ក្រុមអ្នកតារាវិទូបានប្រទះឃើញសារធាតុផូស្វ័រ នៅលើពពករបស់ភពសុក្រ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលមនុស្សលោកយើង បានខិតខំសិក្សាស្រាវជ្រាវ អំពីភពដទៃៗទៀត ទាំងក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង និងកាន់តែឆ្ងាយពីនោះផងដែរ ប៉ុន្ដែចំពោះសារពាង្គកាយ ឬសត្វមានជីវិតនានា ដូចជាភពផែនដីរបស់យើង នៅតែមិនទាន់រកឃើញដដែល។ រហូតមកដល់ពេលនេះ ក៏មានដំណឹងសាជាថ្មីម្ដងទៀតហើយថា ភពមួយនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ស្វែងរកឃើញមានផ្ទុកសារធាតុម្យ៉ាង ដែលជាហេតុនាំយកឲ្យ ក្រុមអ្នកតារាវិទូសង្ស័យថា ភពមួយនោះអាចមានសរីរាង្គមានជីវិតបាន។

ចំណែកឯភពមួយនោះគឺជាភពសុក្រ ដែលជាភពទីពីរនៅក្បែរព្រះអាទិត្យ មុនភពផែនដីរបស់យើងមួយកម្រិត ហើយត្រូវបានក្រុមអ្នកតារាវិទូ (ដឹកនាំដោយលោកស្រី Sara Seager) ប្រទះឃើញសារធាតុផូស្វ័រ ឬ PH3 នៅលើពពករបស់វា កាលពីពេលថ្មីៗកន្លងទៅនេះ។ ពួកគេទំនងជាប្រើប្រាស់កែវយឹតពិសេស ដែលបំពាក់មួយនឹងយន្ដអវកាស ដើម្បីទៅចាប់យកនៅក្បែរភពសុក្រនោះ ហើយទើបបញ្ចូនទិន្នន័យមកភពផែនដី សម្រាប់ធ្វើការបម្លែងមើលផងដែរ។

ដោយសារតែសារធាតុផូស្វ័រ ត្រូវបានផ្ដុំឡើងដោយអ៊ីដ្រូសែន ដូច្នេះហើយបានជាអ្នកតារាវិទូនិយាយប្រាប់ថា ពួកគេមានភាគរយមួយចំនួន អំពីសរីរាង្គមានជីវិតនៅភពសុក្រ ប៉ុន្ដែមិនទាន់ប្រាកដទាំងស្រុងនោះទេ។ យ៉ាងណាមិញ ក៏ព្រោះតែភពសុក្រ មានកម្ដៅក្ដៅខ្លាំងដល់ទៅ 462 អង្សាសេ និងស្ទើរតែគ្មានអុកស៊ីសែនផងនោះ បានជាអ្នកអវកាសមិនអាចចូលទៅជិត ឬចូលទៅស្វែងរកជីវិតផ្ទាល់ ជាដើម។

បើយោងតាមវិទ្យាសាស្រ្ដ នោះគឺថាមានតែសរីរាង្គមានជីវិតប៉ុណ្ណោះ ដែលអាចបង្កើតសារធាតុផូស្វ័របាន ហើយនៅពេលឥឡូវនេះ ក្រុមអ្នកតារាវិទូអាចរកឃើញវា នៅលើពពករបស់ភពសុក្រ ទើបធ្វើឲ្យមានសង្ឃឹមវិញថា នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ យើងមិនមែនឯកាតែឯងឡើយ។ ជាទូទៅ ក្រុមអ្នកវិទ្យាសាស្រ្ដ តែងតែចង់ស្វែងរកជីវិតនៅភពអង្គារ និងសូម្បីតែភពព្រះច័ន្ទ ប៉ុន្ដែនៅពេលទទួលបានដំណឹងថ្មីនេះ ប្រាកដជាអាចផ្លាស់ប្ដូរចិត្តរបស់ពួកគេ ហើយចែករំលែកក្រុមអ្នកវិទ្យាសាស្រ្ដ ឲ្យទៅផ្ដោតលើភពសុក្របន្ថែមទៀត ជាក់ជាមិនខាន។

ដោយ​ ៖ The New York TImes
អត្ថបទទាក់ទង