Sony បានប្រកាសចេញកាមេរ៉ាខ្នាតតូច Full-Frame Mirrorless ឈ្មោះ A7C ថ្មី ដែលមានតម្លៃខ្ទង់ 7 លាន 19 ម៉ឺនរៀល ឬ 1,799 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ដូចយើងបានដឹងហើយថា Sony គឺក្រុមហ៊ុនមួយ ដែលមានកេរ្តិ៍ឈ្មោះ លើផ្នែកកាមេរ៉ាមិនធម្មតានោះទេ ហើយថ្មីៗនេះ គេបានប្រកាសចេញកាមេរ៉ាខ្នាតតូចប្រភេទ Full-Frame Mirrorless មួយម៉ូឌែលទៀត ត្រូវបានគេហៅថា Sony A7C ឬ Alpha 7C ហើយវាមានភ្ជាប់មកជាមួយទំហំខ្លួនតូច ក៏ដូចជាមានទម្ងន់ស្រាលបំផុត មិនធ្លាប់មានពីមុនមកឡើយ បើប្រៀបទៅនឹងកាមេរ៉ាប្រភេទដូចគ្នានេះ។ ទន្ទឹមនឹងមានរូបរាងតូច វាក៏បានភ្ជាប់មកជាមួយលក្ខណៈសម្បត្តិផ្សេងទៀត គួរឲ្យចាប់អារម្មណ៍ដែរ ហើយយើងនឹងរៀបរាប់នៅខាងក្រោមនេះ។

បើនិយាយពីរូបរាងរបស់វា Sony Alpha 7C មានវិមាត្រ 124.0mm x 71.1mm x 59.7mm ជាមួយទម្ងន់ត្រឹម 509 ក្រាមប៉ុណ្ណោះ ហើយបើមើលទៅការរចនាវិញ គឺថាវាមានលក្ខណៈស្រដៀងគ្នាច្រើនទៅនឹង Sony A6400 ជាង A7 ដែលជាត្រកូលរបស់វាទៅទៀត។ សម្រាប់ផ្នែកខាងក្នុងវិញ គឺវាបានបំពាក់មកជាមួយសេនស័រ Full-Frame ទំហំ 24.2MP មានមុខងារទប់លំនឹងស្រាប់ ហើយក៏អាចគាំទ្រកម្រិត ISO ស្ដង់ដារដល់ 51,200 ចំណែកទៅលើសមត្ថភាពថតវីដេអូវិញ វាអាចថតបានក្នុងកម្រិត 4K / 30fps ឬ 1080p / 120fps ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ Sony ក៏បានអភិវឌ្ឍន៍លេនថ្មី សម្រាប់ប្រើជាមួយកាមេរ៉ាខាងលើនេះដែរ ដោយវាគឺជាលេន Zoom 28-60mm f4-5.6 មានប្រវែងត្រឹម 45mm ប៉ុណ្ណោះ ដូច្នេះបើទោះជាពេលដាក់លេនចូលក៏ដោយ ក៏វាធ្វើឲ្យអ្នកប្រើប្រាស់មើលទៅ មានទំហំតូចដដែល។ គួរបញ្ជាក់ដែរថា សម្រាប់ចំណុចផ្សេងទៀត គឺវាមានបំពាក់មកជាមួយរន្ធ USB-C, Wi-Fi, ក៏ដូចជាមានអេក្រង់ LCD 921,000-dot ទំហំ 3 អ៊ីញ ដែលអាចបង្វិលបត់បែនបានច្រើនមុំទៀតផង។

គួរបញ្ជាក់ដែរថា Sony A7C នេះត្រូវបាន Sony ដាក់លក់ក្នុងតម្លៃខ្ទង់ 7 លាន 19 ម៉ឺនរៀល ឬ 1,799 ដុល្លារ ដែលតម្លៃនេះគឺទាបជាង A7 III ដែលចេញកាលពីឆ្នាំ 2018 កន្លងទៅ ប្រមាណជា 200 ដុល្លារផងដែរ។ អញ្ចឹងហើយ ខាងលើនេះ ជាកាមេរ៉ាខ្នាតតូចប្រភេទ Full-Frame Mirrorless ម៉ូឌែលថ្មីរបស់ Sony ត្រូវបានគេហៅថា Sony A7C នេះឯង ហើយអ្វីដែលពិសេសនោះ គឺថាលើកនេះ វាមានទំហំកាន់តែតូច ថែមទាំងមានទម្ងន់ស្រាល ងាយស្រួលក្នុងការយកតាមខ្លួនតែម្ដង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង