងបញ្ចេញឧស្ម័នពុលទាំងស្រុង ឲ្យបានសម្រេចនៅអំឡុងឆ្នាំ 2030 ខាងមុខនេះ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

សេចក្ដីប្រកាសថ្មីរបស់ Google កាលពីពេលម្សិលមិញនេះ បានអះអាងឲ្យយើងដឹងថា ពួកគេសម្រេចបាននូវ ការប្រើប្រាស់ថាមពលកែច្នៃឡើងវិញដល់ 100% ក្នុងពេលបច្ចុប្បន្ននេះ ដោយរៀងរាល់ចំនួនឧស្ម័នកាបូនទាំងប៉ុន្មាន ដែលពួកគេបានបញ្ចេញលើផែនដី នឹងមានវិធីប៉ះប៉ូវជូនវិញទាំងស្រុង។ ចំណែកឯនៅក្នុងអំឡុងឆ្នាំ 2030 នោះពួកគេនឹងមានគម្រោង លែងបញ្ចេញឧស្ម័នពុលទាំងស្រុងតែម្ដង ដើម្បីជាការចូលរួមការពារធម្មជាតិ និងមូលហេតុនាំឲ្យមាន ការប្រែប្រួលអាកាសធាតុ ជាដើម។

ការសម្រេចគោលដៅសំខាន់នេះ បានធ្វើឲ្យ Google ក្លាយទៅជាក្រុមហ៊ុនបច្ចេកវិទ្យាធំដំបូងគេ ដែលប្រើប្រាស់ថាមពលកែច្នៃឡើងវិញទាំងស្រុងបាន និងឈានរហូតដល់លែងបញ្ចេញឧស្ម័នពុលសុទ្ធ នៅក្នុងរយៈពេលប្រមាណជាង 10 ឆ្នាំទៀតប៉ុណ្ណោះ។ ចំពោះការលែងបញ្ចេញឧស្ម័នពុលនេះ គឺចង់មានន័យថា រោងចក្ររបស់ Google ទាំងអស់នៅក្នុងឆ្នាំ 2030 នឹងត្រូវបានស្រូបយកថាមពលពី កង្ហារខ្យល់, ថាមពលពន្លឺព្រះអាទិត្យ ឬសូម្បីតែថាមពលនុយក្លេអ៊ែរ។ ក្រៅពីរោងចក្ររបស់ខ្លួនឯងហើយ Google ក៏បានលើកឡើងមកថា ក្រុមការងាររបស់ពួកគេក៏បានជួយទីក្រុងចំនួនជាង 3,000 កន្លែងជុំវិញពិភពលោក ទៅលើការតាមដាន ក៏ដូចជារួមចំណែកកាត់បន្ថយ ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតនៅទីនោះ និងកំពុងបន្ដពង្រីកគម្រោងថែមទៀត។

Google មិនមែនជាក្រុមហ៊ុនតែមួយនោះទេ ដែលមានគម្រោងជួយដល់ធម្មជាតិនេះ ដោយក្រុមហ៊ុន Apple ក៏បានសន្យាឈប់បញ្ចេញឧស្ម័នពុល 100% ចាប់ពីឆ្នាំ 2030 ផងដែរ។ នេះពិតជាដំណឹងដ៏ល្អមួយ ដែលមានក្រុមហ៊ុនធំៗ មកជួយថែរក្សាបរិស្ថានផែនដីយើង ជៀសជាងអំពើបញ្ចេញឧស្ម័នពុលខ្លាំងជាងគេ ហើយគិតឲ្យតែបង្កើតបានផលិតផលរបស់ពួកគេ ដើម្បីដាក់លក់យកចំណេញជាគោល។

ដោយ​ ៖ Google
អត្ថបទទាក់ទង