ទាំងនេះអាចជាលក្ខណៈសម្បត្តិកាមេរ៉ាមុខនិងក្រោយរបស់ Galaxy S21 Ultra​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាព័ត៌មាន ក៏ដូចជាដំណឹងបែកធ្លាយនិយាយពាក់ព័ន្ធទៅនឹងទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីស្ថិតនៅក្នុងត្រកូល S ដែលភាគច្រើនគេហៅថា S21 Series ត្រូវបានលេចឡើងមកជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ យើងទទួលបានរបាយការណ៍មួយរាយការណ៍មកថា Galaxy S21 Ultra អាចនឹងគាំទ្រប៊ិច S-Pen ដូចទៅនឹងទូរសព្ទឆ្លាតស្ថិតនៅក្នុងត្រកូល Note ផងដែរ។

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ SamMobile យើងទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត រាយការណ៍ដោយភ្នាក់ងារសារព័ត៌មានកូរ៉េ The Elec ដែលបង្ហាញឲ្យយើងដឹងថា ទូរសព្ទឆ្លាតលំដាប់កំពូល Galaxy S21 Ultra អាចនឹងបំពាក់មកជាមួយកាមេរ៉ាមុខមួយគ្រាប់ 1 ទំហំ 40MP និងកាមេរ៉ាក្រោយសរុបចំនួន 4 ដូចទៅនឹង Galaxy S20 Ultra អញ្ចឹងដែរ។ ជាងនេះទៅទៀត វាក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា ក្នុងចំណោមកាមេរ៉ាក្រោយ 4 គ្រាប់ របស់ Galaxy S21 Ultra មានមួយគ្រាប់គឺជាលេនគោលទំហំ 108MP, មួយគ្រាប់ជាលេនទូលាយ (Ultra Wide) ទំហំ 12MP, មួយគ្រាប់ទៀតជាលេនពង្រីក Telephoto មានសមត្ថភាពអាចពង្រីក Optical បាន 3 ដង និងមួយគ្រាប់ចុងក្រោយគេជាលេនពង្រីក Periscope មានសមត្ថភាពអាចពង្រីក Optical បានលើសពី 5 ដង។

តាមរយៈប្រភពខាងលើដដែលនេះ ក៏បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា Galaxy S21 Ultra ទំនងជានឹងមិនភ្ជាប់មកជាមួយសេនស័រ ToF ដូចទៅនឹងដំណឹងបែកធ្លាយដែលយើងទទួលបានកាលពីកន្លងពិតមែន។ លើសពីនេះ Galaxy S21 Ultra ក៏អាចនឹងមានភាគរយក្នុងការបង្ហាញខ្លួនមកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 60W ក៏ដូចជាកាមេរ៉ាបង្កប់ក្រោមអេក្រង់ថែមទៀតផង។

ដោយ​ ៖ The Elec
អត្ថបទទាក់ទង