HMD Global នឹងប្រកាសចេញទូរសព្ទឆ្លាត Nokia ម៉ូឌែលថ្មី នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី 22 កញ្ញាខាងមុខនេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

មិនខុសពីរាល់ឆ្នាំនោះទេ បច្ចុប្បន្ននេះ មានក្រុមហ៊ុនធំៗជាច្រើនបានចេញមុខ ធ្វើការបង្ហាញពីពេលវេលា ដែលគេនឹងបើកព្រឹត្តិការណ៍ប្រកាសចេញ ទូរសព្ទឆ្លាតម៉ូឌែលថ្មីៗរបស់ខ្លួន ជាក់ស្ដែងដូចមុននេះអញ្ចឹង យើងបានដឹងថា Google នឹងមានព្រឹត្តិការណ៍មួយ នៅក្នុងថ្ងៃទី 30 ខែកញ្ញានេះ។ ដោយឡែក នៅក្នុងពេលនេះ HMD Global ក៏បានបង្ហាញពីព្រឹត្តិការណ៍ប្រកាសចេញរបស់ខ្លួនដែរ ប៉ុន្តែមិនយូរដូច Google ឡើយ ពោលគឺគេនឹងធ្វើឡើងនៅថ្ងៃទី 22 ខាងមុខនេះ ដោយក្នុងនោះ នឹងមានបង្ហាញពីទូរសព្ទឆ្លាត Nokia ម៉ូឌែលថ្មីទៀតផង។

ជាការពិតណាស់ បើតាមការបង្ហោះនៅតាមបណ្ដាញសង្គម Twitter ចេញពីលោក Juho Sarvikas ដែលជា Chief Product Officer នៅ HMD Global បានបង្ហាញឲ្យដឹងពីពេលវេលា ដែលក្រុមហ៊ុននេះ នឹងបើកព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន ពោលគឺព្រឹត្តិការណ៍របស់គេនោះ នឹងធ្វើឡើងនៅថ្ងៃទៅ 22 ខែកញ្ញាខាងមុខនេះតែម្ដង ហើយនឹងត្រូវផ្សាយផ្ទាល់ចាប់ពីម៉ោង 11 យប់តទៅ សម្រាប់ម៉ោងក្នុងប្រទេសយើង។ គួរបញ្ជាក់ដែរថា នៅក្នុងការបង្ហោះនោះ មិនបានបង្ហើបទាក់ទងនឹង ទូរសព្ទឆ្លាតម៉ូឌែលណាមួយឡើយ ប៉ុន្តែគេគ្រាន់តែបញ្ជាក់ថា ព្រឹត្តិការណ៍នោះ គឺធ្វើឡើងដើម្បីប្រកាសចេញទូរសព្ទឆ្លាត Nokia ម៉ូឌែលហ្នឹងឯង។ យ៉ាងណាក៏ដោយ បើតាមការរំពឹងទុកចេញពីប្រភពផ្សេងៗបានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ខាងលើ HMD Global នឹងប្រកាសចេញទូរសព្ទឆ្លាតលំដាប់ថវិការបស់ Nokia ប៉ុណ្ណោះ ពោលគឺអាចមានដូចជា Nokia 7.3 និង Nokia 6.3 ផងដែរ។

សូមរំឮកដែរថា Nokia 6.3 ត្រូវបានគេរំពឹងថា នឹងក្លាយជាម៉ូឌែលលំដាប់បង្គួរ ដែលមានប្រើប្រាស់ឈីប Snapdragon 700 Series ក៏ដូចជាអាចមានកាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់ ហើយចំណែក Nokia 7.3 វិញត្រូវបានគេរំពឹងថា អាចនឹងក្លាយជាទូរសព្ទឆ្លាត 5G ទៀតផង។ អញ្ចឹងហើយ បើតាមការបង្ហាញខាងលើនេះ អាចបញ្ជាក់ម្ដងទៀតថា HMD Global នឹងបើកព្រឹត្តិការណ៍ប្រកាសចេញ ទូរសព្តឆ្លាតម៉ូឌែលថ្មីយីហោ Nokia នៅក្នុងថ្ងៃទី 22 ខាងមុខនេះ ប៉ុន្តែក្នុងនោះ គឺអាចមិនមែនជាទូរសព្ទឆ្លាតកំពូលឡើយ ពោលគឺអាចជាម៉ូឌែល 5G កម្រិតបង្គួរ និងម៉ូឌែលលំដាប់ថវិកាហ្នឹងឯង។

ដោយ​ ៖ Twitter (Juho Sarvikas)
អត្ថបទទាក់ទង